ឧត្តរ​មាន​ជ័យៈ​ បុគ្គលិក​ធនា​គារ​ស្ថាបនា​ម្នាក់​ត្រូវ​បាន​សាលាដំ​បូង​ខេត្ត​ឧត្តរ​មាន​ជ័យ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​កាល​ពី​ម្សិលមិញ​ បន្ទាប់​ពីកម្លាំង​​សមត្ថ​កិច្ច​​នគរ​បាល​ស្រុក​ត្រពាំង​ប្រាសាទ​ ចាប់​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​ ១៧ ខែ ​ឧសភា ​ឆ្នាំ ២០១៩ ពាក់​ព័ន្ធ​នឹងករណី​យក​លុយ​សំណង​របស់​អតិថិជន​សរុប​ជាង​ ១២ ​លាន​រៀល​ ដោយ​មិន​ព្រម​បង់​ចូល​ធនាគារ។

លោក​ អ៊ូ ចម្រើន​ អាយុ​ ៣១ ឆ្នាំ ជា​បុគ្គលិក​ផ្នែក​ឥណ​ទាន​នៃធ​នាគារ​ស្ថាប​នា​សាខា​ស្រុក​ត្រពាំង​ប្រា​សាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ ត្រូវ​បាន​ក្រុម​គណៈ​កម្ម​ការ​នាយក​ធនា​គារ​នៃ​សាខា​ខាង​លើ​នេះ​ ប្ដឹង​ចោទ​ប្រកាន់​ពី​បទ «រំលោភលើ​សេចក្ដី​ទុក​ចិត្ត» បន្ទាប់​ពី​រក​ឃើញ​ថា​គាត់​បាន​ដក​យក​លុយ​ចំនួន​ ១២​ ៣៥០ ​០០០​ រៀល ដែល​អតិថិ​ជន​​ចំនួន​ ៧ ​នាក់​បាន​បង់​រំលស់​សង​មក​ធនា​គារ​ទៅ​ចាយ​វាយ​ដោយ​គ្មាន​មូលហេតុ។

លោក​ ហ៊ែល ​ឆេង​ហុង ​ប្រធាន​លេខាធិ​ការ​ដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា ជនជាប់​ចោទ​ឈ្មោះ អ៊ូ ចម្រើន ត្រូវ​បាន​លោក ស៊ឹម ពិចិត្រ ​​ចៅក្រម​ស៊ើប​សួរ​ក្នុង​សំណុំរឿង​នេះ សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន នៅ ថ្ងៃ ចន្ទ (ម្សិលមិញ) បន្ទា​ប់ពី​ជនសង្ស័យ​ខាង​លើ​នេះត្រូវ​បាន​លោក គង់ រតនា តំណាង​អយ្យការអម​សាលាដំបូង​ខេត្ត​សម្រេច​​ចោទ​ប្រកាន់​ពីបទ «រំលោភ​លើទំ​នុកចិត្ត» តាម​បញ្ញត្តិ​មាត្រា​ ៣៩១ ​និង​ ៣៩២ ​នៃ​ក្រម​ព្រហ្មទណ្ឌ។

យោង​តាម​មាត្រា​ ៣៩២ ​លោក អ៊ូ ចម្រើន ដែល​ជាជ​នជា​ប់​ចោទក្នុង​សំណុំ​រឿង​នេះនឹង​ត្រូវ​ប្រឈម​នឹងការ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគារ​ពី ៦ ខែ​ទៅ​ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ​លាន​រៀល​ទៅ​ ៦ លានរៀល។

លោក ​ទឹម វណ្ណឌី ប្រធាន​កា​រិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋា​ន​នគរបាល​ខេត្ត​ឧត្តរមា​នជ័យបាន​ប្រាប់​ភ្នំ​ពេញ​​​ប៉ុស្តិ៍​​ដែរថា៖ «នៅ​ពេល​នេះ ជន​ជាប់​ចោទ ​ត្រូវ​បាន​​នាំ​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារខេ​ត្តឧ​ត្ត​រមា​ន​ជ័យ​ដើម្បីរង់​ចាំ​ការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ក្រោយ»​។

បើតា​មលោក​ វណ្ណឌី មុន​ពេល​សម្រេច​កសា​ង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ ​មន្ត្រី​ជំនាញ​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃស្ន​ង​ការ​ដ្ឋា​ននគ​របាល​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ព្យាយា​ម​សម្រុះ​សម្រួល​ភា​គីទាំងស​ងខាង​ ប៉ុន្តែ​លោក​ អ៊ូ ចម្រើន ដែល​ជាភា​គី​ចុ​ង​ចម្លើយ ​ក្រៅ​ពីសារ​ភាព​ថា​ខ្លួនពិ​ត​ជាបា​នយក​លុយ​ជាង​ ១២ លាន​​រៀល​ទៅចា​យវាយ​និង​ចាញ់​ការ​ភ្នាល់​ល្បែង​អស់​នោះ ​មិន​បាន​បង្ហាញ​ការ​តាំងចិត្ត​ណាមួយ​ក្នុង​ការ​រក​ប្រាក់​សង​បំណុល​ទៅ​ឲ្យភាគី​​ធនាគារ​វិញ​ឡើយ៕