ត្បូងឃ្មុំៈ អតីតអនុប្រធានគណៈកម្មការប្រតិបត្តិនៃអតីតគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំឈ្មោះ ស៊ូ យាន ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងខេត្តនេះចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកាលពីម្សិលមិញ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងការប្រមាថលោកហ៊ុន សែន និងអ្នកគាំទ្រលោក។
លោក ប្រាក់ ប៊ុនណុន ស្នងការរងផ្នែកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងកាលពីម្សិលមិញថា លោកបានចាប់ខ្លួនឈ្មោះ ស៊ូ យាន តាមដីកាកាលពីថ្ងៃចន្ទនិងបានបញ្ជូនទៅសាលាដំបូងខេត្ត។ លោកបានថ្លែងថា សាលាដំបូងខេត្តបានសម្រេចឃុំខ្លួនឈ្មោះ ស៊ូ យាន កាលពីរសៀលម្សិលមិញ។
តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ លោក ឡុង ហុកម៉េង ឈ្មោះ ស៊ូ យាន បានរងបណ្ដឹងព្រហ្មទណ្ឌករណី ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយផ្អែកតាមគណនីហ្វេសប៊ុក ឈ្មោះ Su Yean ដែលបានបង្ហោះកាលពីថ្ងៃទី ២០ ខែ មេសា។
តាមដីកាដដែលបញ្ជាក់ថា ស៊ូ យាន មានអាយុ ៤៥ រស់នៅភូមិប្រីយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក សេង ស៊ាងលី អតីតប្រធានប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំបានឲ្យដឹងពីម្សិលមិញថា លោកមិនបានដឹងពីមូលហេតុនៃការចាប់ខ្លួននេះទេ ប៉ុន្តែលោកថា ស៊ូ យាន ធ្លាប់ជាអនុប្រធានគណៈកម្មការប្រតិបត្តិនៃអតីតគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ។
យោងតាមសាររបស់ ស៊ូ យាន ដែលត្រូវបានចែកចាយនៅលើហ្វេសប៊ុកជាច្រើនបានលើកឡើងពីការសន្យារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចជា រឿងសន្យាការពារព្រៃឈើ បំបាត់អំពើពុករលួយជាដើម។ ប៉ុន្តែលើសពីនេះទៀត ស៊ូ យាន បានប្រើពាក្យថា៖ «ហ៊ុន សែន ខ្វាក់ភ្នែកតែម្ខាងទេ ចំណែកអ្នកគាំទ្រ ហ៊ុន សែន ខ្វាក់ភ្នែកទាំងសង្ខាង [សងខាង] ថែមថ្លង់ទៀត»។
ការសរសេរបែបនេះ បានធ្វើឲ្យមានការខឹងសម្បាពីសំណាក់អ្នកគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្នុងនោះមាន លោក ប៉ាន់ខែម ប៊ុនថន ផងដែរ ដែលជានាយករងខុទ្ទកាល័យរបស់លោក ហ៊ុន សេន និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព។
លោក ប៊ុនថន បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា៖ «ខ្ញុំបានឃើញសារចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃសៅរ៍កន្លងទៅ ហើយវាហួសហេតុពេក»។
លោកបន្តថា៖ «ក្នុងនាមពួកខ្ញុំប្រជាជនខ្មែរទាំងអស់ដែលគាំទ្រការដឹកនាំរបស់សម្ដេចជាង ៤០ ឆ្នាំ យើងទ្រាំបានទេភាសាហ្នឹង?ព្រោះខ្ញុំមនុស្សល្អជាតើ។ ការប្រមាថនេះមិនមែនប្រមាថខ្ញុំតែម្នាក់ឯងទេគឺប្រមាថអ្នកគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ អ៊ីចឹងក្នុងនាមខ្ញុំតំណាងអ្នកគាំទ្រសម្ដេច ខ្ញុំសុំចេញមុខប្ដឹងតែម្ដង»។
លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលា-ដំបូងខេត្តត្បូងឃ្មុំបានថ្លែងកាលពីម្សិលមិញថា លោកបានចោទប្រកាន់ឈ្មោះ ស៊ូ យាន ជាផ្លូវការពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប៉ុន្តែលោកបដិសេធអត្ថាធិប្បាយ៕