បាត់ដំបង/សៀមរាបៈ អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​បាន​សម្រេច​ចោទប្រកាន់​លើ​អ្នកគាំទ្រ​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី ចំនួន​ ២ ​នាក់​ ពីបទ​​ «​រួមគំនិត​ក្បត់​» ខណៈ​ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​អ្នកគាំទ្រ​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី ​ម្នាក់​ពីបទ​ «​រួមគំនិត​ក្បត់​» ​ដូចគ្នា​នេះ​។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​ ១៤ ​ខែ​ តុលា​ បាន​ឲ្យ​ដឹងថា អយ្យការ​អម​សាលាដំបូង ខេត្ត​បាត់ដំបង​បាន​ចោទប្រកាន់​ឈ្មោះ សួន ចំរើន ភេទ​ប្រុស អាយុ ៣៩ ​ឆ្នាំ និង​ឈ្មោះ ផុង សុជាតិ ភេទ​ប្រុស អាយុ​ ៤៦ ឆ្នាំ រួមទាំង​គូកន​ផ្សេងទៀត​ពី​បទ «​រួម​ក្បត់​» ​តាម​មាត្រា​ ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​កាលពី​ថ្ងៃទី ១៤ ខែ​ តុលា ឆ្នាំ​ ២០១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា​៖ «​ការចោទប្រកាន់​ខាងលើ​គឺ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ឈ្មោះ សួន ចំរើន​, ឈ្មោះ ផុង សុជាតិ ព្រមទាំង​គូកន ដែល​បាន​កៀរគរ និង​បំផុស​ឲ្យ​មហាជន​ចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ឧបាយកល ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន​ សម រង្ស៊ី ដោយ​អនុវត្តតាម​ការអំពាវនាវ​របស់​ឧក្រិដ្ឋជន​ សម រង្ស៊ី និង​គូកន​»​។

អ្នក​នាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា​ឈ្មោះ សួន ចំរើន​, ឈ្មោះ ផុង សុជាតិ ​ព្រម​ទាំង​គូកន​បាន​កៀរគរ បំផុស​ប្រជាពលរដ្ឋ និង​មាន​ផែនការ​ដឹកនាំ​ក្រុម​របស់​ខ្លួន​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​ ៩ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ ខាងមុខ​ហើយ​ថា​អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាម​ច្បាប់​ពី​បទ​ «​រួមគំនិត​ក្បត់​» ដែល​អាច​មាន​ជាប់ពន្ធនាគារ​ពី​ ៥ (​ប្រាំ​) ​ឆ្នាំ​ទៅ​ ១០ (​ដប់​) ​ឆ្នាំ តាម​មាត្រា ៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។

ជាមួយ​គ្នា​នេះ​ដែរ​អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ដែរ​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង ខេត្ត​សៀមរាប​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ជិន សុខង៉េង ភេទ​ប្រុស អាយុ​ ២៨ ​ឆ្នាំ​ កាលពី​ថ្ងៃទី​ ១៤ ខែ​ តុលា ឆ្នាំ ២០១៩ ​ពី​បទ «​រួមគំនិត​ក្បត់​» ដោយ​យោង​តាម​បញ្ញត្តិ​មាត្រា ៤៥៣ ​នៃ​ក្រមព្រហ្មទណ្ឌ​។

អ្នកស្រី​ សេង សុខន ​អ្នកគាំទ្រ​លោក​ សម រង្ស៊ី ត្រូវ​បាន​ចាប់ខ្លួន​។ រូបថត សហការី

អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​បាន​បញ្ជាក់​ថា​៖ «​ជន​ត្រូវ​ចោទ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប​ចោទប្រកាន់​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​កាលពី​ថ្ងៃទី ១៤ ខែ​ តុលា ឆ្នាំ​ ២០១៩ ​ពី​បទ​រួមគំនិត​ក្បត់​ដោយ​យោងតាម​បញ្ញត្តិ​មាត្រា​ ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​»​។

អ្នកនាំពាក្យ​បាន​បន្តថា​៖ «​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ "​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​” ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ក្រោម​ឧបាយកល​ជា​ផែនការ​នៃ​ការវិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន​ សម រង្ស៊ី ​ដោយ​មាន​ការ​អំពាវនាវ និង​ប្រើ​ថវិកា​ប៉ុនប៉ង​បង្កើត​កងកម្លាំង ឧទ្ទាម​ប្រដាប់​អាវុធ​ខុសច្បាប់​ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ​»​។

ទន្ទឹម​នឹង​នេះ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ការពារ​នូវ​បទបញ្ជា​របស់​លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ដែល​បាន​ណែនាំ​ដល់​មេបញ្ជាការ​មេបញ្ជាការរង និង​ពលទាហាន កងពលតូច​លេខ​ ៧០ ក៏ដូចជា​កងទ័ព​ទាំងអស់​ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ចាត់វិធានការ​ចំពោះ​លោក សម រង្ស៊ី និង​បក្ខពួក​ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់​។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​លើកឡើង​ថា​កងយោធពល​ខេមរភូមិន្ទ​មាន​តួនាទី​ដូចដែល​បានចែង​ក្នុង​រដ្ន​ធម្មនុញ្ញ​គឺ​ការពារជាតិ សាសនា និង​ព្រះមហាក្សត្រ​។ ដូច្នេះ​ប្រសាសន៍ និង​បទបញ្ជា​របស់​លោក​ ទៀ បាញ់ ​កាលពី​ថ្ងៃទី​ ១៤ ខែ​ តុលា ឆ្នាំ​ ២០១៩ ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​ ២៥ ​ឆ្នាំ​នៃ​ការបង្កើត​កងពល​តូច​លេខ​ ៧០ គឺជា​បទបញ្ជា​ «​ដ៏ត្រឹមត្រូវ​បំផុត​» ដែល​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​តែ​អនុវត្ត​ជា​ដាច់ខាត​ពីព្រោះ​បញ្ហា​នេះ​ទាក់ទង​ទៅនឹង​សន្តិសុខ សន្តិភាព​ស្ថិរភាព​ទាំង​សេដ្ឋកិច្ច នយោបាយ​ និង​ការអភិវឌ្ឍ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​ក៏ប៉ុន្តែ​បើសិន​ជា​មាន​វិវាទ​នយោបាយ​រវាង​គណបក្ស​នយោបាយ​ និង​គណបក្ស​នយោបាយ​កងយោធពល​ខេមរភូមិន្ទ រក្សា​ជំហរ​អព្យាក្រឹតភាព​របស់​ខ្លួន​។

ផ្ទុយទៅវិញ​ទង្វើ​ប៉ុនប៉ង​របស់​ជន​ក្បត់ជាតិ​ សម រង្ស៊ី​ និង​បក្ខពួក​របស់​ខ្លួន​តម្រូវ​ឱ្យ​កងយោធពល​ខេមរភូមិន្ទ​មិន​អាច​អត់ឱន​ឱ្យ​បាន​ជាដាច់ខាត ពីព្រោះ​ក្រុម​អគតិ​ទាំងនោះ​ដែល​មាន​ទណ្ឌិត សម រង្ស៊ី ជា​មេខ្លោង​ត្រូវ​បាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ចោទ​ពី​បទ​ឧបឃាត​កាលពី​ថ្ងៃទី ១៩ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ កន្លង​ទៅ​នេះ​»​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ទៀត​ថា ក្នុង​បរិបទ​នេះ​កងយោធពល​ខេមរភូមិន្ទ​ត្រូវតែ​មាន​កាតព្វកិច្ច​ពេញលេញ​ដើម្បី​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រប់​ទម្រង់​ទាំងអស់​។

ក៏​ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ អតីត​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ថា​ការចោទប្រកាន់​ និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​អ្នកគាំទ្រ​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី របស់​សមត្ថកិច្ច​គឺ​ដោយសារ​តែ​រាជរដ្ឋាភិបាល​មាន​ការព្រួយបារម្ភ​ខ្លាំង​ដែល​ថា​ការវិលត្រឡប់​របស់​លោក​ សម រង្ស៊ី គឺជា​ការ​មក​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។

លោក​បញ្ជាក់​ថា​៖ «​វា​ជា​ការប្រតិកម្ម​មួយ​ដែល​ហួសហេតុ ហើយ​បើ​នៅតែ​បន្ត​ចាប់ខ្លួន​រហូត​បែប​នេះ​នឹង​បង្ក​ឲ្យ​មាន​ការរំលោភសិទ្ធិ​មនុស្ស​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​ហើយ​ការ​នេះ​នឹង​មិន​ចំណេញ​ដល់​ប្រទេស​កម្ពុជា​ទេ បើ​ខ្លួន​នៅ​តែ​បន្ត​ការចាប់​ខ្លួន​បែប​ហ្នឹង​»​។

យ៉ាងណាក្តី​កាលពី​ថ្ងៃទី​ ១៣ ខែ​ តុលា​ លោក​ឧត្តមសេនីយ៍ ឯក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​មាន​កាតព្វកិច្ច​ធ្វើការ​ទប់ស្កាត់ និង​ចាប់ខ្លួន​ជន​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ចាប់​តាំងពី​មាន​ការប្រកាស​ធ្វើ​រដ្ឋប្រហារ​របស់​លោក សម រង្ស៊ី មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកគាំទ្រ​ផែនការ​រដ្ឋប្រហារ​របស់​លោក​ សម រង្ស៊ី ​ចំនួន ៤០ នាក់ និង​មាន​អ្នកគាំទ្រ​ផែនការ​រដ្ឋប្រហារ​របស់​លោក សម រង្ស៊ី ៣ ​នាក់​ បាន​ចូល​សារភាព​៕