ស្វាយរៀងៈ ប្រពលរដ្ឋទំនាស់ដីធ្លីចំនួន ៤ នាក់តំណាងពលរដ្ឋ ៤៤០ គ្រួសារ រស់នៅឃុំអំពិល ស្រុករមាសហែកនៅថ្ងៃទី ១៧ ខែកញ្ញាបានចូលខ្លួនតតាំងក្តីក្នុងសវនាការនៅសាលាដំបូងខេត្តស្វាយរៀងជុំវិញបទចោទធ្វើឲ្យខូចដោយអចេតនា និងរំលោភកាន់កាប់ដីឯកជនរបស់រដ្ឋដែលការចោទប្រកាន់នេះត្រូវបានចុងចោទច្រានចោល និងថាជារឿងមិនពិត។
ពាក់ព័ន្ធនឹងជម្លោះដីធ្លីឈានដល់ការប្តឹងគ្នានេះ អ្នកឃ្លាំមើលរំពឹងថា តុលាការនឹងទម្លាក់ចោលបទចោទប្រកាន់នេះ និងស្នើឱ្យអាជ្ញាធរជួយដោះស្រាយបញ្ចប់ជម្លោះ។
ក្នុងអំឡុងពេលពលរដ្ឋទាំង ៤ នាក់កំពុងបំភ្លឺក្នុងសវនាការ ពលរដ្ឋសហគមន៍ប្រមាណ ១០០ នាក់ដែលតំណាងឲ្យជាង ៤៤០ គ្រួសារនាំគ្នាទៅតវ៉ានៅមុខសាលាដំបូងខេត្តស្វាយរៀង។ ពលរដ្ឋទាំងនោះទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់តំណាងរបស់ពួកគេ ក្រោយពីក្រុមហ៊ុនឯកជនមួយបានប្ដឹងពីបទ «ធ្វើឲ្យខូចដោយអចេតនា និងរំលោភកាន់កាប់ដីឯកជនរបស់រដ្ឋ»។
តំណាងសហគមន៍ ៤ នាក់ដែលត្រូវក្រុមហ៊ុនប្ដឹងនោះរួមមាន អ្នកស្រី ខៀវ សារ៉ុន អ្នកស្រី ម៉ន ស៊ីណា លោក ធឿន វ៉េង និងលោក សំ វឿន។ ប៉ុន្ដែលោក ធឿន វ៉េង មិនមានវត្តមានក្នុងបន្ទប់សវនាការតតាំងក្ដីនោះទេ ដោយលោកបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។
តំណាងពលរដ្ឋម្នាក់ក្នុងចំណោម ៤ នាក់អ្នកស្រី ខៀវ សារ៉ុន ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា តុលាការបានសាកសួរអ្នកស្រី និងតំណាងពលរដ្ឋ ២ នាក់ផ្សេងទៀតជាច្រើនសំណួរជុំវិញវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន អ៊ិនខេ វេនឈ័រ (N-K Venture) ដែលទទួលសិទ្ធិវិនិយោគដាំអំពៅលើដីរដ្ឋទំហំ ៦៧០ ហិកតា ស្ថិតនៅភូមិស្រែឫស្សី ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
អ្នកស្រីបន្តថាពួកគាត់ទាំង ៤ នាក់ មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់ភាគីក្រុមហ៊ុននោះទេ។ អ្នកស្រីបញ្ជាក់ថាកាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៧ អ្នកភូមិបានប្រារព្ធពិធីបុណ្យឡើងអ្នកតា ភ្លាមៗនោះមានសមត្ថកិច្ចប្រមាណជិត ២០ នាក់ បាននាំគ្នាមករុះរើអីវ៉ាន់ក្នុងពិធីបុណ្យនោះ ហើយក៏ដាំបង្គោលរបងនៅលើដីពលរដ្ឋក្នុងតំបន់ជម្លោះនោះ។
ក្រោយមកប្រជាពលរដ្ឋនាំគ្នាទៅតវ៉ា និងដកបង្គោលរបងនោះចំនួន ៨ ដើមទើបក្រុមហ៊ុនបានដាក់ពាក្យប្ដឹង ដោយដាក់ក្នុងពាក្យបណ្ដឹងថា ប្រជាពលរដ្ឋបានដកបង្គោលរបងរបស់ក្រុមហ៊ុនចំនួន ១០០ ដើម។
អ្នកស្រី សារ៉ុន បន្ថែមថា៖ «ខ្ញុំសូមឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើពួកខ្ញុំ ហើយខ្ញុំក៏សុំឲ្យប្រមុខរដ្ឋាភិបាលជួយដោះស្រាយដីធ្លីឲ្យពួកខ្ញុំ ដោយចុះមកមើលថា តើពួកខ្ញុំវេទនាយ៉ាងណា។ កុំឲ្យពួកគាត់ជឿតែអាជ្ញាធរនៅថ្នាក់ក្រោមហ្នឹងពេកគឺពួកខ្ញុំទាមទារដីដែលបាត់ទាំងប៉ុន្មាននោះមកវិញ»។
លោក ទេព ផល្លា អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀងពីម្សិលមិញ បដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីនេះដោយលោកអះអាងថា កំពុងជាប់រវល់មិនអាចនិយាយទូរស័ព្ទបានទេ។
ក្រោយសាកសួររយៈពេលជិត ២ ម៉ោងលោក សុវណ្ណ ច័ន្ទគ្រឹស្នា ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការខេត្តស្វាយរៀងនឹងប្រកាសសាលក្រមលើសំណុំរឿងនេះនៅថ្ងៃទី ៩ ខែតុលាក្រោយពីបញ្ចប់សវនាការពេញសេចក្ដីនៅថ្ងៃទី ១៧ កញ្ញា។
លោកស្រី កែវ សម្ផស្ស តំណាងក្រុមហ៊ុន អ៊ិន.ខេ វេនឈ័រ (N-K Venture) ពីម្សិលមិញមិនទាន់ស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
លោក នុត បូពិណ្ណារ័ត្ន មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស (លីកាដូ) ប្រចាំខេត្តស្វាយរៀងថ្លែងថា ការប្ដឹងតំណាងសហគមន៍ទៅតុលាការ គឺជាការបំបាក់ស្មារតីអ្នកតវ៉ា។ ប៉ុន្ដែលោកថាតាមការសង្កេត បើទោះជាយ៉ាងណាក៏ប្រជាពលរដ្ឋនៅតែបន្តការតវ៉ារកដំណោះស្រាយពីអាជ្ញាធរ និងបណ្ដាក្រសួងនានាក្នុងរាជធានីភ្នំពេញដែរ។
លោករំពឹងថាតុលាការខេត្តស្វាយរៀងនឹងទម្លាក់ចោលបទចោទប្រកាន់លើកសិករទាំង ៤ នាក់។ លោកថ្លែងថា៖ «តាងនាមខ្ញុំជាសង្គមស៊ីវិល គឺសំណូមពរខាងចៅក្រម ខាងតុលាការ ទម្លាក់ចោលបទចោទពួកគាត់ទៅ។ កុំឲ្យមានការចោទប្រកាន់ពួកគាត់អីទៀត។ ពេលទម្លាក់ចោលបទចោទហ្នឹងហើយពាក់ព័ន្ធនឹងរឿងដីធ្វើម៉េចឲ្យខាងមន្ទីរ ឬក្រសួងកសិកម្មអីហ្នឹង ឬក៏រដ្ឋាភិបាលធ្វើការរកដំណោះស្រាយមួយណាឲ្យពួកគាត់តាមលទ្ធភាពជាក់ស្ដែង»។
បើតាមអ្នកស្រី ខៀវ សារ៉ុន បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង ៤៤០ គ្រួសារបានប្រកបរបរធ្វើស្រែចម្ការលើផ្ទៃដី ៦៧០ ហិកតាស្ថិតនៅក្នុងឃុំអំពិល ស្រុករមាសហែកនោះជាធម្មតាចាប់ពីឆ្នាំ ១៩៨២ រហូតមក។ ប៉ុន្ដែមិនមានប័ណ្ណសម្គាល់កម្មសិទិ្ធ (ប្លង់រឹង) ទេ។ ប៉ុន្តែរហូតមកដល់ឆ្នាំ ២០១០ ស្រាប់តែមានក្រុមហ៊ុនឥណ្ឌាឈ្មោះអ៊ិនខេ វេនឈ័រ (N-K Venture) ចូលមកឈូសឆាយបំផ្លាញផលដំណាំអ្នកភូមិលើដី ៦៧០ ហិកតានោះ ដោយបានអះអាងថា ទទួលបានសិទ្ធិអភិវឌ្ឍន៍លើដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល។ ក្រោយមកទៀតក្រុមហ៊ុននេះបានផ្ទេរសិទ្ធិគ្រប់គ្រងទៅឲ្យក្រុមហ៊ុនថ្មីមួយទៀត (មិនស្គាល់អត្តសញ្ញាណ) ដោយបានប្ដឹងប្រជាពលរដ្ឋ និងធ្វើការដាំដុះដំណាំពេញដីកំពុងមានទំនាស់នេះ៕