ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​បណ្ដឹង​បរិហារកេរ្តិ៍ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្តឹង​ម្ចាស់​កាសែត Cambodia Daily បន្ទាប់ពី​កាសែត​នេះ​ត្រូវ​បាន​បិទទ្វារ​ដ៏ចម្រូង​ចម្រាស​។ ប៉ុន្តែ​សវនាការ​បាន​ផ្អាក​រង់ចាំ​ឯកសារ​បកប្រែ​បន្ថែម ហើយ​នឹង​បន្ត​នៅ​ថ្ងៃទី​ ១២ មេសា​។

សំណុំ​រឿង​បរិហារកេរ្តិ៍​នេះ​ត្រូវ​បាន​ប្តឹង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ តំណាង​ដោយ​លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្តឹង​លោកស្រី Deborah Krisher Steele ម្ចាស់​កាសែត Cambodia Daily​។

បណ្ដឹង​នេះ ពាក់ព័ន្ធ​នឹង​ការលើក​ឡើង​របស់​លោកស្រី Deborah ដែល​បាន​និយាយ​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើឲ្យ​បែកធ្លាយ​ឯកសារ​ពាក់ព័ន្ធ​ប្រាក់​ពន្ធ​ដែល​កាសែត Cambodia Daily ត្រូវ​បង់​គឺ​មាន​ចំនួន​សរុប​ជាង ៦ លាន​ដុល្លារ​បូក​ទាំង​ការពិន័យ​ថយ​ក្រោយ​រយៈពេល ១០ ឆ្នាំ និង​ការអះអាង​ដែល​ថា​ការបិទ​កាសែត​នេះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។

ក៏ប៉ុន្តែ​មុន​ពេល​សួរ​ដេញដោល​លើ​អង្គសេចក្តី​លោក ហម ស៊ុនរិទ្ធិ មេធាវី​លោកស្រី Deborah បាន​អះអាង​ថា​ការបញ្ជូន​លិខិត​អញ្ជើញ​ទៅ​លោកស្រី Deborah បាន​ធ្វើ​ឡើង​ខុស​នីតិវិធី និង​ខុស​អាសយដ្ឋាន​។ បន្ទាប់មក​មាន​ការ​ដេញ​ដោល​លើ​មេធាវី សេក សោភ័ណ ដែល​លោកស្រី Deborah បាន​ពឹងពាក់ តាម​អ៊ីមែល​ឲ្យ​ជួយ​ការពារ​ក្តី​ដោយ​គ្មាន​ស្នាម​មេដៃ​។ ទីបំផុត​ចៅក្រម សេង លាង បាន​បញ្ឈប់​លោក សោភ័ណ មិន​ឲ្យ​ការពារ​ក្តី​ដោយ​អះអាង​ថា ការពឹង​ពាក់​មិន​ស្រប​តាម​នីតិវិធី​។

សវនាការ​បាន​សួរដេញដោល​លើ​លោក ហេង ណារិទ្ធ អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​លោក​បាន​ឡើង​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​អគ្គនាយកដ្ឋាន​។ លោក ណារិទ្ធ ថ្លែង​ថា​៖ «​ការប្តឹង​នេះ​ដោយសារ​តែ​លោកស្រី Deborah កាលពី​ថ្ងៃទី​ ២៣ សីហា ២០១៧ ​បាន​និយាយ​តាម​វិទ្យុ​អាស៊ីសេរី​ដោយ​បាន​ចោទប្រកាន់​អគ្គនាយកដ្ឋាន​ពន្ធដារ​ថា​បាន​ធ្វើឲ្យ​បែកធ្លាយ​ឯកសារ​»​។

លោក​បន្ត​ថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធដារ​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ ហើយ​មិន​បាន​ធ្វើឲ្យ​បែកធ្លាយ​ឯកសារ​ទេ​។ ការ​ថ្លែង​របស់​លោកស្រី​ធ្វើឲ្យ​ប៉ះពាល់​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ​»​។

លោក ហេង ណារិទ្ធ អះអាង​ថា​ចំណុច​មួយ​ទៀត​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ថា ជាការ​បរិហារ​នោះ​គឺ​ការលើក​ឡើង​របស់​លោកស្រី Deborah នៅក្នុង​វិទ្យុ​អាស៊ីសេរី​ដែល​ចោទប្រកាន់​ថា​ពន្ធដារ​ «​មាន​ចេតនា​នយោបាយ ចង់​បិទ​កាសែត​គាត់​ចោល​។ ចំណុច​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ​។ អគ្គនាយកដ្ឋាន​ពន្ធដារ​ធ្វើការ​ប្រមូល​ពន្ធ​លើ​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​ និង​បុគ្គល​ដែល​ជាប់ពន្ធ​»​។

លោក​បន្ត​ថា​៖ «​ដូច្នេះ​យើង​ប្តឹង​ដោយយោង​លើ​ចំណុច​ ១ គឺ​ថា​អគ្គនាយកដ្ឋាន​ធ្វើឲ្យ​បែកធ្លាយ​ឯកសារ និង​ទី ២ ចោទ​ថា​ជា​រឿង​នយោបាយ​ក្នុង​គោលបំណង​បិទ​កាសែត​»​។

ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​ឯកសារ​ពន្ធដារ​លោក ហេង ណារិទ្ធ អះអាង​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជូន​លិខិត​មួយ​ទៅ​កាសែត Cambodia Daily កាលពី​ថ្ងៃទី ៤ ខែ​សីហា ឆ្នាំ ២០១៧ ដោយ​បាន​ហៅ​បុគ្គលិក​កាសែត​នេះ​មក​ទទួល​។ ប៉ុន្តែ​រហូត​ដល់​ថ្ងៃទី ០៧ ខែ​ឆ្នាំ​ដដែល​ទើប​លោកស្រី Deborah អះអាង​នៅក្នុង​កាសែត Cambodia Daily ថា លោកស្រី​បាន​ទទួល​លិខិត​នោះ​។ លោក​និយាយ​ថា រាល់​ឯកសារ​ដែល​ផ្ញើ​ចេញ​ត្រូវ​មាន​ហត្ថលេខា​អ្នក​ទទួល ប៉ុន្តែ​ឯកសារ​ដែល​បែក​ធ្លាយ​នោះ​មិន​មាន​ស៊ីញ៉េ​ទទួល​ទេ​។

លោក អៀង សុភាព អតីត​បុគ្គលិក​ផ្នែក​រដ្ឋបាល​នៅ​កាសែត Cambodia Daily បាន​ឡើង​ធ្វើ​ជា​សាក្សី​ដោយ​បញ្ជាក់​ថា លោក​បាន​ទៅ​ទទួល​យក​លិខិត​ជូន​ដំណឹង​ស្តីពី​ការកំណត់​ពន្ធ​ឡើង​វិញ​នេះ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ប៉ុន្តែ​លោក​មិន​ចាំ​ថ្ងៃ​។

ឯកសារ​កំណត់​ពន្ធ​រយៈពេល ១០ ឆ្នាំ​សម្រាប់​កាសែត Cambodia Daily នេះ ត្រូវ​បាន​បែកធ្លាយ​ដំបូង​កាលពី​ថ្ងៃ​ទី ៤ ខែសីហា ២០១៧ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក អ៊ូ ច័ន្ទឫទ្ធិ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

ចំណែក​មេធាវី​ការពារ​លោកស្រី Deborah បាន​ដាក់​ឯកសារ​មួយ​ដែល​លោកស្រី​បាន​ផ្ញើ​តាមរយៈ​មេធាវី​ក្នុង​ខែ​មីនា​នេះ ប៉ុន្តែ​ចៅក្រម​មិន​អនុញ្ញាត​ឲ្យ​អាន​នៅ​ឡើយ ដោយសារ​លោក​មិន​ទទួល​យក​ការបកប្រែ​ឯកសារ​នោះ ដោយ​លោក​ថា​ក្រៅ​ផ្លូវការ​។

លោក សេង លាង ចៅក្រម​ជំនុំជម្រះ​បាន​សម្រេច​ផ្អាក​សវនាការ​នេះ​ដោយ​រង់ចាំ​មេធាវី​នៃ​ភាគី​ទាំង​ ២ ​ដាក់​លិខិត​ពាក់ព័ន្ធ​ជា​ភាសា​ខ្មែរ​ហើយ​សវនាការ​នឹង​បន្ត​នៅ​ថ្ងៃទី​ ១២ ខែ​មេសា​ខាង​មុខ​នេះ​។

កាសែត Cambodia Daily ដែល​ជា​កាសែត​ឯករាជ្យ​មួយ​នៅ​កម្ពុជា​បាន​សម្រេច​បិទទ្វារ​កាលពី​ថ្ងៃទី​ ៤ ខែ​កញ្ញា ឆ្នាំ ២០១៧ មួយ​ខែ​ក្រោយពី​មាន​ការ​បែកធ្លាយ​ឯកសារ និង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​តម្រូវ​ឲ្យ​បង់ពន្ធ​សរុប​ចំនួន ៦ លាន​ ១ សែន​ដុល្លារ​ដោយ​គិត​ថយ​ក្រោយ​រយៈពេល​ ១០ ឆ្នាំ​៕