ភ្នំពេញៈ យុវជន​ម្នាក់​ដែល​គេ​អះ​អាង​ថា​ជា​ភេទ​​ទី​៣ ​​ឈ្មោះ​​ យិន​​ ហេង ​​ហៅ​​ ចំ​ប៉ី​ខ្មៅ​ ត្រូវបាន​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំពេញ​​ប្រកាស​សាល​ក្រម​កាល​ពីម្សិល​មិ​ញ​​ដោយ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​​ ២ ឆ្នាំ​ តែ​អនុវត្ត​ទោស​តែ ​១ ​ឆ្នាំ និង​ពិ​ន័យ​ជា​ប្រាក់​​ ៣ ​លាន​រៀល​ បន្ទាប់​ពី​ជំ​នុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី ​៤ ​​មិថុនា ​​រឿង​បង្ហោះ​ហ្វេសប៊ុក​ប្រមាថ​​ជាតិ​សាសន៍​ខ្មែរ។​

នៅ​ក្នុង​បន្ទប់​ស​វ​នា​ការ​កាលពី​ម្សិល​មិញ​​លោក​ចៅ​ក្រម ​​ម៉ៅ ​ស៊ី​ណា​ បាន​អាន​សាល​ដី​កា​នៅ​ចំ​ពោះ​មុខ​ជន​ជាប់​ចោទ​ថា​ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​របស់​ជន​ជាប់​ចោទ​និង​ក្រោយ​ពី​បាន​ស្តាប់​ការ​សន្និ​ដ្ឋាន​របស់​តំណាង​អយ្យ​ការ​រួម​ទាំង​បាន​ពិនិត្យ​លើ​ភ័ស្តុ​តាង ​និង​អង្គ​ហេតុ​ផង​នោះ ​ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​យល់​ឃើញ​ថា​​ ជន​ជាប់​ចោទ​ ឈ្មោះ​ យិន​​ ហេង​​​ ហៅ ចំ​ប៉ី​ខ្មៅ​ ពិត​ជា​បាន​ប្រ​ព្រឹត្ត​ដូច​បទ​ចោទ​របស់​ចៅ​ក្រម​ស៊ើប​សួរ​មែន។​

លោក​ថ្លែង​ថា​​៖​​ «​ដូច្នេះ​តុលាការ​សម្រេច​ផ្តន្ទា​ទោស​ជន​រូប​នេះ ​កំ​ណត់​រយៈ​ពេល ​២​ ឆ្នាំ​ តែ​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ ១​ ឆ្នាំ​ ឯ​ទោស​នៅ​សល់​ព្យួរ​ចោទ​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើសអើងតាម​មាត្រា​​ ៤​៩​៦​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​​​ និង​ពិ​ន័យ​ប្រាក់​ ៣ ​លាន​រៀល​ ចូល​ថវិកា​រដ្ឋ»។​

បន្ទាប់​​ពីបាន​ស្តាប់​សេចក្តីប្រកាសសាល​ក្រម​នេះ ​ជន​ជាប់​ចោទ ​​យិន​ ហេង​​ ហៅ ​ចំ​ប៉ី​ខ្មៅ​​ បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ថាអត្ថន័​យ​នៃ​​សាល​ក្រម​ គឺ​គាត់​ត្រូវ​បាន​តុ​លាការ​ផ្តន្ទា​ទោស​រយៈ​ពេល​ ២ ​ឆ្នាំ​ពេញ​​។ ​​ប៉ុន្តែតុលាការ ​ឲ្យ​គាត់​អ​នុ​វត្ត​ទោស​នៅក្នុង​ពន្ធនា​គារ​តែ​ ១ ​ឆ្នាំទេ។​

ចំ​ប៉ី​ខ្មៅ​ បញ្ជាក់ថា​​​៖ ​«​​សាលក្រម​​នេះ ​ខ្ញុំ​​ព្រម​ទ​ទួល​យក​ហើយ​ពេល​ចេញ​ពី​ពន្ធនាគារ​​វិញ​ខ្ញុំ​ក៏​​ឈប់​ប្រ​ព្រឹត្ត​កំ​ហុស​ឆ្គង​ដ​ដែល​នេះ​ទៀត​ហើយ»។​

គួ​ររំឭក​ថា យុ​វ​ជន​​ យិន​​ ហេង​​ ហៅ​​ ចំ​ប៉ី​ខ្មៅ ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​កាល​ពី​ល្ងា​ច​ថ្ងៃ​ទី ​៥ ​​​ខែ​​ កុម្ភៈ​ ឆ្នាំ​​ ២​០​១​៩​​ នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​​ រាជ​ធា​នី​ភ្នំ​ពេញ​ ក្រោយ​ពី​យុវជន​រូប​នេះ​​សរ​សេរសារ​បង្ហោះ​តាម​​គ​ណ​នី ​Face​b​​o​o​k​​ ​ឈ្មោះ​ «​ចំ​ប៉ី​ខ្មៅ​»​ ជា​ខ្សែ​វីដេអូ​ផ្សាយ​ផ្ទាល់​ ដោយ​បានជេរប្រ​មា​ថ​មក​លើ​ពលរដ្ឋ​ខ្មែរ​គ្រប់​ជាន់​ថ្នាក់​ កាល​ពី​ថ្ងៃទី ​៤ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩ នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ដោយ​បាន​ប្រើ​​នូវ​ពាក្យ​ពេចន៍​ធ្ងន់​ៗ​ក្នុង​ន័យ​ប្រមាថ​លើ​ជាតិ​សាសន៍​ខ្មែរ។

បន្ទាប់​មក​​ក៏​​មាន​បញ្ជា​​ផ្ទាល់​ពី​​លោក ​​ស ​ខេង​​ រដ្ឋ​មន្ដ្រី​ក្រ​សួង​ម​ហា​ផ្ទៃ​ និង​លោក​ នេត​ សា​វឿន ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​រួម​លោក​​ ស​​ ថេត ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​ចាប់​ខ្លួន​៕​