ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកចោលពាក្យបណ្តឹងរបស់ក្រុមគ្រូបង្រៀនចំនួន ១១ នាក់ ដែលបានប្តឹងមិនសុខចិត្តជុំវិញការសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីបានលុបឈ្មោះពួកគេចេញពីក្របខ័ណ្ឌមន្ត្រីរាជការដែលក្រុមគ្រូបង្រៀនទាំងនោះ ចាត់ទុកថា ការសម្រេចមិនចាត់ការលើរឿងក្តីរបស់ខ្លួននេះ គឺជារឿងអយុត្តិធម៌។
សាលក្រមរដ្ឋប្បវេណីរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ២២ ខែ មេសា បានសម្រេចលើកចោលពាក្យបណ្តឹង ដោយលើកយកសំអាងមួយចំនួន និងចាត់ទុកថា បណ្តឹងរបស់ក្រុមគ្រូបង្រៀនទាំងនេះធ្វើឡើងដោយហួសកំណត់ច្បាប់ ឬមានលក្ខណៈផ្ទុយនឹងច្បាប់ ហើយចំណុចខ្វះខាតនៃបណ្តឹងក៏មិនអាចកែតម្រូវបាន ដូច្នេះ តុលាការសម្រេចលើកបណ្តឹងចោលដោយស្របតាមបញ្ញត្តិមាត្រា ៨១ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
សាលក្រមដែលបញ្ជាក់ពីដើមបណ្តឹងជាគ្រូបង្រៀនចំនួន ១១ នាក់ និងចុងចម្លើយជាក្រសួងអប់រំ យុវជន និងកីឡា តំណាងដោយលោក ហង់ ជួនណារ៉ុន នេះ បានបញ្ជាក់នូវសេចក្តីសម្រេចរបស់ខ្លួនយ៉ាងដូច្នេះថា៖ «១ លើកចោលពាក្យបណ្តឹងចុះថ្ងៃទី ១៦ មករា ឆ្នាំ ២០១៩ របស់សហដើមបណ្តឹង។ ២ ប្រាក់ប្រដាប់ក្តីជាបន្ទុកសហដើមចោទ»។
កាលពីថ្ងៃទី ៣០ មករា ឆ្នាំ ២០១៨ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានសម្រេចនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនដោយលុបឈ្មោះគ្រូបង្រៀននៅតាមបណ្តាខេត្តផ្សេងៗ រហូតដល់ចំនួន ១១ នាក់ ដូចជានៅខេត្តសៀមរាប ព្រះសីហនុ កំពត កំពង់ស្ពឺ ខេត្តបាត់ដំបង និងភ្នំពេញជាដើម។ ការសម្រេចលុបឈ្មោះគ្រូបង្រៀនទាំងនោះ ដោយលើកហេតុផលថា គ្រូបង្រៀនទាំងនោះ អវត្តមានពីការងារដោយគ្មានច្បាប់អនុញ្ញាត។
ក្រោយទទួលបានសេចក្តីសម្រេចនេះ ក្រុមគ្រូបង្រៀនទាំង ១១ នាក់នោះ បានរួមគ្នាតវ៉ានៅតាមស្ថាប័នសាមីជាបន្តបន្ទាប់ រហូតឈានដល់ដាក់ពាក្យបណ្តឹងមកសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ មករា ឆ្នាំ ២០១៩ ដើម្បីទាមទារសុំបដិសេធនូវសេចក្តីសម្រេចនេះនិងសុំឲ្យផ្តល់ក្របខ័ណ្ឌជាមន្ត្រីរាជការក្នុងក្រសួងអប់រំវិញ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាសហដើមបណ្តឹងម្នាក់ ដែលត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការនៃក្រសួងអប់រំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា សាលក្រមរដ្ឋ ប្បវេណីរបស់សាលាដំបូងរាជធានីភ្នំពេញ គឺធ្វើឡើងដោយអយុត្តិធម៌ បន្ថែមពីលើរឿងអយុត្តិធម៌ដែលពួកខ្លួនទទួលបានពីការសម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកបញ្ជាក់ថា៖ «ក្រុមគ្រូបង្រៀនទាំងអស់ មិនអាចទទួលយកបានទេ នូវសេចក្តីសម្រេចរបស់តុលាការនេះ ហើយយើងនឹងជជែកជាមួយក្រុមអ្នកច្បាប់ ហើយនឹងរកមេធាវីដើម្បីយើងមកប្តឹងទាស់ សេចក្តីសម្រេចនេះ មានន័យថា យើងនឹងប្តឹងឧទ្ធរណ៍ បើទោះជាលទ្ធផលយ៉ាងណាក៏ដោយ យើងនឹងដាក់បណ្តឹងទៅទៀត ព្រោះយើងគិតថា បើតុលាការអនុវត្តតាមវិជ្ជាជីវៈ ឯករាជ្យ មិនទទួលរងឥទ្ធិពលនយោបាយនិងពីអ្នកកាន់អំណាច ពួកយើងនឹងទទួលបានយុត្តិធម៌»។
ជាមួយនឹងការទាមទារនេះនៅក្នុងទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ឧសភា សហព័ន្ធសហជីពចំនួន ៤ រួមមាន សហព័ន្ធសហជីពកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងសហភាពសហជីពកម្ពុជាបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ ដើម្បីទាមទារឲ្យរដ្ឋាភិបាលផ្តល់ក្របខ័ណ្ឌជូនគ្រូបង្រៀនទាំងនោះវិញផងដែរ។
លោក អុី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការមិនពេញចិត្តនឹងសេចក្តីសម្រេចណាមួយរបស់តុលាការ ភាគីអាចដាក់ពាក្យបណ្តឹងបន្តទៅតុលាការជាន់ខ្ពស់បាន។
លោកបានបញ្ជាក់ថា៖ «តុលាការសម្រេចដោយពិនិត្យទៅលើអង្គហេតុ អង្គច្បាប់ និងភ័ស្តុតាង នៅក្នុងរឿងក្តីនីមួយៗ។ បើភាគីមិនពេញចិត្ត អាចប្តឹងទៅតុលាការជាន់ខ្ពស់ជាសមត្ថកិច្ច»៕