មណ្ឌលគិរី: សាលាដំបូងខេត្តមណ្ឌលគិរីកាលពីម្សិលមិញបានសម្រេចឃុំខ្លួនលោក តែ គឹមសាន អតីតប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ពីបទការប្រមូលផលអនុផលព្រៃឈើ និងធ្វើរោងសន្និធិ (រោងកែច្នៃឈើ) បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២០ ខែ កញ្ញា ដែលសង្ស័យពាក់ព័ន្ធការលួចលាក់ស្តុកឈើប្រណីតចំនួន ៦០០ កំណាត់ នៅក្នុងរោងអាជីវកម្មរ៉ែមាសរបស់ខ្លួនក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា។
លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ចៅក្រមនៃសាលាដំបូងខេត្តមណ្ឌលគិរីបានសម្រេចឃុំខ្លួនជនជាប់ចោទ តែ គឹមសាន រួចរាល់ហើយ បន្ទាប់ពីធ្វើការសាកសួររយៈពេលជិត ៣ ម៉ោង។
លោកបញ្ជាក់ថា៖ «តុលាការសម្រេចឃុំខ្លួនហើយ ប៉ុន្ដែខ្ញុំភ្លេចឈ្មោះចៅក្រមហ្នឹងហើយ ខ្ញុំរវល់ការងារផ្សេងទៀតអត់បានផ្ដោតអារម្មណ៍ គឺតុលាការបានចោទប្រកាន់គាត់តាមមាត្រា ៩៧-៩៨ នៃច្បាប់ស្ដីពីព្រៃឈើ»។
លោក ហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងថា សមត្ថកិច្ចនៃគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិខេត្តបានឃាត់ខ្លួនជនសង្ស័យឈ្មោះ តែ គឹមសាន ជាអតីតប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ដោយសារពាក់ព័ន្ធការលួចលាក់ស្តុកឈើប្រណីតចំនួន ៦០០ កំណាត់ នៅក្នុងរោងអាជីវកម្មរ៉ែមាសរបស់ខ្លួន។
លោកបញ្ជាក់ថា៖ «ជនសង្ស័យត្រូវបានសមត្ថកិច្ចយើងបញ្ជូនទៅមន្ទីរបរិស្ថានខេត្តក្នុងការសាកសួររកអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ក្រោយពេលសាកសួរចប់សព្វគ្រប់ហើយគឺនៅរសៀលថ្ងៃទី ២២ កញ្ញានេះ យើងនឹងបញ្ជូនទៅតុលាការខេត្តតាមនីតិវិធី»។
លោកបន្ថែមថា ក្រៅពីរកឃើញឈើចំនួន ៦០០ កំណាត់ ដែលលាក់ទុក ៦ កន្លែងផ្សេងៗគ្នានោះ សមត្ថកិច្ចបានចុះឆែកឆេររកមើលឃើញតែរណ្ដៅរ៉ែមាសចាស់ៗដែលពលរដ្ឋសហគមន៍គាត់ឈប់ធ្វើអាជីវកម្ម។ សមត្ថកិច្ចបាននាំគ្នាជីកដីលុបរណ្ដៅនោះវិញ ព្រមទាំងបានបិទទីតាំងស្តុកឈើនោះបណ្ដោះអាសន្នសិនដោយរង់ចាំការសម្រេចពីថ្នាក់លើសាជាថ្មី។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិសា្ថនខេត្តមណ្ឌលគិរីបានថ្លែងថា សមត្ថកិច្ចជំនាញលោកបានបញ្ចប់ការសាកសួរលោក តែ គឹមសាន រួចរាល់ហើយ ដោយបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី ២២ កញ្ញានេះ។ ចំណែកឈើដែលជាវត្ថុតាងនោះត្រូវបានសមត្ថកិច្ចកំពុងដឹកជញ្ជូនយកមករក្សាទុកនៅទីស្នាក់ការមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ព្រមទាំងធ្វើការវាស់វែងពីចំនួនឈើ។
លោកបន្តថាតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ តែ គឹមសាន អតីតប្រធានសហគមន៍រ៉ែមាសចុងផ្លាស់បានប្រាប់សមត្ថកិច្ចថា ខ្លួនមិនមានបក្ខពួកផ្សេងទេ ដោយរូបគាត់បានទិញពីពលរដ្ឋនៅក្នុងតំបន់ ហើយយកមកស្តុកទុកនៅក្នុងអតីតរោងសិប្បកម្មរ៉ែមាសនោះ ប៉ុន្ដែមិនទាន់មានគម្រោងកែច្នៃធ្វើអ្វី ឬដឹកទៅលក់នៅទីផ្សារទេ។
លោកបញ្ជាក់ថា៖ «ក្រៅពីឈើហ្នឹងគឺសមត្ថកិច្ចរកឃើញរណ្ដៅរ៉ែមាស ប៉ុន្ដែមិនមានសកម្មភាពអ្វីទេ គឺសហគមន៍គាត់បោះបង់ការធ្វើអាជីវកម្មអស់ហើយ។ លើសពីនេះបញ្ហារណ្ដៅរ៉ែមាសនេះ ក៏មិនមែនជាដែនសមត្ថកិច្ចខ្ញុំដែរ ប៉ុន្ដែខ្ញុំឃើញសមត្ថកិច្ចបានលុបរណ្ដៅនោះអស់ហើយ»។
លោក សាន់ ដារិទ្ធិ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរីបានថ្លែងថា សហគមន៍រ៉ែមាសចុងផ្លាស់ត្រូវបានបិទរយៈពេល ២ ឆ្នាំមកហើយ ដោយមិនមានសកម្មភាពអ្វីបន្តទៀតទេ។ បច្ចុប្បន្នទីតាំងនេះនៅសេសសល់តែរណ្ដៅដីចាស់ៗដែលពលរដ្ឋសហគមន៍បានជីកកន្លងមក។
លោក អ៊ាង ម៉េងលី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តមណ្ឌលគិរីបានថ្លែងថា លោកគាំទ្រឲ្យមានការអនុវត្តច្បាប់បែបនេះ ប៉ុន្ដែលោកនៅតែជំរុញឲ្យមន្ត្រីអនុវត្តច្បាប់ស៊ើបអង្កេតរកអ្នកពាក់ព័ន្ធបន្ថែមទៀត ដោយសារការលួចលាក់ឈើជាច្រើនម៉ែត្រគុបនេះមិនអាចគ្មានអ្នកពាក់ព័ន្ធបានទេ។
លោក អ៊ាង ម៉េងលី បានថ្លែងឲ្យដឹងថា មន្ត្រីអនុវត្តច្បាប់ត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុតរាល់បទល្មើស ឬបុគ្គលណាដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់មិនថា អ្នកក្រ ឬអ្នកមានលុយនោះទេ អ្នកប្រព្រឹត្តខុសត្រូវទទួលទោសដូចគ្នា «ខ្ញុំគាំទ្រការអនុវត្តច្បាប់នេះ ព្រោះកន្លងមកមានជនខិលខូចមួយចំនួន គាត់អាងអ្នកនេះ អាងអ្នកនោះ រត់ការដោះលែងគាត់ អ៊ីចឹងគាត់មិនសូវខ្លាចច្បាប់ប៉ុន្មានទេ»។
យោងតាមមាត្រា ៩៧-៩៨ ស្ដីពីច្បាប់ព្រៃឈើបានចែងថា ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី ២ ដែលត្រូវជាប់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ និងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ចំនួនពី ១០ លានរៀលទៅ ១០០ លានរៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំង ២ ឯវត្ថុតាងទាំងអស់ត្រូវរឹបអូសមកជាសម្បត្តិរដ្ឋ។ ក្នុងនោះនៅចំណុចទី ៧ ផ្ដន្ទាទោសជនណាដែលបង្កើតមូលដ្ឋានឧស្សាហកម្មឈើ រោងកច្រអារឈើ សិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ប្រភេទធំ និងមធ្យមដោយគ្មានប្រកាស៕