កំពតៈ តុលាការ​ខេត្តកំពត ​កាលពី​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ បានសម្រេច​ឃុំខ្លួន ​គ្រូឱសថបុរាណ​ខ្មែរ​ម្នាក់​ ដែល​បាន​លក់​ថ្នាំ​ផ្សំ​ចេញពី​ឫស​ឈើ​ដោយ​សង្ស័យ​ថា មាន​សារ​ជាតិពុល​ បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់ ក្រោម​​បទ​ចោទ «មនុស្សឃាត​ដោយ​អ​ចេតនា» ខណៈ​ដែល​ជន​ជាប់​ចោទ និង​ជន​រងគ្រោះ​បាន​ទិញ-លក់​ឱសថ​បុរាណ​ខ្មែរ និង​យកទៅ​ត្រាំ​ស្រា​ផឹក​កាលពី​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨​ នៅ​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ។

លោក ម៉ាន់ បូ​រេ​ត អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តកំពត ​បាន​ឲ្យ​ដឹងថា លោក​គ្រូឱស​ថបុរាណ​ខ្មែរ ​ដែលជា​ជន​ជាប់ចោទ​រូបនេះ ត្រូវបាន​លោក ខាន់ សុផល ព្រះរាជ​អាជ្ញារង​ ​ចោទប្រកាន់​ពីបទ «មនុស្ស​ឃាត​ដោយ​អ​ចេតនា» តាម​ច្បាប់​នៃ​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក​បញ្ជាក់ថា ក្រោយ​ពី​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​«ជន​ជាប់​ចោទ​រូបនេះ ក៏​ត្រូវបាន​មន្ត្រី​បញ្ជូនទៅ​ឃុំ​​ខ្លួន​បណ្ដោះ​ អាសន្ន​នៅ​ពន្ធនាគារ​រួចហើយ​​ដែរ​ កាលពី​ម្សិលមិញ(២១​ខែ​កុម្ភៈ)។ ខ្ញុំ​មិន​អាច​ផ្ដល់ព័ត៌មាន​អ្វី​លម្អិត​ដល់​លោក​ទៀត​បានទេ»។

លោក សូ ប៊ុនធឿន ​អធិការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការ​នគរបាល​ស្រុក​ទឹកឈូ ​បាន​លើកឡើងថា តាម​ការសួរចម្លើយ​ពី​ក្រុម​គ្រួសារ​ជនរង​គ្រោះ​ បាន​ប្រាប់​ថា ជន​រងគ្រោះ​ទាំងពីរ​ បាន​អង្គុយ​ផឹកស្រា​ថ្នាំ​ក្លែម​សាច់​ឆ្កែ​ជាមួយ​គ្នា លុះ​បន្តិច​ក្រោយ​មក​ស្រាប់​​តែ​​ជន​រងគ្រោះ​ទាំងពីរ​មាន​អាកា​រៈ​ក្អួត​ចង្អោរ ​ឃើញ​សភាព​មិន​ស្រួល និង​មាន​សភាព​គួរ​ឲ្យ​បារម្ភ ក៏បាន​ដឹក​ជនរង​គ្រោះ​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​ពេទ្យ​ប្រទេស​វៀតណាម​តែម្តង ប៉ុន្ដែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ​បុរស​ម្នា​ក់បាន​ស្លាប់ តាម​ផ្លូវ​ធ្វើដំណើរ​ទៅ​​ប្រទេស​វៀត​ណាម។

ជនរង​គ្រោះ​ ដែល​ស្លាប់​ដោយ​សារ​ពុល​ស្រាថ្នាំ​មាន​ឈ្មោះ សំ វណ្ណា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ឃុំ​កើត​ហេតុ។ ដោយ​ឡែក​បុរស​ដែល​កំពុង​ធ្វើការ​សង្គ្រោះ​បន្ទាន់​មាន​ឈ្នោះ ​ហ៊ួ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់​នៅ​ភូមិ​សុវណ្ណ​សាគរ ​សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​ពួកគេ​ជា​មិត្ត​ភក្ដិ​នឹង​គ្នា។

លោក ប៊ុន​ធឿន​បញ្ជាក់​ថា៖​ «ក្រោយ​ពី​មាន​ការ​ប្ដឹង​ពី​ក្រុម​គ្រួសារ​រង​គ្រោះ​ មន្ត្រី​យើង​ក៏បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ភ្លាមៗ​ដែរ ​ហើយ​បាន​សួរនាំ ​និង​ឃុំ​បាន​មួយ​យប់ ក៏​បញ្ជូន​បន្តទៅ​ស្នងការ​ខេត្ត​ចាត់ការ​បន្ត​ទៀត។ ចំណែក​សព​ជន​គ្រោះ​ បាន​ពិនិត្យ​រួច​ប្រគល់ជូន​ក្រុម​គ្រួសារ និង​ជនរង​គ្រោះ​ដែល​សង្គ្រោះ​ទាន់​ពេល​ ក៏បាន​រួច​ផុតពី​សេចក្ដី​ស្លាប់​ដែរ»។

លោក សៅ សំអឿន ស្នងការរង​​ខេត្តកំពត ​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹងថា លោក​បាន​សួរនាំ​បន្ថែម​លើ​របាយ​ការណ៍​មន្ត្រី​ស្រុក​ទឹកឈូ​ដែរ ​ប៉ុន្ដែ​មន្ត្រី​លោក​ក៏បាន​ឃុំខ្លួន​ជន​សង្ស័យ​បណ្ដោះអាសន្ន​នៅ​ស្នងការ​ជិត ១០ ថ្ងៃ ​រួច​បញ្ជូន​បន្តទៅ​តុលាការ​កាលពី​ថ្ងៃ​២១​កុម្ភៈ។ លោក​ថា៖«ការ​សម្រេច​យ៉ាង​ណា​នោះ នៅលើ​តុលាការ​ហើយ»។

តាម​ដំណើរ​​រឿង ករណី​នេះ លោក ជិន សុវណ្ណា​រិទ្ធ ត្រូវជា​កូនប្រុស​របស់​សព​ ឈ្មោះ​ សំ វណ្ណា ​បាន​ឱ្យ​ដឹង​ថា ការ​ស្លាប់​របស់​​ឪពុក​ខ្លួន ដោយ​សារ​ឱសថ​បុរាណ ​ដែល​ផ្សំ​ពី​ឫស​ឈើ​ព្រៃ​ មាន​សារធាតុ​ពុល ​របស់​លោក​គ្រូ អ៊ឹង ឈាន់ ហៅ កៅ ពោលគឺ​មិនមែន​ស្លាប់​ដោយ​សារ​ការហូប​ស្រា​ក្លែម​សាច់​ឆ្កែ ដូច​ការ​ផ្សព្វ​ផ្សាយ​រប​ស់​សារព័ត៌​មាន​មួយ​ចំនួន​នោះ​ទេ។

លោក​បាន​រៀបរាប់​ប្រាប់ថា កាល​ពី​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ​ដែល​ជា​ថ្ងៃកើត​ហេតុ នៅ​ភូមិ​កំពង់​គ្រែង​ គឺ​លោក​បាន​ទៅផ្ទះ​ឪ​ពុក ហើយ​ក៏​បានឃើញ​ឈ្មោះ ​អ៊ឹង ឈាន់ បាន​យក​ថ្នាំ​ឫស​ឈើ​មួយ​កញ្ចប់ ​មកលក់​ឲ្យ​ឪ​ពុក​លោក​ ហើយ​គ្រូថ្នាំ​រូបនេះ​ក៏​ចេញទៅ​វិញ​ដែរ ប៉ុន្ដែ​លោក​ក៏​មិនបាន​ចាប់​អារម្មណ៍​ដែរ។ លុះដល់​ម៉ោង ១១ ព្រឹក ឪ​ពុក និង​មិត្ត​ភក្ដិ ក៏បាន​សាច់​ឆ្កែ​មួយ​ដុំ បាន​នាំគ្នា​ចំអិន​ផឹកស្រា​ដែល​ត្រាំ​ថ្នាំ​នោះ ក្លែម​ជាមួយ​សាច់​ឆ្កែ។

ឪ​ពុក​លោក​ផឹក​បាន​ពីរ​កែវ​តូច និង​មិត្តភក្ដិ​គាត់​ផឹក​បាន​មួយ​កែវ​ដែរ ប៉ុន្ដែ​អ្នក​ទាំងពីរ​ស្រាប់​តែមាន​អាកា​រៈ​ក្អួត​ចង្អោរ ទន់​ដៃ ទន់​ជើង រឹង​ក និយាយ​មិន​រួច​តែម្ដង។

លោក​បញ្ជាក់ថា៖ «ឃើញ​ពួកគាត់​ដូចនេះ ពួក​ខ្ញុំ​ក៏​បញ្ជូន​គាត់​ទៅ​ប្រទេស​វៀតណាម ប៉ុន្ដែ​ប៉ា​ខ្ញុំ​បាន​ស្លាប់​តាមផ្លូវ ហើយ​មិត្តភក្ដិ​គាត់​ជួយ​សង្គ្រោះ​ទាន់ពេល។ ពេល​អ្នក​ទាំងពីរ​បាន​ជួប​រឿង​បែបនេះ គេ​នាំគ្នា​ផ្អើល​ថា ពួកគាត់​ពុល​សាច់​ឆ្កែ ប៉ុន្ដែ​ជាក់ស្ដែង​ ខ្ញុំ​បាន​យក​ស្រាថ្នាំ​នោះ​ ឲ្យ​ពេទ្យ​ពិនិត្យ ទើប​ដឹងថា ពួកគាត់​មិនមែន​ពុល​សាច់​ឆ្កែ​ទេ គឺ​ពុល​ស្រាថ្នាំ​នោះ​វិញ»។

បើតាម​ការបំភ្លឺ​ពី​សំណាក់​គ្រូ​ផ្សំ​ឱសថ​បុរាណ​ឈ្មោះ​ អ៊ឹង ​ឈាន់ បាន​ប្រាប់​មន្ត្រី​នគរបាល​ថា មុន​ជួប​ករណីនេះ សំ វណ្ណា បាន​កុម្ម៉ង់​ឲ្យ​ខ្លួន​ផ្សំ​ថ្នាំខ្មែរ​យក​ត្រាំ​ស្រា​ផឹក​ សម្រាប់​ការពារ​រោគ​ហឺត ទើប​ខ្លួន​បាន​ផ្សំ​ជូន​តាម​ការ​កុម្ម៉ង់ ​ក្នុងនោះ​មាន​ផ្កា​ស្លាក់(​ថ្កា​ពុល) ដោយ​បាន​ប្រាប់​ទៅ​ជន​រងគ្រោះ​ថា ថ្នាំ​នេះ​បើ​យកមក​ត្រាំ​ស្រា​ត្រូវ​ទុក​រយៈពេល ១០ ថ្ងៃ​ទើប​ពិ​សារ​បាន បើ​ហូប​ភ្លាម​អាច​ពុល​ស្លាប់​មិនខាន​ឡើយ​។

អ្នក​ផ្សំ​ថ្នាំ​បាន​បន្ត​ថា បន្ទាប់ពី​បាន​ផ្តាំ​រួចហើយ​ជន​រង​គ្រោះ​ ក៏​យក​ថ្នាំ​ទៅ​ត្រាំ​ស្រា ​ប៉ុន្តែ​ជនរងគ្រោះ​មិន​​បាន​អនុវត្តតាម​បណ្តាំ គឺ​ត្រាំ​ភ្លាម​ផឹក​ភ្លែត​តែ​ម្តង ទើប​បណ្តាល​ឲ្យ​ពុល​ស្លាប់​បែប​នេះ៕