មណ្ឌលគិរី៖ សាលាដំបូងខេត្តមណ្ឌលគិរី បានកោះហៅលោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលបំភ្លឺនៅថ្ងៃទី ១២ ខែ កញ្ញា បន្ទាប់ពីលោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងនេះ បានចូលបំភ្លឺនៅថ្ងៃទី ២១ ខែ សីហា កន្លងមកពាក់ព័ន្ធការផ្តល់ដីរដ្ឋសរុបជិត ១ ម៉ឺនហិកតា ទៅឲ្យក្រុមហ៊ុនឯកជនមួយនៅខេត្តមណ្ឌលគិរី ខណៈជនជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ ១៣ នាក់ បានគេចវេះមិនចូលបំភ្លឺតាមដីកាតុលាការ។
តាមដីការបស់លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះថ្ងៃទី ២៧ សីហា ដែលភ្នំពេញប៉ុស្ដិ៍ ទទួលបានពីម្សិលមិញសរសេរថា អញ្ជើញលោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច ឲ្យចូលបំភ្លឺនៅសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៩:០០ នាទីព្រឹក។
បើតាមដីកា លោក សាវុឌ្ឍ ត្រូវចូលបំភ្លឺពីរឿងការអនុញ្ញាតជំហានទី១ ចំនួន ១ ០០០ ហិកតា ក្នុងអនុតំបន់ I អនុតំបន់ II ចំនួន ២ ០០០ ហិកតា អនុតំបន់ III ចំនួន ២ ០០០ ហិកតា អនុតំបន់ IV ចំនួន ២ ០០០ ហិកតា អនុតំបន់ V ចំនួន ២ ៧៤១ ហិកតា ឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គ្រេន យ៉ញស្តុក ខមភេនី លីមីធីត ក្នុងខេត្តមណ្ឌលគិរី។
មិនអាចស្វែងរកប្រភពទាក់ទងលោក ចាន់ សាវុឌ្ឍ ដើម្បីសុំការបញ្ជាក់ជុំវិញករណីនេះបានទេកាលពីម្សិលមិញ។
លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីក៏មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានដែរ។
ប៉ុន្តែ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា សាលាដំបូងខេត្តមណ្ឌលគិរី បានថ្លែងយ៉ាងខ្លីថា កិច្ចការងារនេះត្រូវបានមន្ត្រីជំនាញកំពុងធ្វើការងាររបស់គាត់រៀងៗខ្លួន មិនទាន់មានលទ្ធផលអ្វីទេ។ «គេកំពុងធ្វើការសិន កុំទាន់សួរច្រើនពេក ដឹងតែប៉ុណ្ណឹងបានហើយ»។
ការកោះហៅលោក ចាន់ សាវុឌ្ឍ នេះធ្វើឡើងបន្ទាប់ពីតុលាការខេត្តមណ្ឌលគិរី បានកោះហៅលោក ឡោ រស្មី ឲ្យចូលខ្លួនឆ្លើយបំភ្លឺក្នុងសំណុំរឿងដូចគ្នា។ ក្រោយពីសាកសួររួច កាលពីថ្ងៃទី ២១ ខែ សីហា លោក ហៀង សុភក្ត្រ បានអនុញ្ញាតឲ្យលោក ឡោ រស្មី ត្រឡប់ទៅផ្ទះវិញហើយលទ្ធផលនៃការចូលឆ្លើយបំភ្លឺនេះ មិនត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរី បញ្ចេញឲ្យដឹងនោះទេ។
ការកោះហៅមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ២ រូបនេះ ធ្វើឡើង បន្ទាប់ពីអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានចេញលិខិតដកហូតដីជិត ១ ០០០ ហិកតា ពីលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ខណៈលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចដកលោក សេង សុវណ្ណារ៉ា ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី។
នៅអំឡុងខែ សីហា លោក សេង សុវណ្ណារ៉ា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។
ចំណែកពាក់ព័ន្ធនឹងករណីបទល្មើសព្រៃឈើវិញ ជនសង្ស័យចំនួន ១៣ នាក់ បាននិងកំពុងគេចវេះពីការចូលបំភ្លឺនៅសាលាដំបូងខេត្តមណ្ឌលគិរី ជុំវិញសំណុំរឿងប្រមូលផលដឹកជញ្ជូន និងសន្និធិផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។
លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានថ្លែងថា លោកមិនទាន់បានទទួលសំណុំរឿងថា តើជនជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ១៣ នាក់នេះ បានចូលបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីរួចហើយ ឬក៏នៅទេ ដោយលោកបានបង្វែរឲ្យទៅសួរតុលាការ។ លោកបញ្ជាក់ថា៖ «ព្រោះរឿងនេះតុលាការជាអ្នកកោះហៅ។ អ៊ីចឹងប្រហែលជាតុលាការអាចដឹងរឿងនេះច្បាស់ សួរទៅតុលាការទៅ។
ធម្មតា បើតុលាការគាត់កោះហៅគឺគាត់ឲ្យជនសង្ស័យទៅបំភ្លឺនៅកន្លែងគាត់ហើយ»។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក បានថ្លែងថា តុលាការខេត្តមណ្ឌលគិរី គួរចេញដីកាបង្គាប់ឲ្យនាំខ្លួនចំពោះអ្នកដែលគេចវេះមិនចូលខ្លួន ហើយអ្នកដែលសុំពន្យារ គឺតុលាការ ក៏គួរកំណត់ពេលសាជាថ្មី ដើម្បីជំរុញឲ្យពួកគេចូលខ្លួនទៅឆ្លើយបំភ្លឺចំពោះទង្វើល្មើសច្បាប់ទាំងនោះ។
លោក ប៊ុណ្ណារ៍ បញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា តុលាការ នឹងធ្វើរឿងនេះមានយុត្តិធម៌ ព្រោះខ្ញុំបានឃើញមានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២ នាក់ហើយ ត្រូវបានតុលាការកោះហៅមកបំភ្លឺដូចគ្នាដែរ ប៉ុន្ដែខ្ញុំក៏កំពុងរង់ចាំមើលលទ្ធផលដែរ។ អ៊ីចឹង ខ្ញុំមានសង្ឃឹមច្រើន ហើយតុលាការ ក៏បន្តស្រាវជ្រាវអ្នកពាក់ព័ន្ធបន្ថែមទៀត មិនត្រូវធ្វើត្រឹមហ្នឹងចប់ទេ»៕