ភ្នំពេញៈ ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានរិះគន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីសែល បាសឺឡេត៍ (Michelle Bachelet) ដែលបានវាយតម្លៃអវិជ្ជមានចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដោយចាត់ទុកទង្វើនោះថា ធ្វើឡើងដោយលម្អៀង និងមិនបានវាយតម្លៃជារួមដោយផ្ដល់អាទិភាពតែលើក្រុមមួយ។
នៅក្នុងការថ្លែងការណ៍នៅឯកិច្ចប្រជុំលើកទី ៤២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងទីក្រុងហ្ស៊ឺណែវប្រទេសស្វ៊ីសកាលពីថ្ងៃទី ១០ ខែ កញ្ញា គណៈប្រតិភូនៃស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានផ្ដល់អាទិភាពចំពោះក្រុមមួយ ហើយមើលរំលងក្រុមផ្សេងៗទៀត ដើម្បីរិះគន់សិទ្ធិមនុស្សនៅកម្ពុជា។ ការធ្វើបែបនេះ គឺជាការបន្ទាបតម្លៃគោលការណ៍អព្យាក្រឹតភាពរបស់ខ្លួន។
សេចក្ដីថ្លែងការណ៍បានសរសេរថា «សិទ្ធិមនុស្សប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាគួរត្រូវបានវាយតម្លៃជារួមជាជាងពឹងផ្អែកលើករណីដាច់ដោយឡែក។ អ្នកនឹងមិនអាចយល់ពីការពិតនៃបញ្ហានេះបានទេ ប្រសិនបើអ្នកវាយតម្លៃបញ្ហាដោយគ្រាន់ពិនិត្យមើលតែដើមឈើ ១ ដើមជាជាងពិនិត្យមើលព្រៃទាំងមូល និងព្យាយាមភ្ជាប់បញ្ហានោះទៅនឹងរបៀបវារៈដែលខ្លួនបានជ្រើសរើសរួចហើយ»។
សេចក្ដីថ្លែងការណ៍របស់តំណាងកម្ពុជានេះបានធ្វើឡើងក្រោយ ១ ថ្ងៃ បន្ទាប់ពីលោកស្រី មីសែល បាសឺឡេត៍ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានឡើងថ្លែងការណ៍អំពីបច្ចុប្បន្នភាពជាសកលនៅសម័យប្រជុំលើកទី ៤២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅថ្ងៃទី ៩ កញ្ញា។
សេចក្ដីថ្លែងការណ៍របស់លោកស្រីទាក់ទងនឹងប្រទេស កម្ពុជា គឺបានលើកឡើងអំពីកង្វល់នៃការរំលាយបក្សប្រឆាំង និងការដាក់សម្ពាធដោយអាជ្ញាធរ និងតុលាការលើមន្ត្រី និងអ្នកគាំទ្របក្សប្រឆាំងដោយសារពាក់ព័ន្ធនឹងសិទ្ធិសម្ដែងមតិនយោបាយ។
លោកស្រីបន្តថា៖ «ខ្ញុំនៅតែមានកង្វល់អំពីការបន្តមានដាក់សម្ពាធទៅលើសមាជិក និងអ្នកគាំទ្រអតីតគណបក្សប្រឆាំងដ៏ធំមួយដែលត្រូវបានរំលាយកាលពីចុងឆ្នាំ ២០១៧។ ចាប់តាំងពីដើមឆ្នាំនេះមក នគរបាល ឬតុលាការបានសាកសួរមនុស្សជាង ១៣០ នាក់ និងយ៉ាងហោចណាស់មានសមាជិក ឬអ្នកគាំទ្រគណបក្សប្រឆាំងចំនួន ២២ នាក់ កំពុងជាប់ឃុំក្រោមការចោទប្រកាន់ពីបទល្មើសជាច្រើនករណី ឬត្រូវបានផ្ដន្ទាទោសព្រហ្មទណ្ឌពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលទៅនឹងការសម្ដែងមតិនយោបាយរបស់ខ្លួន»។
លោកស្រីឧត្តមស្នងការបានបន្ថែមថា សិទ្ធិដើម្បីអភិវឌ្ឍគឺត្រូវការការចូលរួមពីមនុស្សគ្រប់គ្នាក្នុងការសម្រេចចិត្តក្នុងនោះរួមទាំងអ្នកមានទស្សនៈរិះគន់ផងដែរ។ លោកស្រីបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាគួរចាត់វិធានការដើម្បីធានាដល់ការពិភាក្សាដោយពិតប្រាកដនិងគោរពនូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។
ទោះជាយ៉ាងណា ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានចាត់ទុកការលើកឡើងរបស់លោកស្រី មីសែល បាសឺឡេត៍ ថាគ្រាន់តែច្បិចយកបញ្ហាតែមួយជ្រុងប៉ុណ្ណោះ ហើយបានជំរុញឱ្យស្ថាប័ននេះត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មិនលម្អៀងតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
លោ ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា បានលើកឡើងកាលពីម្សិលមិញថា ការថ្លែងរបស់លោកស្រី មីសែល បាសឺឡេត៍ គឺដោយសារទទួលបានព័ត៌មានតែមួយជ្រុងពីខាងគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង។
ប៉ុន្តែលោកថាកន្លងមកលោកស្រីឧត្តមស្នងការរូបនេះនៅពេលជួបមន្ត្រីការទូត និងមេដឹកនាំកម្ពុជាកាលពីពេលថ្មីៗនេះក៏ធ្លាប់បានថ្លែងសរសើរ និងលើកទឹកចិត្តចំពោះកិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិមនុស្សនេះដែរ។
លោកថា៖ «អ៊ីចឹងការលើកឡើង (របស់លោកស្រី មីសែល បាសឺឡេត៍) ហ្នឹង វាមិនឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងរបស់កម្ពុជាដូចយើងធ្លាប់បានពន្យល់នាពេលកន្លងមកហើយនូវអ្វីដែលជាក្ដីកង្វល់ហ្នឹងវាគឺជាការអនុវត្តច្បាប់របស់កម្ពុជា មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពដូចការលើកឡើងរបស់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលទេ»។
មន្ត្រីរូបនេះបានបន្ថែមថារដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តសហការជាមួយ (OHCHR) តាមរយៈយន្តការអន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្សដើម្បីបង្ហាញអំពីតថភាពរបស់កម្ពុជាដែលខុសពីការចោទប្រកាន់គ្មានមូលដ្ឋានដូចពេលបច្ចុប្បន្ន។
កាលពីថ្ងៃម្សិលមិញ ភ្នំពេញប៉ុស្ដិ៍ មិនទាន់ទទួលបានការឆ្លើយតបពីលោកស្រី Marie Dominique Parent អនុប្រធានការិយាល័យ OHCHR នៅកម្ពុជាតាមរយៈអ៊ីមែលនៅឡើយទេ ខណៈលោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតនៃសម្ព័ន្ធជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ មិនលើកទូរស័ព្ទ ស្របពេលដែលលោក ស៊ឹង សែនករុណា មន្ត្រីនាំពាក្យសមាគមអាដហុកក៏ពុំអាចទាក់ទងបាន។
កាលពីចុងខែកក្កដាថ្មីៗនេះអង្គការជាតិ និងអន្តរជាតិផ្នែកសិទ្ធិមនុស្សចំនួន ២៨ បានដាក់របាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដើម្បីឱ្យមានការគិតដល់អំពីវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា។
របាយការណ៍នោះបានលើកឡើងអំពីកង្វល់លើបញ្ហាសិទ្ធិមនុស្សជាច្រើន រួមមានករណីលោក កឹម សុខា ការរំលាយបក្សប្រឆាំង ការហាមធ្វើនយោបាយលើសមាជិកគណបក្សប្រឆាំងសេរីភាពសារព័ត៌មាន ការកោះហៅអតីតសមាជិកបក្សប្រឆាំងដោយសមត្ថកិច្ច និងតុលាការ ការចាប់ខ្លួនសកម្មជន សេរីភាពជួបជុំ និងច្បាប់សហជីពផងដែរ៕