កោះកុងៈ តំណាងពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ហេង ហ៊ុយ អ្រេហ្គីខ័លឈ័រគ្រុប នៅខេត្តកោះកុងបានបដិសេធចំពោះសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលថា ដីដែលពួកគាត់តវ៉ាទាមទាររាប់រយហិកតាគឺធ្លាប់បានដោះស្រាយរួចហើយ ប៉ុន្តែបានស្នើឱ្យលោក ជាសុផារ៉ា ចុះទៅពិនិត្យផ្ទាល់នៅទីតាំងជាក់ស្ដែងដើម្បីដឹងការពិត។
អ្នកស្រី អិន ធូ តំណាងពលរដ្ឋចំនួន ១៩៧ គ្រួសារនៅឃុំជីខលើ និងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្រុមហ៊ុនឧកញ៉ា ហេង ហ៊ុយ បានឈូសឆាយរំលោភយកដីពលរដ្ឋតាំងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២។
អ្នកស្រីបន្តថាការឈូសឆាយនោះគឺយកទាំងដីចម្ការដាំដើមចន្ទី ដីស្រែ និងដីសម្រាប់ដាំដំណាំផ្សេងៗទៀតដែលពលរដ្ឋខ្លះមានដីចាប់ពី ៣ រហូតដល់ ១០ ហិកតា ប៉ុន្តែមកទល់ពេលនេះមិនទាន់បានដោះស្រាយទេ ថ្វីបើមានការតវ៉ាជាច្រើនលើកមកក្រសួងរៀបចំដែនដីក៏ដោយ។
អ្នកស្រីថា៖ «អ្វីដែលពលរដ្ឋខ្ញុំកំពុងទាមទារគឺដីចំនួន ២ ហិកតា ក្នុង ១ គ្រួសារ ឬសរុបទាំងអស់ស្មើនឹង ៤២១ ហិកតា និងប្រាក់សំណង ៧ ពាន់ដុល្លារក្នុង ១ គ្រួសារ ព្រោះបើគិតអំពីដីដែលក្រុមហ៊ុនបានឈូសឆាយយកគឺច្រើនជាងពួកខ្ញុំកំពុងទាមទារទៅទៀត ហើយក្នុងនោះសុទ្ធតែជាដីដំណាំរបស់ពួកខ្ញុំ ដែលក្រុមហ៊ុនបានបំផ្លាញចោល»។
ការបញ្ជាក់របស់តំណាងពលរដ្ឋនេះ បន្ទាប់ពីក្រសួងរៀបចំដែនដីបានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី ១៩ សីហា ដោយអះអាងថាដីពលរដ្ឋចំនួន ១៩៧ គ្រួសារ ដែលតវ៉ានោះគឺជាដីធ្លាប់មានវិវាទរវាងពលរដ្ឋប្រហែល ១២០ គ្រួសារ ក្នុងនោះមានខ្មែរអ៊ិស្លាម ៦៩ គ្រួសារផង ជាមួយក្រុមហ៊ុន ហេង ហ៊ុយ ប៉ុន្តែត្រូវបានដោះស្រាយរួចទាំងស្រុងហើយដោយបានទាំងចេញបណ្ណកម្មសិទ្ធិរួចផង។
ប៉ុន្តែអ្នកស្រី អិន ធូ បានឆ្លើយតបថាការប្រកាសនេះគឺមិនពិតទេ ហើយស្នើឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចុះទៅពិនិត្យផ្ទាល់ និងហៅក្រុមពលរដ្ឋទៅចង្អុរដីដែលកំពុងមានជម្លោះ និងដីដែលត្រូវបានដោះស្រាយរួច ជាជាងជឿតាមរបាយការណ៍មន្ត្រីថ្នាក់ក្រោម។
អ្នកស្រីថា ដីដែលក្រសួងថាបានដោះស្រាយរួចនោះ គឺស្ថិតនៅភូមិចម្ការធំ និងភូមិព្រែកជីក ឃុំជីខក្រោមគឺឆ្ងាយពីដីដែលពលរដ្ឋ ១៩៧ កំពុងទាមទារចម្ងាយពី ៣ ទៅ ៤ គីឡូម៉ែត្រ។
អ្នកស្រីថា៖ «ដីហ្នឹងនៅទីតាំង (ឃុំជីខក្រោម) ដូចគ្នា តែដីរបស់ខ្មែរអ៊ិស្លាមគឺជាប់ថ្នល់ជាតិ ប៉ុន្តែដីរបស់ពួកខ្ញុំ ១៩៧ គ្រួសារនេះ គឺនៅជាប់មាត់ព្រែកហើយមិនដែលបានដោះស្រាយទេ។ ខ្ញុំចង់សំណូមពរឱ្យឯកឧត្តម ជា សុផារ៉ា និងឯកឧត្តម ទេព ធន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី ចុះទៅស្រាវជ្រាវដល់ទីតាំង និងហៅពលរដ្ឋចង្អុលទីតាំងដីនោះឱ្យគាត់ឃើញ»។
ជុំវិញបញ្ហានេះលោក សេង ឡូត មន្ត្រីនាំពាក្យក្រសួងរៀបចំដែនដីបានបញ្ជាក់ថា ការចេញសេចក្ដីប្រកាសព័ត៌មាននេះគឺជាការទទួលខុសត្រូវរបស់ក្រសួង បន្ទាប់ពីក្រុមការងារជំនាញចុះទៅពិនិត្យរួច។
លោកថា៖ «យកតាមព័ត៌មាន (សេចក្ដីប្រកាសព័ត៌មាន) ដែលក្រសួងបានចេញផ្សាយគឺជាព័ត៌មានផ្លូវការ និងទទួលខុសត្រូវមិនមែនចេះតែនឹកឃើញសរសេរទេ»។
លោក សុខ សុទ្ធី អភិបាលរង និងអ្នកនាំពាក្យសាលាខេត្តកោះកុងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ទំនាស់ដីធ្លីរបស់ពលរដ្ឋប្រហែល ១ ពាន់គ្រួសារ ជាមួយក្រុមហ៊ុនស្ករអំពៅលោកឧកញ៉ា ហេង ហ៊ុយ គឺត្រូវបានដោះស្រាយចប់សព្វគ្រប់អស់ជាច្រើនឆ្នាំមកហើយ ហើយបច្ចុប្បន្នដីដែលធ្លាប់មានជម្លោះ សុទ្ធតែមានម្ចាស់ និងមានបណ្ណកម្មសិទ្ធិ។
លោកបន្តថាចំពោះពលរដ្ឋ ១៩៧ គ្រួសារនេះ គឺទើបតែនាំគ្នាតវ៉ានៅដើមឆ្នាំ ២០១៩ នេះប៉ុណ្ណោះ ហើយខ្លះធ្លាប់ទទួលបានដំណោះស្រាយរួចហើយ ប៉ុន្តែនេះដោយសារពួកគាត់យល់ថាទទួលបានប្រាក់សំណងតិចពេក។
លោកថា៖ «ប្រសិនបើបងប្អូនហ្នឹង ចង់តវ៉ាអី វិធីមានតែមួយគត់គឺតុលាការ ពីព្រោះអីមានតែតុលាការទេ ដែលមានសិទ្ធិសម្រេចបញ្ជាឱ្យរដ្ឋបាលខេត្ត ឬក្រសួងស្ថាប័នពាក់ព័ន្ធសើរើឡើងវិញ អាហ្នឹងជាស្ថាប័នតុលាការ។ អ៊ីចឹងរដ្ឋបាលខេត្តអត់មានសិទ្ធិទៅសើរើប្លង់អីទេ ព្រោះដីហ្នឹងបានគ្រប់គ្រងដោយប្លង់កម្មសិទ្ធិស្របច្បាប់អស់ហើយ»។
ទោះជាយ៉ាងណាអ្នកស្រី អិន ធូ បានអះអាងថាដីដែលក្រុមអ្នកស្រីកំពុងទាមទារជាដីដែលក្រុមហ៊ុនទុកទំនេរចោលដោយគ្មានឃើញមានដាំដំណាំអំពៅឡើយ ហើយក្រុមអ្នកស្រីនឹងបន្តទាមទាររហូតទទួលបានដំណោះស្រាយ។
ក្រៅពីការទាមទារដីធ្លីនេះពលរដ្ឋទាំង ១៩៧ គ្រួសារនេះ ក៏បានស្នើឱ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ឱ្យតុលាការខេត្តកោះកុងទម្លាក់បទចោទលើពលរដ្ឋ ១០ នាក់ ដែលត្រូវបានឧកញ៉ា ហេង ហ៊ុយ ប្ដឹងកាលពីខែ ៧ និងខែ ៨ ពីបទបរិហារកេរ្តិ៍និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ផងដែរ៕