ភ្នំពេញៈ អតីត​មេបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​សហភាព​អន្តរសភា​ (IPU) នៅក្នុង​ទីក្រុង​ហ្សឺណែវ​ស្រប​គ្នា​នឹង​គណៈប្រតិភូ​សភា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកស្រី ឃួន សុដារី អនុប្រធាន​ទី ២ នៃ​រដ្ឋសភា​ដែល​គូប្រជែង​នយោបាយ​មកពី​គណបក្ស​ដែល​ធ្លាប់​ជា​គូប្រកួត​ដ៏ស្រួចស្រាល់​ទាំង​ ២ ​នេះ​នឹង​ថ្លែង​សុន្ទរកថា​ដោយ​ឡែក​ពី​គ្នា​នៅ​ចំពោះ​មុខ​មហាសន្និបាត​ដែល​មាន​សមាជិក​មកពី​ ១៣៥ ​ប្រទេស​ចូលរួម​។

មហាសន្និបាត​សហភាព​អន្តរសភា​ (IPU) ​លើក​ទី​ ១៣៩ នេះ​ត្រូវ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ ១៤ ​ដល់​ថ្ងៃទី​ ១៨ ខែ​តុលា​នា​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ក្រោម​ប្រធានបទ​ «​ភាព​ជា​ថ្នាក់ដឹកនាំ​សភា​ក្នុង​ការជំរុញ​សន្តិភាព និង​ការអភិវឌ្ឍ​ក្នុង​យុគសម័យ​នៃ​នវានុវត្តន៍ និង​ការផ្លាស់ប្តូរ​តាម​បែប​បច្ចេកវិទ្យា​» ឬ «Parliamentary leadership in promoting peace and development in the age of innovation and technological change.» ដែល​មាន​សមាជិក​ចូលរួម​មកពី​ ១៣៥ ​ប្រទេស​នៅ​ទូទាំង​ពិភពលោក​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា​ដែល​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា គណៈប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកស្រី ឃួន សុដារី អនុប្រធាន​ទី ២ នៃ​រដ្ឋសភា​បាន​និង​កំពុង​ចូលរួម​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាភិបាល​លើក​ទី ២០៣ និង​មហាសន្និបាត​លើក​ទី ១៣៩ ដែល​ក្នុង​នោះ​គេ​ក៏​ឃើញ​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​លោក​ ឈាង វុន ផង​ដែរ​។

កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​ផ្តោត​ទៅ​លើ​ការពិនិត្យ​សមាជិកភាព ពិនិត្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របាយការណ៍​អំពី​សកម្មភាព​ប្រធាន និង​អគ្គលេខាធិការ IPU ដែល​បាន​សម្រេច​រយៈពេល ១ ឆ្នាំ​របស់​ស្ថាប័ន​នេះ​របាយការណ៍​នៃ​កិច្ចប្រជុំ​ដែល IPU បាន​រៀបចំ​អំពី​ផែនការ​យុទ្ធសាស្ត្រ IPU ឆ្នាំ ២០១៧-២០២១ និង​ការរៀបចំ​កិច្ចប្រជុំ​នាពេល​ខាង​មុខ​ជាដើម​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​។

លើស​ពី​នេះ​អ្វី​ដែល​គួរកត់សម្គាល់​អតីត​មេបក្ស​ប្រឆាំង និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ (CNRM) គឺ​លោក សម រង្ស៊ី ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ​ជា​ទី​ដែល​លោក​នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃទី ១៨ ខែ​តុលា​នៅ​ចំពោះ​មុខ​គណៈប្រតិភូ​សភា​អន្តរជាតិ​។ នេះ​បើ​តាម​មន្ត្រី​អតីត​បក្សប្រឆាំង​កាលពី​ម្សិលមិញ​។

លោក​ សម រង្ស៊ី មិន​បាន​ឆ្លើយតប​នឹង​សំណើសុំ​ការអត្ថាធិប្បាយ​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​ ឡុង ប៊ុត្ដា អតីត​តំណាងរាស្ត្រ​អតីត​បក្សប្រឆាំង​បាន​ឲ្យ​ដឹង​ពី​ទីក្រុង​ប៉ារីស​មក​ថា​លោក សម រង្ស៊ី ពិត​ជា​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏សំខាន់​នេះ​មែន​។ លោក​ថ្លែង​ថា​៖ «​គេ​អញ្ជើញ​គាត់​...​គាត់​នឹង​ទុក​ឲ្យ​របប​លោក ហ៊ុន សែន ប្រឈម​នឹង​អន្តរជាតិ​។ គាត់​នឹង​ចូលរួម​»​។

លោក​រំពឹង​ថា​លោក​ ឈាង វុន នឹង​មិន​អាច​ទៅ​ធ្វើការ​បណ្ដេញ​លោក សម រង្ស៊ី ដូច​ការ​ដែល​លោក​បាន​បណ្តេញ​លោកស្រី មូរ សុខហួរ អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឡើយ​។

បើ​យោង​តាម​លោក ប៊ុត ធារី ដែល​ជា​មនុស្ស​ជំនិត​នឹង​លោក សម រង្ស៊ី ​បាន​អះអាង​ថា សហភាព​អន្តរសភា​បាន​ប្រាប់​ឲ្យ​លោក សម រង្ស៊ី ធ្វើការ​រាយការណ៍​ភ្លាមៗ ប្រសិន​មាន​ការ​ធ្វើ​អាកប្បកិរិយា​មិន​សមរម្យ​ណា​មួយ​ចំពោះ​រូប​លោក​ដោយ​អ្នក​ណា​ម្នាក់​។

លោក​ ប៊ុត ធារី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​នៅ​ទីក្រុង​ហ្សឺណែវ​ប្រធាន​សហភាព​អន្តរសភា​ (IPU) បាន​មាន​ប្រសាសន៍​ប្រាប់​លោក​ប្រធាន សម រង្ស៊ី ថា បើ​លោក ឈាង វុន ធ្វើ​អាកប្បកិរិយា​មិន​សមរម្យ​ចំពោះ​លោក​ដូច​ដែល​បាន​ធ្វើ​មក​លើ​លោកជំទាវ មូរ សុខហួរ កន្លង​ទៅ​ថ្មីៗ​នោះ​សូម​ឲ្យ​លោក​ប្រធាន សម រង្ស៊ី រាយការណ៍​ប្រាប់​គេ​ភ្លាម​»​។

លោក​បាន​សរសេរ​បន្ត​ថា​៖ «​សង្ឃឹម​ថា​លោក ឈាង វុន ចេះ​មាន​សុជីវធម៌​ខ្លះ​ផង​»​។

លោក ឈាង វុន មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា​លោកស្រី សុដារី ក៏​គ្រោង​ថ្លែង​សុន្ទរកថា​នៅក្នុង​អង្គប្រជុំ​នោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​នៅក្នុង​កិច្ចប្រជុំ​ភាពជា​ដៃគូ​នៃ​សភា​អាស៊ីអឺរ៉ុប​លើក​ទី​ ១០ ដែល​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក​នៅ​ថ្ងៃទី​ ២៧ និង ២៨ ខែ​កញ្ញា​ដែល​ផ្តោត​លើ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​សម្រាប់​តំបន់​អាស៊ី និង​អឺរ៉ុប​គណៈប្រតិភូ​សភា​កម្ពុជា​ដែល​មាន​លោក​ ឈាង វុន ​បាន​បណ្ដេញ​អតីត​តំណាងរាស្ត្រ​លោកស្រី មូរ សុខហួរ ដែល​មក​សម្តែង​ការគួរសម​ចំពោះ​រូប​លោក​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​។

កាល​នោះ​លោក ឈាង វុន បាន​ទទួល​ស្គាល់​ថា​លោក​ពិតជា​បាន​ដេញ​លោកស្រី សុខហួរ មែន ដោយសារ​តែ​លោក​ប្រកាន់​ជំហរ​ថា ប្រតិភូ​កម្ពុជា​គឺជា​តំណាង​ស្របច្បាប់​តែ​ ១ គត់​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ជា​អ្វី​ដែល​អនុប្រធាន​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​សម្តែង​ការ​ «​សោកស្ដាយ​»៕