ភ្នំពេញៈ​ តំណាង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ខេត្ត​កោះកុង​ជាង ១០ នាក់ កាល​ពី​ម្សិលមិញ​ បាន​មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ជម្លោះ​ដីធ្លី ​បន្ទាប់​ពី​ពឹងពាក់​លើ​ស្ថាប័ន​រដ្ឋ​អស់​ពេល​ជិត​ ១០ ឆ្នាំ​មក​ហើយ តែ​នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ។

អ្នកស្រី តាំង កុយ ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដទៃ​ទៀត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ជម្លោះ​ដីធ្លី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ ២៦ គ្រួសារ លើ​ផ្ទៃ​ទំហំ ៤៣២ ហិកតា នៅ​ក្នុង​ស្រុក​ចំនួន ​២ គឺ​ស្រុក​គិរីសាគរ និង​ស្រុក​បទុមសាគរ​នោះ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន UDG ធ្វើ​ការ​វិនិយោគ។

អ្នកស្រី​បន្ត​ថា ក្រោយ​មាន​ជម្លោះ​នេះ ​ពលរដ្ឋ​បាន​ស្វែងរក​អន្តរាគមន៍​ពី​គ្រប់​ស្ថាប័ន​រដ្ឋ​តាំង​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​លើ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ​ព្រម​ទាំង​ធ្លាប់​បាន​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន ឲ្យ​ជំរុញ​ទៅ​ក្រុមហ៊ុន​ចិន​ផ្តល់​ដី​របស់​ពលរដ្ឋ​ត្រឡប់​មក​វិញ ប៉ុន្តែ​មិន​ដែល​បាន​លទ្ធផល​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា៖ «ដែល​យើង​រំពឹង​ថា ប្រទេស​មហា​អំណាច​គាត់​អាច​ជួយ​ជំរុញ​ទៅ​កាន់​រដ្ឋាភិបាល ហើយ​ជួយ​ជំរុញ​ទៅ​កាន់​ប្រទេស​ដែល​ក្រុមហ៊ុន​របស់​គាត់​ចូល​មក​រំលោភ​សិទ្ធិ​ពួក​យើង។​ យើង​ទាំង​អស់​គ្នា​ ដែល​ម្ចាស់​កម្មសិទ្ធិ​ហ្នឹង ​សុំ​តែ​យុត្តិធម៌ បើ​មិន​មាន​យុត្តិធម៌​មាន​តែ​ប្រឹង​ទាមទារ​បន្ត​ទៀត»​។

លោកស្រី Emily Zeeberg អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​និយាយ​ថា ស្ថានទូត​បាន​ទទួល​ញត្តិ​របស់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​នោះ​ហើយ។ លោកស្រី​បន្ត​ថា ស្ថានទូត​អាមេរិក​នឹង​បន្ត​ជំរុញ​ទៅ​កាន់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​នេះ។

លោកស្រី​បញ្ជាក់​ថា៖ «យើង​បន្ត​ជំរុញ​ទៅ​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​មាន​ការ​ការពារ​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា រួម​ទាំង​សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី និង​សេរីភាព​បញ្ចេញ​មតិ»​។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ករណី​នេះ គ្មាន​មន្ត្រី​ទូត​ ឬ​ស្ថានទូត​បរទេស​ណា​មួយ​ មាន​ដែន​សមត្ថកិច្ច​ដោះ​ស្រាយ​នូវ​ករណី​វិវាទ​ណា​មួយ​បាន​ឡើយ ​គឺ​មាន​តែ​ស្ថាប័ន​តុលាការ​តែ​ប៉ុណ្ណោះ ដែល​មាន​សមត្ថកិច្ច​វិនិច្ឆ័យ​ដោះស្រាយ​រាល់​គ្រប់​វិវាទ​ទាំង​អស់ ដែល​ជា​អំណាច ​និង​ដែន​សមត្ថកិច្ច​ផ្តល់​ដោយ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ ម្យ៉ាង ករណី​ដីធ្លី​ទាំង​នេះ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម បាន​ដោះ​ស្រាយ​អស់​ហើយ ​ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​សហគម​អឺរ៉ុប​ផង​ដែរ​។

លោក​បញ្ជាក់​ថា៖ «ទិសដៅ​ទៅ​រក​ស្ថានទូត​អាមេរិក​ហ្នឹង ហាក់​បី​ជា​រឿង​នយោបាយ​ធ្វើ​ការ​ប្រឆាំង​ជាមួយ​ការ​អន្តរាគមន៍​ជាមួយ​ស្ថានទូត​ចិន។ ពួក​ហ្នឹង​មាន​បរទេស​នៅ​ពី​ក្រោយ​ ជំរុញ​ឲ្យ​មាន​បាតុភាព​នេះ​ឡើង ដូច្នេះ​ ខ្ញុំ​នៅ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ទៅ​រក​តុលាការ​ខ្មែរ ដែល​មាន​ដែន​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​ និង​រក​យុត្តិធម៌​ដល់​ជន​ទាំង​អស់​នោះ»​។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​អង្គការ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​ថា​ គ្រប់​ស្ថានទូត​ទាំង​អស់​មិន​មាន​សិទ្ធិ​សម្រេច​ពី​ករណី​នេះ។

បើ​តាម​លោក ករុណា ក្នុង​ករណី​ដែល​ពលរដ្ឋ​បាន​កាន់​កាប់​ដី​មិន​មាន​កម្មសិទ្ធិ​ស្រប​ច្បាប់​ហើយ​មាន​ជម្លោះ​នោះ គឺ​​ពលរដ្ឋ​ត្រូវ​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​កាន់​អាជ្ញាធរ​ដែនដី ​ដែល​មាន​ពី​មន្ត្រី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​ជាតិ​។ ចំណែក​ជម្លោះ​ដីធ្លី​មាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​នោះ​ គឺ​ត្រូវ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​តុលាការ​។

ទាក់ទង​នឹង​ទំនាស់​ដីធ្លី​នេះ​ លោក សុខ​ សុទ្ធី អ្នក​នាំពាក្យ​សាលា​ខេត្ត​កោះកុង​ ធ្លាប់​បាន​ថ្លែង​កាល​ពី​ថ្ងៃ ១២ សីហា ថា បញ្ហា​ដែល​ចេះ​តែ​បន្ត​មាន​គឺ​​ដោយសារ​​ពលរដ្ឋ​មួយ​ចំនួន​បាន​ទាមទារ​សំណង​ហួស​ហេតុ​​​ពេក ហើយ​​ករណី​ខ្លះ​ដោយសារ​ឡើង​ថ្លៃ​​ និង​មាន​ការ​ញុះញង់​ពី​អ្នក​ខាង​ក្រៅ។

លោក​ថ្លែង​ថា ​ករណី​នេះ​នៅ​សល់​ប្រមាណ​ជា ១០ ទៅ ​២០ ​ភាគរយ​ទេ ខណៈ​ក្រុម​ការងារ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​បន្ត​ដោះស្រាយ​៕