ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​ ៤ ខែមករា ឆ្នាំ​ ២០២០ នេះ​មាន​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជិត​ ៨០០០ នាក់​បានដាក់​ឯកសារ​រួចរាល់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ក្នុងចំណោម​អ្នក​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ប្រមាណ ២ ​ម៉ឺន​នាក់​នៅ​ឆ្នាំនេះ​។

កាលពី​ថ្ងៃទី​ ១៧ ខែតុលា​ឆ្នាំ​ ២០១៩ ACU បានចេញ​សេចក្តី​ជូនដំណឹង​ដល់​ក្រសួង​ស្ថាប័ន​រាជធានី-ខេត្ត​ជិត ៥០ ដើម្បី​ឲ្យ​មន្ត្រី​ដែល​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​កាលកំណត់​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២០​។

ACU បញ្ជាក់​នៅក្នុង​សេចក្តី​ជូនដំណឹង​ស្ដីពី​លទ្ធផល​នៃ​ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ចុះ​ថ្ងៃទី ៤ ខែមករា ថា​ចំនួន​ឯកសារ​ប្រកាស​នេះ​គឺ​ធ្វើ​ឡើង​តាម​របប​ ២ ​ឆ្នាំ​ម្តង​នៅ​ឆ្នាំ​ ២០២០ ​សម្រាប់​អ្នក​ដែល​បាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​កាលពី​ឆ្នាំ ២០១៨​។

សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​៖ «​នៅ​ថ្ងៃ​សៅរ៍​ទី​ ៤ ​ខែ​មករា​នេះ​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​បាន​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន ៦៩ ​ច្បាប់​។ គិត​ត្រឹម​ថ្ងៃទី​ ៤ ​មករា​នេះ​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ដែល​ទទួលបាន​មាន​ចំនួន​សរុប ៧ ៧៩១ ​ច្បាប់​»​។

លោក​ ខូយ លឹមហុង ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តាម​កាលបរិច្ឆេទ​នៃ​ការជូន​ដំណឹង​នេះ គឺ​ទើបតែ​ចាប់ផ្តើម​រយៈពេល ៥ ​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​មន្ត្រី​ដែល​ជាប់​កាតព្វកិច្ច​មួយចំនួន​បាន​ចូលខ្លួន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​មុន​កាលកំណត់​។

លោក​ថា​តួលេខ​ដែល​ទទួល​បាន​នេះ គឺ​ធ្វើ​ឡើង​តាំងពី​អំឡុង​ខែធ្នូ​មក​ម្ល៉េះ​។ លោក​បន្ថែម​ថា​ក្នុង​ឆ្នាំ​នេះ​អ្នក​ជាប់​កាតព្វកិច្ច​ដែល​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​មាន​យ៉ាងហោចណាស់ ២ ម៉ឺន​នាក់​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​តែ​អ្នក​ជាប់​កាតព្វកិច្ច​មួយចំនួន គាត់​រវល់​ខ្លាំង​នៅក្នុង​ខែមករា​ហ្នឹងហើយ​មួយចំនួន​ទៀត​គាត់​មាន​ស្មារតី​ចង់​ប្រកាស​មុន​កាលកំណត់​ប្រហែល​ជាង ៥០០០ ​នាក់​បាន​ចូលខ្លួន​មក​ប្រកាស​មុន​ថ្ងៃទី ១»​។

បើតាម​លោក​ លឹមហុង តាមច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ​បុគ្គល​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នេះ​គឺ​មាន​មន្ត្រីរាជការ​ស៊ីវិល ដែល​មាន​តួនាទី​ចាប់ពី​ប្រធាន​នាយកដ្ឋាន​ឡើង​ទៅ​ដែល​ពួកគាត់​ទទួល​បាន​ការតែងតាំង​ពី​អនុក្រឹត្យ​ និង​ព្រះរាជក្រឹត្យ​។

លោក​បន្តថា ចំពោះ​កងកម្លាំង​ប្រដាប់អាវុធ​វិញ​ក៏ត្រូវ​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ​នេះដែរ​គឺ​ចាប់ពី​ថ្នាក់​វរសេនីយ៍ឯក​ឡើងលើ​ (​ស័ក្តិ ៥) គឺ​ត្រូវតែ​ចូលខ្លួន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នេះហើយ​ក្រៅពីនេះ គឺ​ក្នុង​ករណី​ចាំបាច់​ដោយ​ច្បាប់​បាន​តម្រូវ​ឲ្យ​ក្រុមប្រឹក្សាឃុំ សង្កាត់​ ឬ​បុគ្គល​មួយចំនួន​ផ្សេងទៀត​ត្រូវ​ចូលខ្លួន​មក​ប្រកាស​តាម​ការកោះហៅ​របស់ ACU នៅពេល​មាន​មន្ទិលសង្ស័យ​ ឬ​តម្រុយ​អ្វីមួយ​ជុំវិញ​បញ្ហា​អំពើ​ពុករលួយ​។

លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា មន្ត្រី​ក្រសួង​នេះ​បាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​កាល​កំណត់​ដោយ​ច្បាប់ និង​បាន​ធ្វើឡើង​តាមរយៈ​ក្រុម​ជន​បង្គោល​ជា​បន្តបន្ទាប់​។ លោក​បញ្ជាក់ថា ការប្រកាស​នេះ​គឺជា​ករណី​ចាំបាច់​ដែល​ក្រសួង​ក៏​តែងតែ​ជំរុញ​ដល់​មន្ត្រី​របស់ខ្លួន​ដើម្បី​ចូលរួម​ទប់ស្កាត់​អំពើពុករលួយ​។

លោក​បន្តថា​៖ «​មន្ត្រី​ក្រសួង​ព័ត៌មាន​ទាំងអស់​ដែល​ជាប់​កាតព្វកិច្ច គឺ​បាន​បំពេញ​បែបបទ​ជា​បន្តបន្ទាប់​ទៅហើយ​។ ចំពោះ​ខ្ញុំ ខ្ញុំ​បាន​ប្រកាស​រួចហើយ​»​។

យោង​តាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ​រាល់​ជន​ទាំងឡាយ​ណា​ដែល​មិនបាន​ចូលខ្លួន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​កាលកំណត់​នោះ​អាច​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់ និង​ការដាក់​ពន្ធនាគារ​ចាប់ពី ១ ​ខែ ដល់​ ១ ឆ្នាំ​។

លោក លឹមហុង បញ្ជាក់ថា​រហូត​មក​ដល់​បច្ចុប្បន្ន​មិន​ទាន់​មាន​បុគ្គល​ណា​ម្នាក់​ទទួលរង​នូវ​ទណ្ឌកម្ម​នេះ​នៅ​ឡើយ​ទេ ខណៈ​កន្លងមក​គ្រាន់​តែ​មាន​ការជូនដំណឹង​ពី​ភាពយឺតយ៉ាវ​ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ​តែប៉ុណ្ណោះ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើង​ថា ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅតែ​មាន​ចំណុច​ខ្វះខាត​ច្រើន ដែល​ជា​ទូទៅ​ការប្រកាស​ទ្រព្យសម្បតិ្ត​នេះ​បាន​ដាក់​នៅក្នុង​ស្រោមសំបុត្រ​ដែល​លោក​ចង់​ឲ្យ​មាន​ការពិនិត្យ​មើល​ទៅលើ​លក្ខខណ្ឌ​ផ្លូវច្បាប់​ឡើងវិញ ដើម្បី​ឲ្យ​មាន​ការបើកចំហ​ជា​សាធារណៈ​។

លោក​ថា​កន្លង​មក​ការប្រកាស​ទ្រព្យសម្បត្តិ​នេះ​គឺ​គ្រាន់តែ​ជា​យន្តការ​មួយ​ដែល​ធ្វើ​ឡើង​ទៅ​តាមច្បាប់​តែប៉ុណ្ណោះ​ក៏ប៉ុន្តែ​ចំពោះ​បទល្មើស​ពុករលួយ​ផ្សេងៗ​គឺ​ភាគច្រើន​ក្នុង​ទម្រង់​នៃ​ការរំលោភ​អំណាច និង​បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន​។

លោក​ថា​៖ «​យើង​ចង់ឃើញ​ទិដ្ឋភាព​មួយ​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ​ដោយ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ​នេះ​»៕

វីដេអូ៖