ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិថៃលោក ស៊ុវ៉ាត់ ចែងយ៉តស៊ុខ បានព្រមានថា បើសិនជាលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ចូលមកធ្វើឱ្យមានភាពចលាចលនៅក្នុងប្រទេស ថៃ អាជ្ញាធរថៃនឹងមិនផ្ដល់ទិដ្ឋាការឲ្យចូលក្នុងប្រទេសនោះទេ។ នេះបើយោងតាមសាព័ត៌មានថៃ។
សារព័ត៌មាន MGR online របស់ថៃដែលបានចេញផ្សាយនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៩ បានស្រង់សម្តីលោក ស៊ុវ៉ាត់ ចែងយ៉តស៊ុខ អគ្គស្នងការនគរបាលជាតិថៃមកចុះផ្សាយថាលោក សម រង្ស៊ី នឹងមកធ្វើសកម្មភាពដោយមានរៀបចំកិច្ចប្រជុំនៅក្នុងប្រទេស ថៃ ប៉ុន្តែពេលនេះនៅមិនទាន់ដឹងពីរឿងនេះច្បាស់នៅឡើយទេ ហើយសមត្ថកិច្ចប៉ូលិស (តម្រួតថៃ) ក៏មានវិធានការក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ផងដែរ។
លោក ស៊ុវ៉ាត់ ចែងយ៉តស៊ុខ ព្រមានថា ប្រសិនបើលោក សម រង្ស៊ី ចូលមកធ្វើឲ្យមានការប៉ះពាល់ដល់សន្តិសុខប្រទេសថៃនោះអាជ្ញាធរថៃនឹងពិចារណាមិនអនុញ្ញាតឲ្យមេបក្សប្រឆាំងរូបនេះធ្វើដំណើរចូលមកក្នុងប្រទេសថៃនោះទេ។
លោកបានបញ្ជាក់ថា៖ «(យើង) បានទទួលព័ត៌មានមកថា ពេលមានការប្រជុំផ្សេងៗអាចនឹងមានក្រុមដែលត្រូវការអំពាវនាវឲ្យចេញមកធ្វើបាតុកម្មតាមធម្មតា ប៉ុន្តែប៉ូលិសនឹងមានវិធានការក្នុងការការពារឲ្យមានសណ្តាប់ធ្នាប់»។ លោក ចែងយ៉តស៊ុខ ត្រូវបានស្រង់សម្តីទៀតថាលោកបានទទួលព័ត៌មានមកថាលោក សម រង្ស៊ី នឹងមកធ្វើសកម្មភាពនៅអំឡុងពេលប្រជុំអាស៊ាន ប៉ុន្តែព័ត៌មាននេះនៅមិនទាន់ប្រាកដនៅឡើយទេ។
ប៉ុន្តែទោះជាយ៉ាងណាលោកព្រមានថា៖ «ប្រសិនបើការធ្វើដំណើរចូលមកបង្កឲ្យមានផលប៉ះពាល់ប្រទេសជាតិ ឬសន្តិសុខ (យើង) នឹងធ្វើការពិចារណាមិនអនុញ្ញាតឲ្យ (លោក សម រង្ស៊ី) ធ្វើដំណើរចូលមកប្រទេសថៃនោះទេ»។ លោកឲ្យដឹងទៀតថារដ្ឋាភិបាលថៃបានត្រៀមកម្លាំងប៉ូលិស ១ ម៉ឺននាក់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពដល់មេដឹកនាំកំពូលអាស៊ានដែលមកប្រជុំក្នុងក្រុងបាងកក និងខេត្ត នុនថាកបុរី ក្នុងពេលខាងមុខ។
លោក ផៃស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា បើព័ត៌មានខាងលើនេះជាការពិតមែន រាជរដ្ឋាភិបាលកម្ពុជាសូមស្វាគមន៍ ពីព្រោះនេះគឺជាផ្នែកមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ហើយថា វាបង្ហាញពីការមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «យើងមិនទាន់ដឹងច្បាស់ទេ តែខ្ញុំឃើញគេបង្ហោះហ្វេសប៊ុកបន្តគ្នាពីរឿងហ្នឹង។ យើងមិនទាន់ដឹងថា ពិតប្រាកដ ឬមិនពិតប្រាកដ។ ប្រសិនបើមានការប្រកាសបែបនេះក្រសួងមហាផ្ទៃប្រាកដជាដឹងហើយ។ ប្រសិនបើដូច្នេះមែន យើងសូមថ្លែងនូវអំណរសាទរចំពោះការប្រកាសនេះ»។
វិធានការរបស់ប្រទេស ថៃ ពេលនេះបានធ្វើឡើងស្របទៅនឹងលោក សម រង្ស៊ី ដែលថ្លែងថាលោកមានបំណងវិលចូលប្រទេសកម្ពុជាជាមួយពលករខ្មែរ ដោយដើរឆ្លងកាត់តាមព្រំដែន កម្ពុជា-ថៃ។
លោក សម រង្ស៊ី បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយតំណាងរាស្ត្រសេរីនិយមមកពីប្រទេសជាច្រើនដែលបានចូលរួមសន្និសីទនៃសហភាពអន្តរសភា (IPU) ក្នុងទីក្រុង បែលក្រាដ ប្រទេសស៊ែប៊ីកាលពីថ្ងៃទី ១៤ ខែតុលាជាមួយនឹងការអំពាវនាវឱ្យប្រទេសសេរីផ្សេងៗដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាកុំឱ្យប្រើប្រាស់អំពើហិង្សាលើរូបលោក និង អ្នកគាំទ្រពេលចូលមកប្រទេស កម្ពុជា។ «ខ្ញុំមានបំណងចូលមកប្រទេសកម្ពុជាតាមប្រទេសថៃដែលជាប្រទេសជិតខាងរបស់កម្ពុជាដែលមានពលករខ្មែរ ២ លាននាក់កំពុងរស់នៅហើយពួកគេភាគច្រើនបានគាំទ្រយើង ហើយពួកគេចង់ចូលរួមជាមួយខ្ញុំដើរឆ្លងកាត់ព្រំដែនចូលប្រទេសកម្ពុជា»។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានចាត់ទុកការប្រកាសរបស់មន្ត្រីនគរបាលជាន់ខ្ពស់ថៃថា ជាផ្នែកមួយនៃការសហការជាមួយប្រទេស កម្ពុជា ក្នុងការទប់ស្កាត់បទល្មើស ហើយថាប្រទេស ថៃ សហការជាមួយប្រទេសកម្ពុជាក្នុងការចាប់ខ្លួនលោក សម រង្ស៊ី ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
លោកបានបញ្ជាក់ថា៖ «យើងឃើញប្រទេស ថៃ គេផ្តល់តម្លៃលើទំនាក់ទំនងរវាងប្រទេសទាំង ២...វាបង្ហាញច្បាស់ណាស់ថាអាជ្ញាធរថៃគឺសហការជាមួយអាជ្ញាធរកម្ពុជាពាក់ព័ន្ធនឹងករណីលោក សម រង្ស៊ី»។
សូមរំឭកថាក្នុងពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស បានបញ្ជូនដីកាចាប់ខ្លួនលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិផ្សេងទៀតទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន៕