ភ្នំពេញៈ អ្នកច្បាប់​នៃ​ក្រសួងយុត្តិធម៌​បាននិង​កំពុង​ពិនិត្យ​សំណើ​បន្ធូរបន្ថយ​ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ជា​បុរស​ចំនួន​ ៤៥៤ ​នាក់ និង​ស្ត្រី​ ៥៨ ​នាក់​ នៅក្នុង​អំឡុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះខែ និង​អកអំបុក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅក្នុង​ខែ​វិចិ្ឆកា​ថ្ងៃទី​ ១០-១២ ខាង​មុខ​នេះ​។ សំណើ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ពន្ធនាគារ​ និង​មណ្ឌល​​កែប្រែ​ពី​ទូទាំង​ប្រទេស​។

សេចក្ដី​ជូនដំណឹង​កាលពី​ម្សិលមិញ​របស់​ក្រសួង​យុត្ដិធម៌​ស្ដីពី​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​បញ្ជី​ស្នើ​នេះ​បាន​ឲ្យ​ដឹងថា លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ ដើម្បី​ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ទាំងនោះ​យោងតាម​លក្ខខណ្ឌ​នៃ​ការ​អនុវត្ដ​ទោស​ក្នុង​ពន្ធនាគារ និង​លក្ខខណ្ឌ​នៃ​ការកែប្រែ​។

សេចក្ដី​ជូនដំណឹង​នេះ​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ​នឹង​ពិនិត្យ​លើ​បញ្ជី​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​ពី​ពន្ធនាគារ​រាជធានី-ខេត្ត​ចំនួន​ ២៣ ​និង​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ៤ ​ដោយមាន​ទណ្ឌិត​សរុប ៥១២ នាក់ (​ស្រី ៥៨ នាក់​)​។

លោក គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជាទូទៅ​កម្មវិធី​ ៣ ដែល​បាន​អនុញ្ញាត​តាមច្បាប់​ក្នុង​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ រួមមាន ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បុណ្យ​វិសាខបូជា និង​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះខែ និង​អកអំបុក​។

លោក សន្តិភាព បាន​អះអាង​ថា​រាល់​កម្មវិធី​បុណ្យ​ទាំង​ ៣ ​នេះ​ក្រសួង​យុត្ដិធម៌​ដែល​មាន​រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ក្នុង​ការត្រួតពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស​ និង​លើកលែង​ទោស​បាន​ទទួល​យក​នូវ​សំណើ​ពី​គណៈកម្មការ​រាជធានី-ខេត្ដ​ និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ ដើម្បី​យក​មក​ពិនិត្យ​លក្ខណ​សម្បត្ដិ និង​លក្ខខណ្ឌ​យ៉ាងណា​ដើម្បី​អាច​ឲ្យ​ទណ្ឌិត​ណាមួយ​នោះ​អាច​ទទួល​បាន​ការអនុគ្រោះ​។

ទណ្ឌិត​ដែល​អាច​ទទួល​បាន​ការអនុគ្រោះ​ទោស​ក្នុង​ប្រភេទ​បន្ធូរ​បន្ថយទោស លុះណា​តែ​ទណ្ឌិត​នោះ​ទទួ​លបាន​ការអប់រំ​កែប្រែ​ខ្លួន​បានល្អ​រួចហើយ និង​ទទួល​បានការ​អនុវត្ដ​ទោស​យ៉ាងតិច ១ ​ភាគ ​៣ នៅក្នុង​ពន្ធនាគារ​នោះ​ទើប​អាច​ពិនិត្យ​ផ្ដល់នូវ​ភាពអនុគ្រោះ​បន្ធូរបន្ថយ​ទោស​បាន​។ ប៉ុន្ដែ​នៅក្នុង​លក្ខខណ្ឌ​លើកលែង​ទោស​លុះណា​តែ​ទណ្ឌិត​នោះ​បាន​អនុវត្ដ​ទោស​ក្នុង​ពន្ធនាគារ​យ៉ាង​តិច​ ២ ​ភាគ​ ៣ ​នៃ​ទោស​ដែល​បាន​កំណត់​ដោយ​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​។

លោក គឺម សន្ដិភាព ថ្លែង​ថា​៖ «​ទណ្ឌិត​ (​ម្នាក់ៗ​) ដែល​អាច​ទទួល​បាន​ការអនុគ្រោះ​ទោស លុះត្រា​តែ​ទណ្ឌិត​នោះ​បាន​បំពេញ​លក្ខខណ្ឌ​ជា​ចាំបាច់​របស់​ក្រសួង​យុត្ដិធម៌​រួមមាន​លក្ខខណ្ឌ​នៃ​ការអនុវត្ដ​ទោស​ក្នុង​ពន្ធនាគារ និង​លក្ខខណ្ឌ​នៃ​ការកែប្រែ​»​។

លោក គឹម សន្តិភាព បាន​ឲ្យ​ដឹង​ទៀត​ថា​ទណ្ឌិត​ដែល​ជាប់ទោស​លើ​បទល្មើស​មួយ​ចំនួន​ដូចជា បទល្មើស​ជួញដូរ​គ្រឿងញៀន បទល្មើស ឧក្រិដ្ឋ​ដែល​មាន​លក្ខណៈ​សាហាវព្រៃផ្សៃ និង​បទល្មើស​មួយ​ចំនួន​ទៀត​ជា​ប្រភេទ​បទល្មើស​អមនុស្សធម៌ ដូចជា​បទល្មើស​រំលោភ​គឺ​មិន​មាន​ភាពអនុគ្រោះ​ដល់​ទណ្ឌិត​ប្រភេទ​នេះ​ទេ​។

លោក​បាន​ឲ្យ​ដឹងថា ចំនួន​ទណ្ឌិត​ដែល​បាន​ស្នើសុំ​ការបន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​ក្នុង​ឆ្នាំ​នេះ​មាន​ចំនួន​ប្រហាក់​ហែល​ទៅ​នឹង​ចំនួន​ទណ្ឌិត​ស្នើសុំ​កាលពី​ឆ្នាំមុន​ដែរ​។ ប៉ុន្ដែ​ចំនួន​នៃ​ការអនុគ្រោះ បន្ធូរបន្ថយ និង​លើកលែង​ប៉ុន្មាន​នាក់​នោះ​គឺ​អាស្រ័យ​លើ​គណៈកម្មការ​ពិនិត្យ​មើល​ជាក់ស្ដែង​សិន​។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ចំនួន​ទណ្ឌិត​ដែល​ទទួលបាន​ការបន្ធូរបន្ថយ និង​លើកលែងទោស​មាន​ចំនួន​តិចជាង​ឆ្នាំមុនៗ​។

លោក​ថ្លែងថា​៖ «​កាលពីមុនៗ​មក​យើង​ឃើញ​មាន​ការបន្ធូរបន្ថយ និង​លើកលែងទោស​ចំពោះ​ទណ្ឌិត​បាន​ច្រើន​ព្រោះ​មាន​ភាពមិនប្រក្រតី ប៉ុន្ដែ​ឥឡូវ​ចំពោះ​ការបន្ធូរបន្ថយ​ និង​ការលើកលែង​ទោស​ដល់​ទណ្ឌិត គឺ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​មាន​ភាព​តឹងរ៉ឹង​ជាង​មុន​»​។

ទោះយ៉ាងណា​ក៏ដោយ​លោក សំអាត បាន​ឲ្យ​ដឹងថា ទណ្ឌិត​ដែល​ជាប់​ទោសទណ្ឌ​ដោយ​និន្នាការ​នយោបាយ ឬ​ក៏​ជា​អ្នកទោស​មនសិការ​គឺ​មិន​សូវ​ឃើញ​មាន ឬ​ក៏​មិនមាន​នៅក្នុង​បញ្ជី​សម្រាប់​ទណ្ឌិត​បន្ធូរបន្ថយ​ទោស​នោះទេ​៕