កំពង់ចាមៈ នៅ​ទីបំផុត​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម​បាន​រកឃើញ​ទីតាំង​កប់​ក្បាល​ជន​រង​គ្រោះ​ជីដូន និង​ចៅស្រី​ ដែល​ត្រូវ​បាន​គេ​សម្លាប់ និង​កាត់​ក្បាល​យក​ទៅ​លាក់​ទុក​នោះ​ហើយ​ក្រោយ​ពី​បាន​ប្រឹងប្រែង​ស្រាវជ្រាវ និង​រុករក​អស់​រយៈពេល​ជាង ២ សប្ដាហ៍​កន្លង​មក។

លោក ហេង វុទ្ធី ស្នងការរង​ខេត្តកំពង់ចាម​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ក្បាល​របស់​សព​អ្នកស្រី ពូ អូន និង​ចៅស្រី​របស់​គាត់ ឈ្មោះ ខេង សាវឿន ត្រូវ​បាន​ឆ្កែ ១ ក្បាល​ពាំ​ចេញ​ពី​ក្នុង​ព្រៃ​មក​ទម្លាក់​ចោល​នៅ​ក្បែរ​បន្ទប់​ទឹក​ផ្ទះ​អ្នក​ភូមិ​ម្នាក់​កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៨ ខែ ​មេសា ហើយ​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ មេសា ក្រុម​កម្លាំង​នគរបាល​ចម្រុះ​ខេត្ត​កំពង់ចាម សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ និង​បាន​រកឃើញ​ទីតាំង​កប់​ទុក​ក្បាល​ជន​រង​គ្រោះ​ទាំង ២ នោះ​នៅ​ក្នុង​ព្រៃ​ចម្ងាយ​ជិត ២ គីឡូម៉ែត្រ​ពី​ភូមិ។

លោក វុទ្ធី បាន​បញ្ជាក់ថា៖ «តាមរយៈ​ដាន​ស្នាម​ឆ្កែ​កាយ ក្រុមសមត្ថកិច្ច​យើង​ក៏បាន​ប្រទះ​ឃើញ​ទីតាំង​ដែល​ត្រូវ​បាន​គេ​កប់​ក្បាល​ជន​រង​គ្រោះ​លាក់​ទុក​ដើម្បី​បំបាត់​ភ័ស្តុតាង​នោះ​តែម្ដង»។

លោក​បាន​បន្ថែមថា៖ «ក្បាល​ទាំងនោះ​យើង​បានប្រគល់​ទៅ​​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​យកទៅ​រៀបចំ​ពិធី​តាម​ជំនឿ និង​ប្រពៃណី​របស់​ពួកគេ ហើយ​សំណាក​មួយ​ផ្នែក​តូច​បាន​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​មកពី​អង្គភាព (CPU) យក​ទៅ​ពិនិត្យ DNA ដើម្បី​ស្វែងរក​ការ​ពិត និង​ធ្វើជា​ភ័ស្ដុតាង​បន្ថែម​ទៀត ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះ»។

អ្នកស្រី ពូ អូន អាយុ ៦៥ ឆ្នាំ និង​ចៅស្រី​របស់គាត់ ឈ្មោះ ខេង សាវឿន អាយុ ៦ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ត្រូវ​បាន​គេ​សម្លាប់​ដោយ​កាត់​ក្បាល ហើយ​សព​របស់​ពួកគាត់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង​ដែល​មាន​ចម្ងាយ​ប្រមាណ ១៥០ ម៉ែត្រ ពី​ព្រំចម្ការ​ស្វាយចន្ទី​របស់​គាត់​កាល​ពី​ថ្ងៃ​ទី ២ ខែ មេសា ឆ្នាំ ២០១៩។ ២ ថ្ងៃ​ក្រោយពី​មាន​ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​បុរស ២ នាក់​ដែល​ជា​ឪពុក​កូន​នឹង​គ្នា រួមមាន​ឈ្មោះ ស៊ីម ខេង ៥៥ ឆ្នាំ និង ឈ្មោះ ស៊ីម សុខ​ខេត អាយុ ៣៦ ឆ្នាំ ជា​អ្នក​រស់​នៅ​ជិត​ខាង​ជាមួយ​នឹង​ជន​រង​គ្រោះ ហើយ​សាលា​ដំបូង​ខេត្ត​កំពង់ចាម​បាន​សម្រេច​ឃុំខ្លួន​ឪពុក​កូន​ទាំង ២ នោះ ដោយ​ចោទ​ប្រកាន់​ពីបទ «ឃាតកម្ម គិតទុក​ជាមុន» បន្ទាប់​ពី​សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុតាង​ក្រមា​ប្រឡាក់​ឈាម​មួយ ដែល​ជន​សង្ស័យ​បាន​អះអាង​ថា ជា​របស់​ខ្លួន។

អ្នកស្រី ដើ​ង ចាន់ថា អាយុ ២៤ ឆ្នាំ ដែលជា​កូនស្រី​របស់​អ្នកស្រី ពូ អូន និង​ជា​ម្ដាយ​កុមារី ខេង សាវឿន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រហូត​មក​ទល់​ពេល​នេះ អ្នក​ស្រី​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​ថា​ហេតុអ្វី​បាន​ជា​អ្នក​ជិត​ខាង​របស់​គាត់​ទាំង ២ នាក់​ឪពុក​និង​កូន​នោះ​សម្លាប់​ម្ដាយ និង​កូនស្រី​គាត់​យ៉ាង​ឃោរឃៅ​បែប​នេះ បើ​កន្លង​មក​ពួកគេ​មិន​ធ្លាប់​មាន​ភាព​ល្អក់​កករ​នឹង​គ្នា​ផង​នោះ។

អ្នកស្រី​បាន​និយាយថា៖ «ខ្ញុំមិនដឹងថា តើ​ពួកគាត់​ទាំង ២ ជា​ឃាតករ​សម្លាប់​ម្ដាយ និង​កូនស្រី​របស់​ខ្ញុំ​ពិត​ប្រាកដ​ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ពួកគាត់​នៅ​មិន​ទាន់​បាន​សារភាព ហើយ​ពួក​យើង​ក៏​មិន​ធ្លាប់​មាន​ទំនាស់​អ្វីនឹង​គ្នា​ដែរ។ ករណី​នេះ​ខ្ញុំ​ជឿ​ជាក់​លើ​សមត្ថកិច្ច​ថា​នឹង​ស្វែងរក​ការ​ពិត និង​ផ្ដល់​ភាព​យុត្តិធម៌សម្រាប់​ម្ដាយ និង​កូនស្រី​ខ្ញុំ»។

បើតាម​លោក វុទ្ធី ការពិត​នឹង​លាតត្រដាង ក្រោយពេលក្រុម​មន្ត្រី​ជំនាញ​នៃ​អង្គភាព CPU ប្រកាស​លទ្ធផល DNA នៃ​សំណាក​លលា​ដ៏​ក្បាល ជន​រង​គ្រោះ​ទាំង ២ រូប​នៅ​ពេល​ខាង​មុខ​នេះ៕