ភ្នំពេញៈ ទីភ្នាក់ងារ​សុខភាព និង​សុវត្ថិភាព​ការងារ​កូរ៉េ (KOSHA) ​កាលពី​ថ្ងៃទី​ ១០ ខែធ្នូ​ បាន​ចុះហត្ថលេខា​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សម្រេច​បន្ត​កិច្ចសហប្រតិបត្តិការ​ជួយ​ពង្រឹង​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​ពលករ​ខ្មែរ​រហូត​ដល់​ឆ្នាំ​ ២០២២​។

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក Chuil-woo LEE អនុប្រធាន​ទីភ្នាក់ងារ KOSHA របស់​សាធារណរដ្ឋ​កូរ៉េ​កាលពី​ថ្ងៃ​អង្គារ​នៅ​ខេត្ត​សៀមរាប​។

លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា គម្រោង​នេះ​បាន​បន្ត​ចាប់ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ​ ២០២២ ក្រោយ​អនុវត្ត​ចំនួន​ ៣ ​លើក​តាំងពី​ឆ្នាំ​ ២០១០ ​មក​។

លោក តុង ថ្លែង​ថា​៖ «​ការចុះ​ MoU ​នេះ​គឺ​គាត់​បញ្ជូន​អ្នកជំនាញ​របស់​គាត់ ដែល​ផ្តោត​ទៅលើ​សុវត្ថិភាព​សំណង់​គាត់​មក​បណ្តុះបណ្តាល​យើង ដែល​មួយ​ឆ្នាំ​គាត់​បញ្ចូន​មក​ ២ ​នាក់ ហើយ​ក្នុង​ ១ ​ឆ្នាំ គាត់​យក​មន្ត្រី​ពី​ខាង​យើង​ជាង ១០ ​នាក់​ទៅ​រៀន​ប្រទេស​គាត់​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង គាត់​ក៏​បាន​ឧបត្តម្ភ​សម្ភារ​ផ្សេងៗ​ទៀត​ដែល​កូរ៉េ​អ្នក​ចំណាយ​ទាំងអស់ ហើយ​ក្នុង​មួយ​វគ្គៗ​រាប់សិប​ម៉ឺន​ដុល្លារ​»​។

លោក​បន្តថា​ គោលបំណង​នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ​នេះ គឺ​ដើម្បី​គាំទ្រ និង​កសាង​សមត្ថភាព​ដល់​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សុវត្ថិភាព និង​សុខភាព​ការងារ ព្រមទាំង​រួម​​ចំណែក​ក្នុង​ការលើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ​និយោជិត​នៃ​ប្រទេស​ទាំង​ ២ ​ផង​ដែរ​។

លោក ឡេង តុង បាន​ឲ្យ​ដឹង​ដែរ​ថា​ក្នុង​គម្រោង​សុវត្ថិភាព និង​សុខភាព​ការងារ​រយៈពេល​ជាង​ ៩ ឆ្នាំ​កន្លង​មក​នេះ​កូរ៉េ​បាន​ជួយ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​ជិត ១០០ នាក់​នៅ​ប្រទេស​របស់​គេ និង​ការបញ្ជូន​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព និង​សុខភាព​មក​បណ្តុះបណ្តាល​មន្ត្រី​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​រាប់ពាន់​នាក់​នៅ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ជារួម​នៅពេល​ដែល​ប្រទេស​យើង​ចាប់ផ្តើម​រីកចម្រើន គឺ​យើង​ផ្តោត​យកចិត្ត​ទុកដាក់​ទៅលើ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ​។ ពេល​សេដ្ឋកិច្ច​រីកចម្រើន ជាពិសេស​វិស័យ​សំណង់ និង​ឧស្សាហកម្ម​ក៏​កាន់តែ​ច្រើន នោះ​គ្រោះថ្នាក់​នៅ​កន្លែង​ធ្វើការ​ហ្នឹង​ក៏មាន​ច្រើន ដែល​ចៀស​មិន​ផុត​ទេ​។ អ៊ីចឹង​យើង​ផ្តោត​សំខាន់​ទៅលើ​ការការពារ​ចំពោះ​ការគ្រោះថ្នាក់​របស់​កម្មករ​យើង​ឲ្យ​ហើយ​»​។

លោក ឡេង តុង ក៏​អះអាង​ដែរ​ថា​គម្រោង​នេះ​ក៏​បាន​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា ស្របពេល​ដែល​ប្រទេស​ទាំង​ ២ កំពុង​សិក្សា​បង្កើត​ច្បាប់​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដែល​ជួយ​ឲ្យ​កម្ពុជា​អាច​អនុវត្ត​បាន​ដោយ​ល្អប្រសើរ និង​គ្រប់​ជ្រុងជ្រោយ​ទៅ​ថ្ងៃ​អនាគត​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​លើកឡើង​ថា ការគិតគូរ​ក្នុង​ការពង្រឹង​សុវត្ថិភាព និង​សុខភាព​ការងារ​ជាមួយ​កម្ពុជា​គឺជា​ការប្រសើរ ហើយ​ក៏​ចង់ឃើញ​ស្ថាប័ន​ទាំង​ ២ ​នេះ​ធ្វើការ​យកចិត្ត​ទុកដាក់​បន្ថែមទៀត ចំពោះ​យន្តការ​តាមដាន​ឲ្យ​បាន​ល្អិតល្អន់​នៅតាម​បណ្តា​រោងចក្រ សហគ្រាស ជុំវិញ​បញ្ហា​បរិស្ថាន និង​ស្តង់ដា​ការងារ​នៅ​កន្លែង​ធ្វើការ​។

លោក​ថ្លែង​ថា ព្រោះ​វា​ជា​មូលហេតុ​ធំ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព​របស់​កម្មករ ជាពិសេស​ធ្វើឲ្យ​កម្មករ​នៅតែ​បន្ត​ដួលសន្លប់​នៅ​កន្លែង​ធ្វើការ ហើយ​បញ្ហា​ទាំងនេះ​មិន​អាច​ទប់ស្កាត់បាន​ទេ គឺ​នឹង​ធ្វើឲ្យ​មាន​ការខាតបង់ និង​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ចជាតិ ទាំង​ម្ចាស់​ក្រុមហ៊ុន និង​កម្មករ​ផ្ទាល់​។

លោក​បញ្ជាក់ថា​៖ «​យើង​ពិនិត្យ​ឃើញ​រង្វង់​នៃ​បញ្ហា​គ្រោះថ្នាក់​ហើយ ដែល​មាន​ហេតុ​គ្រោះថ្នាក់​ជាច្រើន​នាពេល​កន្លង​មក​ដូចជា​ការដួលសន្លប់​ច្រើន និង​ការបាក់​រលំ​អគារ និង​ហេតុការណ៍​ផ្សេងៗ​ទៀត​ដែល​បណ្តាល​ឲ្យ​របួស និង​ស្លាប់​ជា​បន្តបន្ទាប់​។ ទាំងអស់​នេះ បើ​សិន​ជា​យើង​មិន​បាន​យកចិត្ត​ទុកដាក់​ទេ ករណី​រីករាលដាល​នៃ​គ្រោះថ្នាក់​ការងារ​នេះ បន្ត​ជះឥទ្ធិពល​ទៅ​ដល់​កម្មករ​។ រីឯ​ម្ចាស់​រោងចក្រ សហគ្រាស គាត់​ក៏​អាច​នឹង​ខាតបង់​ដូចគ្នា​ដែរ នៅពេល​បណ្តាល​ឲ្យ​កម្មករ​ជួប​គ្រោះថ្នាក់​»​។

លោក ឡេង តុង បាន​ឲ្យ​ដឹងថា​ ក្នុង​មួយឆ្នាំៗ​មាន​កម្មករ កម្មការិនី​ចន្លោះ​ពី​ ១០០ ​ទៅ​ ២០០ នាក់​ ដែល​បាន​ចុះ​បញ្ចី​នៅ​របប​សន្តិសុខ​សង្គម​បាន​ដួលសន្លប់​នៅតាម​រោងចក្រ ខណៈ​ចំនួន​នេះ​មិនបាន​រាប់បញ្ចូល​កម្មករ កម្មការិនី​ដទៃទៀត​ដែល​មិនបាន​ចុះបញ្ជី និង​ទទួល​សេវា​ពី ប.ស.ស នោះ​ទេ​៕