ភ្នំពេញៈ សហរដ្ឋអាមេរិកកាលពីចុងសប្ដាហ៍កន្លងមកបានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតខ្លួននៅរាជធានីភ្នំពេញដោយបានបង្ហាញទស្សនៈលើទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិន និងកម្ពុជា មិនជួយបង្កើតឲ្យមានការងារ ឬជួយដល់ឧស្សាហកម្មកម្ពុជានោះទ បើប្រៀបជាមួយទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ស្ថានទូតសហរដ្ឋអាមេរិក បានសរសេរថា៖ «ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេស ចិន ដែលមិនជួយដល់ការធ្វើឱ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេស កម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។ នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេស កម្ពុជា បានងាកចេញពីយុទ្ធសាស្ត្រសេដ្ឋកិច្ច ដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្ត្រសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើនទៅលើប្រទេស ចិន»។
ជាមួយគ្នានេះដែរ កាលពីថ្ងៃសៅរ៍ស្ថានទូតចិនប្រចាំនៅរាជធានីភ្នំពេញក៏បានសរសេរសារនៅលើហ្វេសប៊ុករបស់ស្ថានទូតដូចគ្នាដោយបង្ហាញអំពីស្ថិតិនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន និងទំនប់វារីអគ្គិសនីនៅកម្ពុជា ក្នុងនោះកសាងផ្លូវ Highways ចំនួន ៣១ ខ្សែ និងស្ពានចំនួន ៨ ដែលមានប្រវែងសរុបជាង ៣ ០០០ គីឡូម៉ែត្រ និងស្ថានីយវារីអគ្គិសនីជាច្រើនទៀត។
សាររបស់ស្ថានទូតចិន បានសរសេរថា៖ «វាគឺជារឿងធម្មតាទេ ព្រោះនៅក្នុងពិភពនៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើដំណើរហួសពីកម្រិតទ្វេភាគី។ នៅក្នុងករណីកម្ពុជាវិញ ប្រទេស កម្ពុជា បាននាំចូលនូវវត្ថុធាតុដើមវាយនភណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភណ្ឌយ៉ាងច្រើនពីប្រទេស ចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេចទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។ នៅក្នុងករណីនេះ វាគឺជាភាពសកម្មបំផុតរបស់កម្មករខ្មែរ ដែលបម្រើក្នុងវិស័យឧស្សាហកម្ម»។
ជាមួយនឹងសារឆ្លើយឆ្លងគ្នារវាងស្ថានទូតសហរដ្ឋអាមេរិកនិងស្ថានទូតចិន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបង្ហាញទស្សន:ថា ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញដំណឹងក្លែងបន្លំ (Fake News) វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេសមួយទៀតដែលខ្លួនមានទំនាក់ទំនងស្ថានទូតជាមួយផង។
លោក កាញារីទ្ធ សរសេរថា៖ «អ្នកវិភាគនៅទីនេះខំបង្ហាញថា គឺពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទេដែលបានបង្កើតការងារនៅស្រុកខ្មែរ តែគេ «ភ្លេច» បង្ហាញរឿងមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចផងដែរ នោះគឺទំហំវិនិយោគចូលមកក្នុងប្រទេសកម្ពុជាវិញតើមានប៉ុន្មាន? យើងមានតែចង់កសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះប្រឹងដុតកម្លោចទំនាក់ទំនងនេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា លោក Arend Zwartjes កាលពីម្សិលមិញសុំមិនធ្វើអត្ថាធិប្បាយបន្ថែមទៅលើសារដែលបានឆ្លើយឆ្លងគ្នាកន្លងមកនោះទេ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញ ដោយអះអាងថា សារឆ្លើយឆ្លងគ្នារវាងស្ថានទូតអាមេរិក និងចិនបានឆ្លុះបញ្ចាំងឲ្យឃើញទិដ្ឋភាពប្រវត្តិសាស្ត្រ និងបច្ចុប្បន្នភាព ដែលបានយកកម្ពុជាធ្វើជាឈ្នាន់។
លោក សុខ ទូច ថ្លែងថា ទី១ ប្រទេសទាំង ២ នេះ ធ្លាប់បានប្រើប្រាស់ទឹកដីកម្ពុជាសម្រាប់សាកល្បងគ្នា ហើយក្នុងពេលនេះក៏មិនខុសគ្នាដែរ ដោយប្រើប្រាស់គ្រប់រូបភាព ដើម្បីបានកម្ពុជា។
-ទី២ គឺនៅពេលនេះ ជាពេលវេលាដែលប្រទេសធំៗ ចាប់ផ្តើមប្រមូលយកប្រទេសតូចៗ ដូចជាកម្ពុជាជាដើម តាមរយៈទំនាក់ទំនងសេដ្ឋកិច្ច ដែលមើលឃើញថា បច្ចុប្បន្ន ចិនមានឥទ្ធិពលខ្លាំងមកលើសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ដូចជាលើវិស័យអចលនទ្រព្យ លើវិស័យទេសចរណ៍ និងលើលំហូរចូលសម្ភារប្រើប្រាស់ជាច្រើនមកកម្ពុជា ហើយអ្វីទាំងនេះ គឺអាមេរិកគ្មាននោះទេ។
-ទី៣ លោក សុខ ទូច និយាយថា ដោយសារតែប្រទេសមហាអំណាចនេះមិនហ៊ានវាយ ប្រហារគ្នាចំពោះមុខ ដូច្នេះយកកម្ពុជាជាឈ្នាន់ដើម្បីវាយប្រហារគ្នា។
លោក សុខ ទូច ថ្លែងថា៖ «ព្រឹតិ្តការណ៍លើកនេះមិនអាចធ្វើឲ្យកម្ពុជាដើរជាន់ដានប្រវត្តិសាស្ត្រនោះទេ ព្រោះតែកម្ពុជាបានធ្វើនយោបាយវៃឆ្លាត ដោយមិនយកអ្នកណាជាសត្រូវនោះទេ ហើយស្វាគមន៍គ្រប់ប្រទេសទាំងអស់ ឲ្យតែផ្តល់ផលចំណេញដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួន។ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ជាប្រទេសមួយរកដៃគូ ដោយប្រើប្រាស់នយោបាយចម្រុះពណ៌ ដែលមិនសំខាន់ប្រទេសនោះ ជាប្រទេសអ្វីទេ? សំខាន់ប្រទេសនោះ ផ្តល់ផលប្រយោជន៍មកកម្ពុជាសូម្បីតែអាមេរិកក៏ដោយ»។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីបុណ្យព្រះយេស៊ូគ្រិស្ដកាលពីថ្ងៃអាទិត្យ នៅខេត្តបាត់ដំបងថា កម្ពុជាប្រកាន់យកនយោបាយការបរទេសទាក់ទងគ្រប់ប្រទេសទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ ដែលជាប្រទេសអព្យាក្រឹត ហើយមិនចងបក្សសម្ព័ន្ធ និងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធានៅក្នុងទឹកដីកម្ពុជាទេ។
លោក ស ខេង ថ្លែងថា៖ «មានគេចោទថា (កម្ពុជា) ម៉េចក៏ងាកទៅចិនខ្លាំងម្ល៉េះ មិនងាកទៅលោកខាងលិចផង ឧទាហរណ៍អ៊ីចឹង? តែយើងមិនមានបំណងអ៊ីចឹងទេ?។ ការពិតទៅគឺត្រូវតែទាក់ទងទាំងអស់ តាមរដ្ឋធម្មនុញ្ញដែលបានចែង ហើយយើងទាក់ទងទាំងអស់ ចិន ក៏ទាក់ទងអាមេរិកក៏ទាក់ទង អឺរ៉ុបក៏ទាក់ទង ដែលយើងកំពុងធ្វើសព្វថ្ងៃហើយតើ»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ៕