ឧត្ដរមានជ័យៈ រូបសំណាកទេវរូបចំនួន ២ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌជាតិ បន្ទាប់ពីពលរដ្ឋនៅភូមិសុភាព ឃុំគោកឪឡោក ស្រុកបន្ទាយអម្ពិល ប្រទះឃើញនិងបានប្រគល់ជូនសមត្ថកិច្ចជំនាញកាលពីថ្ងៃសុក្រ។
លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២១ កក្កដា ថា រូបសំណាក់ទេវរូបទាំង ២ នេះ មាន ១ អង្គ ជាព្រះវិស្ណុ កម្ពស់ ៥១ សង់ទីម៉ែត្រ និងទទឹង ១៨ សង់ទីម៉ែត្រ។ រីឯ ១ អង្គទៀត ជាទេវរូបក្បាច់កញ្ចាំងដែលភាគច្រើនត្រូវបានគេប្រទះឃើញមាននៅតាមជញ្ជាំង និងរបងប្រាសាទបុរាណមានកម្ពស់ ៤០ សង់ទីម៉ែត្រ និងទទឹង ១៤ សង់ទីម៉ែត្រ។
លោកបានបញ្ជាក់ថា៖ «រូបសំណាកទេវរូបទាំង២ត្រូវបានគេធ្វើឡើងពីថ្មភក់ស្ថិតក្នុងសម័យអង្គរឬក្នុងរចនាប័ទ្មកោះកេរ្តិ៍ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ» ។
ប៉ុន្តែបើតាមលោក ហុង យឿន រូបសំណាកទាំង ២ នោះបានបាក់បែក និងបាត់បង់បំណែកខ្លះនៃរាងកាយដូចជា រូបអង្គព្រះវិស្ណុបានបាត់បង់ព្រះសិរ, ព្រះបាទ, ព្រះហស្តខាងឆ្វេងបាក់បាត់ទាំងស្រុង ខណៈព្រះហស្តខាងស្តាំបាក់បាត់១កំណាត់ខាងក្រោម។ ចំណែករូបកញ្ចាំង មានភាពសឹករេចរឹល និងបាក់បែកដោយសារការសំលៀងដោយរបស់រឹង។
លោក យឿន បានបន្ថែមថា៖ «យ៉ាងណាក៏ដោយនៅពេលនេះ យើងបាននាំយករូបទាំង ២ នោះ មករក្សាទុកនិងចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌជាតិរួចហើយ»។
រូបសំណាកទេវរូបទាំង ២ អង្គនោះ ត្រូវបានបុរសម្នាក់នៅភូមិសុភាព ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យប្រទះឃើញកាលពី ១ ខែមុន ខណៈគាត់កំពុងភ្ជួរដីដើម្បីដាំដំឡូងមី។
លោក អោន ស្វឺយ អាយុ ៥៦ ឆ្នាំ ដែលបានប្រទះឃើញរូបសំណាកនោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រូបសំណាក់នេះលោកបានប្រទះឃើញផុះឡើងតាមអាចម៍បំណះដី ពេលលោកកំពុងភ្ជួរឆូតដីធ្វើជាគន្លងដាំដំឡូងមី ។
លោកថា៖«ខ្ញុំបានរើសបំណែកនៃរូបសំណាកទាំង២នោះយកមកទុកនៅផ្ទះរបស់ខ្ញុំ និងដុសលាងសម្អាត ប៉ុន្តែដោយរូបសំណាកទាំងនោះបាត់បង់ព្រះសិរនិងអវយវៈមិនអាចរក្សាទុកបូជានៅក្នុងផ្ទះបាននៅថ្ងៃចូលវស្សាខ្ញុំក៏បានយកទៅប្រគេនព្រះចៅអធិការវត្តគោកឪឡោក ដើម្បីរក្សាទុកនៅក្នុងវត្ត»។
លោកបានបន្តថា កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩ គណៈកម្មការអាចារ្យវត្តព្រមទាំងព្រះចៅអធិការវត្ត បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំអម្ពិលឲ្យជួយអន្តរាគមន៍ហៅមន្ត្រីជំនាញមកពិនិត្យហើយបានប្រាប់ថា រូបសំណាកនោះមានអាយុកាលជាង ១០០០ ឆ្នាំមកហើយ គឺតាំងពីយុគសម័យអង្គរមកម្ល៉េះ។
លោក ស្វឺយ បានបញ្ជាក់ទៀតថា៖ «ក្រោយពីបានដឹងពីប្រវត្តិនៃរូបសំណាកនេះ ទាំងរូបខ្ញុំនិងគណៈកម្មការអាចារ្យវត្តព្រមទាំងអាជ្ញាធរមូលដ្ឋានបានសម្រេចប្រគល់ទៅឲ្យមន្ត្រីជំនាញនាំយកទៅរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ»។
បើតាមលោក ផាត ឈឹប នាយរងនគរបាលប៉ុស្តិ៍ឃុំអម្ពិល ក្រោយធ្វើពិធីប្រគល់និងទទួលរួចហើយខាងមន្ត្រីជំនាញបានប្រគល់រង្វាន់លើកទឹកចិត្តជូនគណៈកម្មការអាចារ្យវត្តក្នុងម្នាក់ៗ ៣ ម៉ឺនរៀល និងជូនអ្នកប្រទះឃើញចំនួន ៥ ម៉ឺនរៀល។
លោក ឈឹប បានបន្តថាបន្ទាប់មកក្រុមមន្ត្រីជំនាញបានចុះទៅពិនិត្យដល់ទីតាំងដែលប្រទះឃើញនោះ ដើម្បីស្វែងរកបំណែកមួយចំនួនទៀត តែរកមិនឃើញមានអ្វីផ្សេងទេ។
លោក ឈឹប បានឲ្យដឹងថា កន្លងមកទួលបុរាណ ផ្នូរបុរាណ និងប្រាសាទបុរាណជាច្រើនកន្លែងក្នុងខេត្តឧត្តរមានជ័យ ត្រូវបានគេជីករកវត្ថុស័ក្ដិសិទ្ធិនិងមានតម្លៃមួយចំនួន ដូចជា អង្កាំបុរាណ ឡតបុរាណ (កថា) ដែលធ្វើពីត្បូងគជ់ ឬថ្មកែវ។
សកម្មភាពនេះធ្វើឡើងតាមការញុះញង់ពីក្រុមឈ្មួញជនជាតិថៃ ដែលរកស៊ីជួញដូរវត្ថុបុរាណខុសច្បាប់៕