ភ្នំពេញៈ កម្ពុជា​ និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​ ២០២០ និង​បាន​ឯកភាព​យក​ចិត្ត​ទុកដាក់​បន្ត​អនុវត្ត​កិច្ចការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ដូចជា​គ្រឿងញៀន បទល្មើស​ធនធាន​ធម្មជាតិ និង​ឆ្លងដែន​ខុសច្បាប់​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៩ ​បាន​ឲ្យ​ដឹងថា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​ប្រតិភូ​ទៅកាន់​ប្រទេស​វៀតណាម​បាន​ជួប​សមភាគី​នៅ​ទីក្រុង​ហូជីមីញ កាលពី​ថ្ងៃទី​ ១៧-១៩ ខែ​មករា ឆ្នាំ​ ២០២០​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ភាគី​ទាំង​ ២ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជាច្រើន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​ក្នុង​ឆ្នាំ​ ២០១៩ ដូចជា​កិច្ចសហការ​ផ្លាស់ប្តូរ​ព័ត៌មាន​ដើម្បី​ថែរក្សា​សន្តិសុខ​ជាតិ ការពារ​ព្រឹត្តិការណ៍​ជាតិ​ធំៗ ការពារ​សុវត្ថិភាព​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​កិច្ចសហការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ការផ្លាស់ប្តូរ​ប្រតិភូ​បំពេញ​ទស្សនកិច្ច​ដក​ពិសោធ​ការងារ និង​ពិនិត្យ​ព្យាបាល​ជំងឺ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ ព្រមទាំង​ការជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ផ្នែក​សម្ភារ​បច្ចេកទេស បម្រើ​ឲ្យ​ការងារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​។

ចំណែក​ផែនការ​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​ ២០២០ បាន​ឯកភាព​គ្នា​ដោយ​យកចិត្ត​ទុកដាក់​បន្ត​អនុវត្ត ​និង​ចាត់វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន បទល្មើស​ព្រៃឈើ និង​បទល្មើស​ធនធាន​ធម្មជាតិ​ផ្សេងៗ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន និង​នៅតាម​តំបន់​មួយ​ចំនួន​ដែលមាន​ភូមិសាស្ត្រ​ស្មុគស្មាញ​។ បន្ត​ជំរុញ​ចាត់វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ការលួច​ឆ្លងដែន​ខុសច្បាប់​។

បន្ត​កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​តាម​ខ្សែបន្ទាត់​ព្រំដែន និង​សហការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដោយ​សន្តិវិធី​ឈរលើ​គោលការណ៍​គោរព​​ឯករាជ្យ និង​អធិបតេយ្យ​គ្នា​ទៅវិញ​ទៅមក​។ ដោយឡែក​យោងតាម​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ស ខេង កាលពី​ថ្ងៃទី​ ១៨ មករា​បាន​ឲ្យ​ដឹងថា កងកម្លាំង​នគរបាល​ទាំង​ ២ ​បាន​ចុះ​ហត្ថលេខា​លើ​ការងារ​លើកកម្ពស់​តួនាទី និង​ភារកិច្ច​កងកម្លាំង​នគរបាល​ក្នុង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ​។

អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក ​អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា វិធានការ​របស់​ភាគី​ទាំង​ ២ កម្ពុជា-វៀតណាម​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទបទល្មើស​គ្រឿងញៀន បទល្មើស​ព្រៃឈើ និង​បទល្មើស​​ធនធាន​ធម្មជាតិ​ផ្សេងៗ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៅ​មាន​កម្រិត​នៅឡើយ​៕