ព្រះសីហនុៈ នគរបាល​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​នៅតែ​កំពុង​បន្តធ្វើ​ការស៊ើបអង្កេត​ករណី​បាញ់​បុរស​ជនជាតិ​បរទេស​ម្នាក់​ស្លាប់​នៅ​ភូមិ​ ១ សង្កាត់ លេខ​ ៤ ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២៤ ខែ​ សីហា ឆ្នាំ​ ២០១៩ និងករណី​ដែល​ជនបរទេស​មួយ​ក្រុម​បាន​ព្រួត​គ្នា​វាយ​អ្នក​បកប្រែ​ភាសា​ជា​ជនជាតិ​ខ្មែរ​ម្នាក់​កាលពី​ថ្ងៃទី ២៣ ខែ​ សីហា​។

ជនបរទេស​ដែល​ត្រូវ​បានគេបាញ់​​សម្លាប់នោះ​ ត្រូវ​បាន​រាយ​ការណ៍​ថា គឺ​ជាជនជាតិ​ចិន។​ លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ករណី​ក្រុម​ជនជាតិ​ចិន​ដែល​បាញ់​សម្លាប់​បុរស​ជា​ជនជាតិ​ចិន​ដូចគ្នា​ម្នាក់​ស្លាប់​កាលពី​ថ្ងៃទី​ ២៤ ខែ​សីហា និង​ក្រុម​ជនជាតិ​ចិន ១ ​ក្រុម​ទៀត​ដែល​ព្រួត​គ្នា​វាយ​អ្នក​បកប្រែ​ភាសា​ជា​ជនជាតិ​ខ្មែរ​នោះ​សមត្ថកិច្ច​របស់​លោក​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ក្រុម​ជនល្មើស​ទាំងនោះ​ហើយ​។

លោក​ថ្លែង​ថា​៖ «​សមត្ថកិច្ច​របស់​ខេត្ត​ព្រះសីហនុ​កំពុង​ប្រជុំ​ពិភាក្សា​គ្នា​ដើម្បី​ចាត់ការ​រឿង​ទាំង​ ២ ​ករណី​នេះហើយ​»​។

ដូចគ្នា​នេះ​ដែរ​លោក កុល ផាលី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ជុំវិញ​បញ្ហា​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់​ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​ ២ ​ក្រុម​នេះហើយ​។ ​«​ករណី​នេះ​យើង​មិន​ធ្វេសប្រហែស​ឡើយ មិនទាន់​បាន​កំណត់​អត្តសញ្ញាណ​ជនល្មើស​ទេ ប៉ុន្តែ​ពួកគេ​ជា​ជនជាតិ​ចិន​ដូចគ្នា​»​។

បើ​តាម​លោក ផាលី ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី ២៤ ខែ​ សីហា ឆ្នាំ​ ២០១៩ នៅ​ផ្ទះ​សំណាក់​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ ១ សង្កាត់​លេខ​ ៤​។ ចំពោះ​ជនជាតិ​ចិន​ដែល​ត្រូវ​ជនល្មើស​បាញ់​ស្លាប់​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ​។

ដោយឡែក​កាលពី​ថ្ងៃទី​ ២៣ ខែ​ សីហា ឆ្នាំ​ ២០១៩ ក៏​កើតមាន​អំពើហិង្សា​ដែល​មាន​ក្រុម​ជនជាតិ​ចិន​ ១ ​ក្រុម​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​បុរស​រងគ្រោះ​ជា​ជនជាតិខ្មែរ ហើយ​ក៏​នាំ​គ្នា​រត់គេចខ្លួន​បាត់អស់​។ សមត្ថកិច្ច​ក៏​មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​មាន​ការវាយ​គ្នា​នេះដែរ ហើយ​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ទាំង​ជនរងគ្រោះ និង​ក្រុម​ជនបង្ក​ព្រោះ​ក្នុង​ហេតុការណ៍​នោះ​ក្រុម​ជនល្មើស​បាន​ដឹក​ជនរងគ្រោះ​តាម​រថយន្ត​គេចខ្លួន​។

កាលពី​ថ្ងៃទី​ ៦ ខែ​ ឧសភា ឆ្នាំ ២០១៩ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​ជនជាតិ​ចិន​ដូចគ្នា​បាញ់សម្លាប់​ទម្លាក់​ពី​លើ​រថយន្ត​។ ប៉ុន្តែ​ក្រោយ​ប៉ុន្មាន​ម៉ោង​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ខ្លួន​បាន​ ២ ​នាក់​ហើយ​កាលពី​ខែ​ កក្កដា ឆ្នាំ​ ២០១៩ ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Zhang Dan អាយុ ២៥ ​ឆ្នាំ​ជា​បុគ្គលិក​បម្រើការ​នៅ​កាស៊ីណូ អេស វី (S.V) ក្នុង​ខេត្ត​ព្រះសីហនុ​ក៏​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ផងដែរ ខណៈ​នាង​ដើរ​ចេញពី​កាស៊ីណូ​៕