កំពតៈ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​គ្រោង​ដឹក​អាវុធ​ចាស់ៗ និង​ខូចគុណភាព​ចំនួន ១ ៣៩២ ​ដើម​ ដែល​ប្រមូល​បាន​ពី​តាម​បណ្ដា​អង្គភាព​នគរបាល​ប៉ុស្តិ៍ និង​អធិការដ្ឋាន​នគរបាល​នៅ​ទូទាំង​ខេត្ត​នេះ​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅក្នុង​ឃ្លាំង​សុវត្ថិភាព​នៃ​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​ក្រសួងមហាផ្ទៃ ដើម្បី​រង់ចាំ​ការកិន​កម្ទេចចោល​នៅពេល​ឆាប់ៗ​។

លោក​ ណុប សារ៉េត ​ស្នងការរង​ទទួលបន្ទុក​ផ្នែក​អាវុធជាតិផ្ទុះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា អាវុធ​ចាស់ៗ​ និង​ខូចគុណភាព​ទាំងនោះ​ភាគច្រើន​ជា​ប្រភេទ AK CKC និង M-16​។ ពួកវា​ត្រូវ​បាន​ប្រមូល​ពី​បណ្ដា​អង្គភាព​នគរបាល​ប៉ុស្តិ៍​ និង អធិការដ្ឋាន​នានា​នៅ​ទូទាំង​ខេត្តកំពត​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ​អាវុធ​ចាស់ៗ និង​ខូចគុណភាព​ទាំងនោះ​ត្រូវ​បាន​រក្សាទុក​នៅក្នុង​ឃ្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​ទុក​ប្រគល់​ទៅ​ឲ្យ​ខាង​មន្ត្រី​នគរបាល​ជំនាញ​មកពី​នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ​ក្រសួងមហាផ្ទៃ​ពិនិត្យ និង​ដឹក​យក​ទៅ​រក្សាទុក​ក្នុង​ឃ្លាំង​ដើម្បី​ធ្វើការ​ជួសជុល​ ឬ​កិន​កម្ទេចចោល​នៅពេល​ដ៏ខ្លី​ខាងមុខ​»​។

ដោយឡែក​លោក ឯម រដ្ឋា ស្នងការរង​ទទួល​បន្ទុក​ផ្នែក​អាវុធ​ជាតិផ្ទុះ​ខេត្ត​កណ្ដាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​ក្រុមការងារ​របស់លោក​ក៏​បាន​ប្រគល់​នូវ​អាវុធ​ចាស់ៗ និង​ខូចគុណភាព​ប្រមាណ​ជាង​ ១០០០ ដើម​ទៅ​ឲ្យ​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​ក្រសួង​មហាផ្ទៃ​ដើម្បី​រក្សាទុក​ធ្វើការ​ជួសជុល​ និង​កម្ទេចចោល​ផងដែរ​។

លោក​ថា​៖ «​អាវុធ​ចាស់ៗ​ និង​ខូចគុណភាព​ទាំងនោះ​ភាគច្រើន​ជា​អាវុធ​ដែល​នៅ​សេសសល់​តាំងពី​សម័យ​សង្គ្រាម​នា​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ​និង​ ១៩៨០»​។

ចំណែក​លោក ស៊ុន អេង អធិការ​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប​ថ្លែង​ថា​អាវុធ​ចាស់ៗ​មួយ​ចំនួន​ត្រូវ​បាន​គេ​យកទៅ​ជួសជុល​កែច្នៃ និង​ប្រើប្រាស់​នៅក្នុង​បទល្មើស​ផ្សេងៗ ពិសេស​បទល្មើស​បរបាញ់​សត្វព្រៃ​។ ប៉ុន្តែ​ដោយមាន​ការផ្សព្វផ្សាយ​អប់រំ​ជារឿយៗ អំពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​អាវុធជាតិផ្ទុះ​ខុសច្បាប់ ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នងភ្នំ​កាលពី​ថ្ងៃ​ចន្ទ​បាន​នាំយក​អាវុធ​កែច្នៃ​របស់​ពួកគេ​សរុប ១៧ ដើម​ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បី​យក​មក​រក្សាទុក និង​កម្ទេចចោល​នៅពេល​ក្រោយ​។

យ៉ាងណា​ក្ដី​គ្មាន​របាយការណ៍​ណាមួយ​បង្ហាញ​ឲ្យ​ដឹង​អំពី​តួលេខ​នៃ​អាវុធ​ចាស់ៗ និង ខូចគុណភាព​ដែល​ត្រូវបាន​ប្រមូល​ពី​គ្រប់​បណ្ដា​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា​នោះទេ​។

ប៉ុន្តែ​កាលពី​ជាង​ ១០ ​ឆ្នាំ​មុន​ កម្ពុជា​ធ្លាប់​បាន​រៀបចំ​ពិធី​កិន​កម្ទេចចោល​នូវ​កាំភ្លើង​ចាស់ៗ​រាប់ពាន់​ដើម​ដែល​ជា​សំណល់​ពី​សម័យ​សង្គ្រាម​។

លោក​ ធាម ប៊ុនសេង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​​អធិប្បាយ​ជុំវិញ​ករណី​អាវុធ​ខូចគុណភាព​នេះ​៕