ភ្នំពេញៈ នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ចាប់​ជនសង្ស័យ​ចំនួន​ ៣០ ​នាក់ ​កាលពី​ថ្ងៃទី​ ១២ ធ្នូ និង​រឹបអូស​បាន​គ្រឿងញៀន​ចំនួន​ ១៥ ​កញ្ចប់​ នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

លោក អ៊ីវ ភារិទ្ធ ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ប្រាប់​ពី​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​បាន​ចំនួន​ ៣០ ​នាក់​ ដែល​ពួកគេ​សុទ្ធ​ជា​អ្នកពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទាំងអស់​។

លោក​ថ្លែង​ប្រាប់ថា​៖ «​ប៉ុន្តែ​ខាង​សមត្ថកិច្ច​របស់ខ្ញុំ​កំពុង​បន្ត​នីតិវិធី​សាកសួរ​ពួកគេ​ទៀត​ពាក់ព័ន្ធ​បទល្មើស​នេះ​»​។

លោក​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅក្នុង​ភូមិសាស្ត្រ​នោះ គឺ​សមត្ថកិច្ច​បាន​អនុវត្ត​ទៅ​តាម​ជំនាញ​ហើយ​ចាប់​ជនល្មើស​បាន​ក្នុង​បទល្មើស​ជាក់ស្តែង​។ ក្នុង​ចំណោម​មនុស្ស ៣០ ​នាក់​នោះ​ មាន​ ៣ ​នាក់​ ជា​អ្នកជួញដូរ ហើយ​អ្នក​ដែល​សល់​ពី​នោះ​ជា​អ្នកប្រើប្រាស់​។ សមត្ថកិច្ច​កំពុង​បន្ត​ពិនិត្យ​ទឹកនោម​លើ​ពួកគេ​ម្នាក់ៗ​។

ចំពោះ​វត្ថុតាង​ដែល​រឹបអូស​បាន​មាន​ថ្នាំញៀន​ដែល​ច្រក​ក្នុង​ថង់​ប្រភេទ​មេតំហ្វេតាមីន​មាន​ចំនួន​ ១៣ ​កញ្ចប់​តូច និង​ ២ ​កញ្ចប់​ធំ (​ល្មម​) ម៉ូតូ​ចំនួន​ ១០ ​គ្រឿង​, ម៉ូតូ​កង់​ ៣ (pass app) ​ចំនួន ៣ ​គ្រឿង​, ដាវសាមូរ៉ៃ​ចំនួន​ ១ ​ដើម​, រថយន្ត​កូរ៉េ ចំណុះ​ ១ ​តោន ចំនួន​ ១ គ្រឿង​, ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​ ៣​។ ​ជនសង្ស័យ​នឹង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕