ភ្នំពេញ: ជនសង្ស័យ​ចំនួន ២​ ក្រុម មាន​គ្នាចំនួន​ ១០ នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌកម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បង្ហាញមុខ​កាល​ពីម្សិល​មិញ ​ពាក់​ព័ន្ធ​នឹងការ​ប្រព្រឹត្ត​បទ​ល្មើស​លួច និង​ប្លន់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ចំនួន ១២ ករណី។

​លោក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋា​ន​​ន​គរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ដកស្រង់​សម្តីកាល​ពី​ម្សិលមិញ​ថា ក្រុម​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ស្រាវ​​​​​ជ្រាវ​ឃាត់​ខ្លួន ​​ចាប់​ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ​ ២០១៩ ដោយ​ក្រុមទី១- មាន​ជនសង្ស័យ​ចំនួន ៧ នាក់ដែល ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ចំនួ​ន ៦ ករណី និង​ក្រុមទី២- មាន​ជន​សង្ស័យ​៣នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ ៦ ​ករណី។

ក្រុមទី១- ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ ៦ ករណី​រួមមាន អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយសារ​ការ​ប្រើ អំពើហិង្សា (ប្រើ​ដាវ​កែច្នៃ ​កាប់​ប្លន់​យក​ទ្រព្យសម្បត្តិ) ចំនួន ៥ ករណី និង​​ករណី​ប្រើ​ប្រា​ស់​​សារធាតុ​ញៀន ១ ករ​ណី។ លោក សត្យា បន្តថា ជន សង្ស័យ​ចំនួន ៧ នាក់ ដែល​សុទ្ធ​តែ​ភេទ​ប្រុស​ត្រូវបាន​ឃាត់ខ្លួន​នោះ ទី១- ហួរ វណ្ណ​ឌី អាយុ ២០ ឆ្នាំ ​ឃាត់ខ្លួន​នៅ​ថ្ងៃទី ១៧ ឧសភា​។ ទី២- ឡេង សុខ​ណៃ អាយុ​ ២២ ឆ្នាំ ឃាត់ខ្លួន​នៅ​ថ្ងៃទី ១៧ ខែ​ឧស​ភា នៅ​សង្កាត់​ចោមចៅ ​១។ ​ទី៣- ឃី​ន សូ​ណា​ល់ អាយុ ១៩ ឆ្នាំ ត្រូវ​ឃាត់ខ្លួន​នៅ​ថ្ងៃទី ១៧ ខែឧសភា នៅ​សង្កាត់​ចោមចៅ ១ ទី៤- ទ្រី ករុណា អាយុ​ ១៩ ឆ្នាំ ត្រូវ​ឃាត់ខ្លួន​នៅ​ថ្ងៃទី ១៧ ខែឧសភា នៅ​សង្កាត់​ចោមចៅ​១ ។ ទី៥- ចំរើន ស​ម្បត្តិ អាយុ ២៦ ឆ្នាំ ឃា​ត់​ខ្លួន​នៅ​ថ្ងៃទី ១៧ ខែឧសភា នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ២។ ទី៦- ស៊ា​ង ម៉េង​លាភ អាយុ ១៩ ឆ្នាំ ឃាត់ខ្លួន​នៅ​ថ្ងៃទី ១៧ ខែឧសភា នៅ​សង្កាត់​ចោម​ចៅ ​១ និង​ទី៧- លី វ៉ាន់ណេត អាយុ​ ១៧ ឆ្នាំ ត្រូវ​ឃាត់ខ្លួន​នៅ​ថ្ងៃទី ១៧ ខែ​ឧសភា​នៅ​សង្កាត់​ចោមចៅ ១។

លោក ប៊ុន សត្យា បន្ត​ថា វត្ថុតាង និង​ភ័ស្តុតាង​ចាប់បាន​រួមមានដាវ​ដែក​​ចុង​ស្រួច ចំនួន​ ២ ​ដើម ម៉ូតូ​ម៉ាក​ហុង ២ គ្រឿង ដែល​ពួកគេ​បាន​លួច​ពី​ម្ចាស់​ឈ្មោះ តេង រាត្រី និង​ឈ្មោះ ​នូវ ឫទ្ធី ដែល​ពួកគេ​បាន​លួច​នៅ​ទីតាំង និង​ពេលវេលា​ផ្សេង​គ្នា។

លោក​បន្តថា ចំណែក​ក្រុមទី២ មាន​ជនសង្ស័យ​ចំនួន ៣ នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ចំនួន ៦ ករណី រួម​មាន អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រើ​អំពើហិង្សា (ឆក់​ទ្រព្យ​សម្បត្តិ) ចំនួន ៤ ករណីអំពើ​លួច ​(កាច់ក​ម៉ូតូ) ១ ក​រណី និង​ប្រើ​ប្រា​ស់​សារធាតុ​ញៀន​ខុសច្បាប់ ១ ករណី។

ករណី​ទាំងនេះបាន​ឃាត់ខ្លួន​ជន​សង្ស័​យ​ចំនួន ៣ នាក់​រួម​មា​ន ទី១- បូ អៀង អាយុ ២០ ឆ្នាំ ត្រូវបាន​ឃាត់​នៅ​ថ្ងៃទី​ ១​៨ ខែ ឧសភា​ នៅ​សង្កាត់​កា​កាប ២។ ទី២​-​ រី ហុង អាយុ ២៨​ ឆ្នាំ ត្រូវបាន​ឃាត់​នៅ​ថ្ងៃទី ១៨ ខែឧសភា​នៅ​សង្កាត់​កា​កាប​ ២ និង​ទី៣- ប៊ុន សុភ័ក្រ អាយុ​ ១៥ ឆ្នាំ ឃាត់​នៅ​ថ្ងៃទី ១៨ ខែឧសភា នៅ​សង្កាត់​កាកាប ២។

លោក​បញ្ជាក់​ថា៖ «​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល បាន​កសាង​សំណុំ​​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​»។

លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ កាលពី​ម្សិលមិញ ​បាន​បដិសេធ​ការធ្វើ​អធិប្បាយ​ជុំវិញ​ករណី​នេះ​ ដោយ​​បង្វែរ​សំណួរ​ទៅ​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​នៃ​សា​​លាដំបូង​រាជធានី​។ ប៉ុន្តែ​លោក លី សុ​ផា​​ណា ​មិន​ទទួល​ទូរស័ព្ទ​ឡើយ។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គ​ម​​កម្ពុ​ជា (ANSA) ​ថ្លែងថា ករណី​ចោរប្លន់​មានការ​ថយចុះ ប៉ុន្ដែ​ចោរលួច និ​ង​​ឆក់​កាបូប​តាម​ផ្លូវ​ទីសាធារណៈ​ហាក់​នៅ​មិនទាន់​ថមថយ​ទេ ដោយលោក​​ទាមទារ​ឲ្យ​មាន​ការចូល​រួមទាំង​ការ​អនុវ​ត្ត​​ច្បាប់ និង​ការប្រើ​បច្ចេកវិទ្យា​ដូចជា ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ផ្ទះ និង​តាម​ទី​​សាធារណៈ​នានា​ផងដែរ។

លោក​បន្តថា បើ​មាន​កា​មេរ៉ា​សុវត្ថិភាព​គ្រប់​ទីកន្លែង​បែបនេះវា​បង្ក​ភាពងាយ​ស្រួ​ល​​ដល់​សមត្ថ​កិច្ច ដើម្បី​ស៊ើប​អង្កេត និង​ស្វែងរក​មុខសញ្ញា​ទាំងអស់​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​កន្លែង​ណា​មួយ ប៉ុន្ដែ​លោក​បារម្ភ​ថា ក្រោយពី​ដឹង​មុខសញ្ញា​គ្រប់គ្រាន់​ហើយ តែ​សមត្ថ​កិច្ច​មិនសូវ​អើពើ​នឹង​ពាក្យ​បណ្ដឹង​ពល​រ​ដ្ឋ ក៏​វា​គ្មាន​ប្រយោជន៍​ដែរ។ «ការអនុវត្ត​ច្បាប់​ធូរ​លុង​ គឺ​វា​ចៀស​មិន​រួច​ពី​រឿង​កើត​ចោរ​ច្រើន​ទេ មាន​ន័យថា បើ​សមត្ថ​កិច្ច​គាត់​ខំ​ចា​ប់​ចោរ​មក​បញ្ជូន​ទៅ​តុលាការ ប៉ុន្ដែ​បែរជា​តុលាការ​ដោះលែង​មកវិញ ហើយ​ចោរ​ហ្នឹង​ដើរ​លួច ​ប្លន់​វិញ​ដដែល ដល់ពេល​មា​ន​​​ប​ញ្ហា​ម្ដង​ទៀត ​សមត្ថកិច្ច​គាត់​ខ្ជិល​ចាប់ ពេល​គេ​សួរ​តុលាការ ​តុលាការ​ឆ្លើយ​ថា សមត្ថ​កិច្ច​មិន​ព្រម​ចាប់ចោរ។ អ៊ីចឹ​ង រឿង​​ឆ្លើយ​ដាក់គ្នា​ហ្នឹងគឺ​គេ​ឃើញ​មា​ន​​ច្រើន​រឿង​មក​ហើយ»៕