ភ្នំពេញៈ នគរបាលកម្ពុជា នៅតែបន្តតាមរកចាប់ខ្លួនក្រុមជនជាតិចិនចំនួន ២០ នាក់ ដែលបានបង្ហោះវីដេអូឃ្លីប គំរាមបង្កធ្វើឲ្យមានអសន្ដិសុខនៅក្នុងខេត្តព្រះសីហនុ បើទោះបីជាស្ថានទូតចិន អះអាងថា ពលរដ្ឋខ្លួនទាំងនោះមិនមានចេតនាបង្កការអុកឡុកដល់សន្ដិសុខរបស់កម្ពុជាក្តី។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា នគរបាលកម្ពុជានៅតែបន្តធ្វើការស៊ើបអង្កេតតាមរកចាប់ខ្លួនជនជាតិចិនចំនួន ២០ នាក់ដដែល ថ្វីដ្បិតបច្ចុប្បន្ន ពួកគេ មិនបានស្នាក់នៅក្នុងប្រទេស កម្ពុជា ហើយបើទោះបីជាមានការបកស្រាយពីស្ថានទូតចិនប្រចាំកម្ពុជាថា ក្រុមចិនទាំងនោះ មិនមានចេតនាពិតប្រាកដ ក្នុងការបង្កភាពអសន្ដិសុខដល់ប្រទេសកម្ពុជាក៏ដោយ។
លោកថា៖ «យើងអត់បានរកឃើញវាផង ព្រោះវាអត់នៅស្រុកខ្មែរផង។ ប្រាកដ (នៅតែបន្តតាមរកចាប់ខ្លួន ប្រសិនបើពួកគេត្រឡប់មកកម្ពុជាវិញ) ។នៅអំឡុងដើមខែឧសភានេះ មានឃ្លីបវីដេអូមួយ ត្រូវបានគេចែករំលែកតៗគ្នា តាមបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញអំពីក្រុមជនជាតិចិនចំនួន ២០ នាក់ ភាគច្រើននាំគ្នាដោះអាវថតបង្ហោះ ដោយពួកគេនិយាយក្អេងក្អាង ជាមួយនឹងការព្រមានចេញធ្វើសកម្មភាពអុកឡុកធ្វើឱ្យមានភាពអសន្ដិសុខនៅក្នុងខេត្តព្រះសីហនុ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។
ក្រោយមានការបង្ហោះវីដេអូនេះ ស្ថានទូតចិន បានចេញមុខសម្របសម្រួលឱ្យនគរបាលកម្ពុជា និងចិនសហការគ្នា ធ្វើការស៊ើបអង្កេតតាមរកជនជាតិចិនទាំងនេះ។ រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា ស្ថានទូតចិនបានបង្ហោះព័ត៌មានតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រុមជនជាតិចិន ដែលថតបង្ហោះវីដេអូពាក់ព័ន្ធនឹងសង្គមងងឹត តាមប្រព័ន្ធអីុនធឺណិត ហើយអះអាងថា ពួកគេមកពីទីក្រុង Chongging ប្រទេស ចិន ប៉ុន្តែបន្ទាប់ពីការស៊ើបអង្កេតរបស់សមត្ថកិច្ចប្រទេសចិនបានរកឃើញថា ក្រុមជនជាតិចិន ដែលព្រមានធ្វើឱ្យមានភាពអសន្ដិសុខនៅប្រទេស កម្ពុជា នេះ គឺគ្រាន់តែជាការលេងសើចប៉ុណ្ណោះ ព្រោះធ្វើឡើងក្រោយពីពួកគេស្រវឹងស្រា។
បើតាមហ្វេសប៊ុកស្ថានទូតចិន «ក្រោយការស៊ើបអង្កេតយ៉ាងហ្មត់ចត់របស់សមត្ថកិច្ចចិន រកឃើញថា វីដេអូនេះ ត្រូវបានថតដោយជនជាតិចិនមកពីទីក្រុង Chongging ដែលបានមកធ្វើការនៅប្រទេសកម្ពុជា កាលពីខែមីនា ឆ្នាំនេះ ហើយក្រោយពីស្រវឹងស្រា ពួកគេ បានថតវីដេអូមិនល្អបែបនេះ ដោយគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ បុគ្គលទាំងឡាយនៅក្នុងវីដេអូនេះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ»។
យ៉ាងណាក្តី បើតាម លោក ឆាយ គឹមខឿន ក្រុមជនជាតិចិនទាំងនេះ គឺបានប្រព្រឹត្តបទល្មើសជាក់ស្ដែងនៅក្នុងប្រទេស កម្ពុជា ប៉ុន្តែលោកមិនអាចបកស្រាយចំពោះសំណួរថា តើនគរបាលប្រទេស ចិន មានវិធានការផ្លូវច្បាប់យ៉ាងណាចំពោះជនជាតិចិនទាំងនោះ ដើម្បីឱ្យមកប្រឈមមុខច្បាប់របស់កម្ពុជាឡើយ។
លោកថា៖ «នៅក្នុងប្រទេសគេ ប្រជាពលរដ្ឋគេ គេអត់ធ្វើអី អត់ដឹងថាម៉េចដែរ ដូចបញ្ជាក់ក្នុងសាររបស់ទូត។ អានេះច្បាប់ប្រទេសយើង (បទល្មើសជាក់ស្ដែង) ហើយច្បាប់ប្រទេសគេ អត់ដឹងថាម៉េច»។
លោកមេធាវី ឡោ ជុនធី បានលើកឡើងថា ជនជាតិចិនទាំងនោះ គួរត្រូវបានបញ្ជូនខ្លួនមកប្រឈមមុខនឹងផ្លូវច្បាប់របស់កម្ពុជា ពីព្រោះពួកគេ បានប្រព្រឹត្តបទល្មើសជាក់ស្ដែងប្រឆាំងច្បាប់កម្ពុជា និងធ្វើឡើងនៅក្នុងប្រទេស កម្ពុជា។
លោកបន្តថា តាមច្បាប់ អាជ្ញាធរ ត្រូវរកឲ្យឃើញក្រុមជនជាតិចិនទាំងនោះ ដើម្បីចាប់បញ្ជូនទៅតុលាការ ដោយលោកអះអាងថា ការធ្វើវីដេអូគំរាមដល់សន្ដិសុខជាតិ គឺជាចេតនាមួយ ក្នុងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងសន្ដិសុខជាតិ ហើយមិនអាចយកលេសថា ជាការលេងសើច ដោយសារការប្រើប្រាស់គ្រឿងស្រវឹងឡើយ។
លោកថា៖ «អ្នកឯងប្រើគ្រឿងស្រវឹងអ្នកឯងមកលេងសើចអ៊ីចឹង អត់ទេ តាមច្បាប់ចាប់ទាំងអស់ ដាក់ទណ្ឌកម្មទាំងអស់ ហៅថា ចេតនា អត់មានលេងសើចអ៊ីចឹងកើតទេ»។
លោក គិន ភា ប្រធានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏យល់ឃើញស្រដៀងគ្នានេះដែរថា ក្រុមជនជាតិចិនដែលនាំគ្នាព្រមានបង្កភាពអសន្ដិសុខនៅកម្ពុជានេះ គឺមិនមែនជារឿងតូចតាចដែលចាត់ទុកថា ជាការលេងសើចបានទេ ព្រោះវាជារូបភាពមួយ ធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋកម្ពុជា និងធ្វើឱ្យអាប់អួដល់បរិយាកាសវិនិយោគនៅកម្ពុជាដែរ។
លោកថា ប្រសិនបើចិនចង់លាងសម្អាតភាពស្អាតស្អំរបស់ខ្លួន ចំពោះប្រជាពលរដ្ឋខ្មែរ និងដើម្បីរក្សាមិត្តភាពរវាងប្រទេសទាំង ២ ឱ្យបានល្អ គឺចិនត្រូវតែចាប់បញ្ជូនជនជាតិខ្លួនទាំងនោះមកប្រឈមនឹងច្បាប់របស់កម្ពុជា។
លោកថា៖ «យើងមើល ប្រជាពលរដ្ឋខ្មែរគ្រាន់តែបង្ហោះសារតិចតួចខ្លះ ត្រូវបានអាជ្ញាធរចាប់ដាក់គុក រឿងអីជនជាតិចិនមកបង្ហោះបង្កចលាចលនៅស្រុកខ្មែរ ហេតុអីអត់មានទោសទណ្ឌ ចាត់ទុកជារឿងលេងសើច ត្រង់គេបង្ហោះសារប្រមាថថ្នាក់ដឹកនាំខ្លះ គឺពួកគាត់ជាប់គុកបាត់ទៅហើយ។ អ៊ីចឹងទេ រឿងនេះ មិនមែនរឿងតូចទេ ទោះជាអ្នកហ្នឹង លេងសើចក៏ដោយ ក៏ត្រូវតែចាប់មកផ្តន្ទាទោស ក្នុងច្បាប់របស់កម្ពុជា ព្រោះបទល្មើសនេះប្រព្រឹត្តនៅកម្ពុជា»។
ស្ថានទូតចិនប្រចាំកម្ពុជា មិនបានឆ្លើយតបទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយ លើបញ្ហានេះទេ កាលពីម្សិលមិញ៕