ភ្នំពេញៈ ស្នងការដ្ឋាន​នគរបាល​រាជធានី​ប្រកាស​ចាត់វិធានការ​រាល់​រថយន្ត និង​ទោចក្រយានយន្ត​ត្រីចក្រយានយន្ត​គ្មាន​ស្លាក​លេខ​ដែល​កំពុង​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លើក​ហេតុផល​ថា អ្នកបើក​យានយន្ត​គ្មាន​ស្លាក​លេខ​ទាំង​នេះ​បាន​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​អំពើ​ល្មើស ខណៈ​នៅ​ភ្នំពេញ​មាន​រថយន្ត​ប្រមាណ​ ៥០ ​ម៉ឺន​គ្រឿង និង​ម៉ូតូ​ ១ ​លាន ៦​ សែន ៥ ​ម៉ឺន​គ្រឿង​បាន​ចុះបញ្ជី​។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​នៅ​ថ្ងៃទី​ ១១ ខែ​តុលា​ថា​ចាប់តាំងពី​ថ្ងៃទី​ ២១ ខែ​តុលា ឆ្នាំ​ ២០១៩ តទៅ​នគរបាល​នឹង​ចាត់វិធានការ​ត្រួតពិនិត្យ និង​ចាប់​ឃាត់​ជា​បណ្តោះអាសន្ន​នូវ​រថយន្ត និង​ទោចក្រ​ត្រីចក្រយានយន្ត​ដែល​គ្មាន​ស្លាក​លេខ​យក​មក​រក្សាទុក និង​ធ្វើការ​ផាកពិន័យ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រហូត​ទាល់តែ​ធ្វើ​ស្លាក​លេខ​រួចរាល់​ទើប​អនុញ្ញាត​ឲ្យ​យក​ត្រឡប់​ទៅវិញ​បាន​។

វិធានការ​ដែល​ដាក់ចេញ​នេះ​គឺ​ធ្វើ​ឡើង​ដោយសារ​តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​មាន​រថយន្ត និង​ទោចក្រ​ត្រីចក្រយានយន្ត​មួយ​ចំនួន​ដែល​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ដោយ​គ្មាន​ស្លាក​លេខ ឬ​ប្រើប្រាស់​ស្លាក​លេខ​មិន​ប្រក្រតី និង​បាន​ឆ្លៀតឱកាស​យក​រថយន្ត និង​ទោចក្រ​ត្រីចក្រយានយន្ត​ទាំងនោះ​ទៅ​ប្រព្រឹត្ត​អំពើ​ឆក់ ប្លន់ ឬ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ​ទៀត និង​បង្ក​គ្រោះថ្នាក់ រួច​បើក​គេចវេះ​ពី​ការទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

ស្នងការដ្ឋាន​នគរបាល​រាជធានី​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា​៖ «​ចំពោះមុខ​ដើម្បី​ចូលរួម​រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិភាព​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សង្គម​នៅ​រាជធានី​ភ្នំពេញ​សំដៅ​ទប់ស្កាត់​បង្ក្រាប​រាល់​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ និង​ផ្តល់​ភាពងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុង​ការស្រាវជ្រាវ​តាមរក​ជនល្មើស​មួយចំនួន និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគោរព​ច្បាប់​»​។

សេចក្តី​ជូន​ដំណឹង​បន្តថា ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​គ្មាន​ស្លាក​លេខ ឬ​ពាក់​ស្លាក​លេខ​មិន​ត្រឹមត្រូវ​ត្រូវ​រួសរាន់​ទៅ​បំពេញ​បែបបទ​សុំ​ស្លាក​លេខ និង​បណ្ណ​សម្គាល់​រថយន្ត និង​ទោចក្រ​ត្រីចក្រយានយន្ត​ឱ្យបាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​។

លោក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នៅលើ​គេហទំព័រ​ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​ថា កម្លាំង​នគរបាល​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​អធិការ​ខណ្ឌ​ទាំង​ ១៤ នឹង​ចាប់ផ្តើម​ធ្វើការ​ឃាត់ទុក​បណ្តោះអាសន្ន និង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​កំណត់​ចំពោះ​យានយន្ត ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ទាំងឡាយ​ណា​ដែល​ធ្វើ​ចរាចរណ៍​ដោយ​គ្មាន​ស្លាក​លេខ ឬ​ពាក់​ស្លាក​លេខ​មិន​ប្រក្រតី​ចាប់​ពីថ្ងៃ​ប្រកាស​នេះ​ទៅ​។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​បញ្ជាក់ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​កាលពី​ម្សិលមិញ​បន្ថែមថា​៖ «​យើង​មិន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការចុះ​ត្រួតពិនិត្យ​នោះទេ​គឺ​យើង​ចាប់ផ្តើម​ពី​ពេលនេះ​ទៅហើយ​»​។

យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាត្រា ៨២ បាន​ចែង​ថា​ជន​ណា​ប្រើប្រាស់​រថយន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​រថយន្ត និង​គ្មាន​ស្លាក​លេខ​សម្គាល់​រថយន្ត ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ថ្ងៃ​ដល់​ ១ ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១ សែន​រៀល ដល់ ៨ ​សែន​រៀល​។

លោក គង់ រតនៈ នាយក​ស្ដីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើកឡើង​ថា​ជាទូទៅ​យានយន្ត​មាន​ស្លាក​លេខ​ ឬ​អត់​ស្លាក​លេខ​ដែល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ បើសិន​បើ​មិន​គោរព​ច្បាប់​គឺ​មាន​ហានិភ័យ​ដូចគ្នា​។ ប៉ុន្តែ​លោក​ថា បើ​យានយន្ត​ដែល​គ្មាន​ស្លាក​លេខ​គឺ​ច្បាស់​ណាស់​មាន​ផលប៉ះពាល់​ដល់​សន្តិសុខ បើ​សិន​បើ​ពួកគាត់​បាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​ថែម​ទាំង​បង្ក​ការលំបាក​ក្នុង​ការកំណត់​អត្តសញ្ញាណ​ទៀត​ផង​។

លោក គង់ រតនៈ បាន​បន្តថា​ការ​ដែល​អាជ្ញាធរ​មាន​វិធានការ​លើ​បញ្ហា​នេះ​គឺជា​ការប្រសើរ ដូច្នេះ​បន្ថែម​ពីលើ​វិធានការ​នេះ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​គួរ​មាន​ផែនការ​ឲ្យ​បាន​ច្បាស់លាស់​ក្នុងការ​រឹតបន្តឹង​ច្បាប់ និង​អនុវត្ត​ច្បាប់​ប្រកប​ដោយ​តម្លាភាព និង​ឈាន​ទៅ​ដល់​ការចាត់វិធានការ​ទៅលើ​ទីតាំង​លក់​យានយន្ត​គ្មាន​ពន្ធ​គ្រប់​ប្រភេទ​ដែល​លោក​ចាត់ទុក​ជា​មូលហេតុ​ធំ នាំឲ្យ​មាន​ភាពអនាធិបតេយ្យ​ក្នុង​ការធ្វើ​ចរាចរណ៍​យានជំនិះ​គ្មាន​ស្លាក​លេខ​នៅក្នុង​ប្រទេស​។

លោក​បាន​បញ្ជាក់​ថា​លោក​នៅតែ​​ឃើញ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តែ​បន្ត​លក់​យានយន្ត​ដែល​គ្មាន​ពន្ធ​នៅ​​លើ​ទីផ្សារ​ដែល​ទាមទារ​ការចាត់វិធានការ​ជាបន្ទាន់ និង​មាន​ប្រសិទ្ធភាព ស្របពេល​ដែល​យានយន្ត​ដែល​គ្មាន​ស្លាក​លេខ​ភាគច្រើន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មន្ត្រី​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​យើង​ឃើញ​មួយ​ចំនួន​ធំ​ដែល​ជា​មន្ត្រី​ខិលខូច​មួយចំនួន​ក្នុង​ស្ថាប័ន​អនុវត្ត​ច្បាប់​ហ្នឹង ដែល​ខ្ញុំ​មិន​ប្រាកដ​មួយណា​ទេ តែ​ខ្ញុំ​ឃើញ​ភាគច្រើន​យានយន្ត​ដែល​អត់​ពន្ធ គាត់​ច្រើន​ប្រើប្រាស់​ស្លាកលេខ ខ.ម ឬ​ខេមរភូមិន្ទ​អី​ជាដើម​។

ខ្ញុំ​មិន​ចោទប្រកាន់​ទាំងស្រុង​ទេ ព្រោះ​មាន​អ្នកទទួល​បាន​សិទ្ធិ​ប្រើប្រាស់​ស្លាក​លេខ​នេះ ប៉ុន្តែ​អ្នក​ដែល​ខិលខូច​មួយចំនួន បន្លំ​ប្រើប្រាស់​ស្លាក​លេខ ឬ​ប្រើប្រាស់​យានយន្ត​អត់​ស្លាក​លេខ​នេះ​។ ដូច្នេះ​មាន​តែ​ការ​រឹតបន្តឹង​ច្បាប់​ប្រកបដោយ​តម្លាភាព និង​គ្មាន​ការលើកលែង​ដោយ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា​ទេ ទើប​អាច​ដោះស្រាយ​បាន​»​។

លោក ប៉ាល់ ចន្ទតារា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ចូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​គិត​មក​ត្រឹម​ឆ្នាំ ២០១៩ ​នេះ​នៅ​រាជធានី​ភ្នំពេញ​មាន​រថយន្ត​ចំនួន ៥០ ម៉ឺន​គ្រឿង និង​ម៉ូតូ​មាន​ចំនួន ១ ​លាន ៦ ​សែន ៥ ​ម៉ឺន​គ្រឿង​បាន​ចុះបញ្ជី​។ យើង​មិន​ដឹង​ទេ​ថា យានយន្ត​គ្មាន​ពន្ធ​ (​មិន​បាន​ចុះបញ្ជី​) មាន​ចំនួន​ប៉ុន្មាន​គ្រឿង​នោះ​ទេ ដែល​កំពុង​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​គឺ​យើង​អត់​ដឹង​ទេ​»៕