ភ្នំពេញៈ នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្តាសាយបក្សី H5N1 ដែល​កំពុង​ផ្ទុះ​រាតត្បាត​នៅ​ខេត្ត​ភាគ​ខាង​ត្បូង ​នៃ​ប្រទេស​វៀតណាម ខណៈ​ដែល​ពិភព​លោក​ក៏​ដូចជា​កម្ពុជា​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​កូរ៉ូណា​វីរុស ប្រភេទ​ថ្មី។

ការ​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ស្រប​ពេល​ដែល​នាយកដ្ឋាន​នេះ ក៏បាន​ប្រាប់​ពី​របៀប​នៃ​ការ​ការពារ​ខ្លួន ដោយ​មិន​ត្រូវ​ប៉ះពាល់​ជាមួយ​មាន់​ឈឺ និង​ត្រូវ​សម្អាត​ខ្លួន និង​ដៃ ជាមួយ​សាប៊ូ​ជានិច្ច​។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ក៏បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​រាយការណ៍​ទៅ ១១៥ ក្នុង​ករណី​ឃើញ​មាន់ ទា ឈឺ ឬ​ងាប់​ជា​បន្ត​បន្ទាប់​ហើយ​មិនត្រូវ​បរិភោគ​មាន់ ឬ​ទា​ ងាប់​ទាំង​នោះ​ទេ ដោយ​ត្រូវ​កប់​ចោល​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​ចម្លង​ជំងឺ​ផ្សេងៗ ជាពិសេស​ជំងឺ​​ផ្តាសាយបក្សី​នេះ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង លើក​ឡើង​ថា៖ «ក្នុង​ពេល​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី យើង​ក៏​មិនត្រូវ​ភ្លេច​នៃ​ការ​រាតត្បាត​ជំងឺផ្តាសាយ​បក្សី H5N1 ដែល​កំពុង​ផ្ទុះ​រាតត្បាត​នៅ​ខេត្ត​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម»។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​លើក​ឡើង​នៅ​អំឡុង​ពេល​ធ្វើ​បាឋកថា​ស្តីពី​ចំណេះដឹង នៅ​ទីស្តីការ​ក្រសួង​ សុខាភិបាល កាល​ពី​​ថ្ងៃ​អង្គារ​​ថា បើ​ទោះ​បីជា​កម្ពុជា ក្នុង​ពេល​នេះ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នៃ​ការឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​នេះ​ក៏ដោ​យ ប៉ុន្តែ​លោក​ថា ប្រជាពលរដ្ឋ គួរតែ​ចូលរួម​ការពារ​ខ្លួន ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​នេះ។

លោក​បន្ថែមថា រដ្ឋាភិបាល មាន​វិធីសាស្ត្រ​ជាច្រើន ​ក្នុង​ការ​តាមដាន និង​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី ដោយ​បាន​ត្រៀម​វិធានការ​បន្ទាន់​គ្រប់​ពេល នៅ​ពេល​ទទួលបាន​ព័ត៌មាន​ណា​មួយ​ពី​ករណី​ថា មាន​សត្វ​ឈឺ​ឬ​ងាប់ ដើម្បី​ឲ្យ​ក្រុម​ការងារ​ចុះ​ទៅ​តាម​ដាន ប៉ុន្តែ​ប្រជាពលរដ្ឋ ត្រូវតែ​ចូលរួម​សហការ​ក្នុង​ការ​រាយការណ៍​ឲ្យ​បាន​ទាន់ពេល​វេលា។

លោក​បញ្ជាក់​ថា៖ «សុំ​យក​ឱកាស​នេះ​សូម​បង​ប្អូន​នៅ​ពេល​ឃើញ​មាន់ ឬ​ទា ឈឺ ឬ​ងាប់ សុំ​យក​ទៅ​ដុត ឬ​កប់​ចោល​​ទៅ កុំ​យក​មក​ធ្វើជា​អាហារ ព្រោះ​នៅ​ពេល​យើង​បរិភោគ មេរោគ​នោះ អាច​នឹង​ឆ្លង​ទៅ​មនុស្ស និង​បក្សី​​ដទៃ​ទៀត ហើយ​ត្រូវ​ចាំ​ថា ជំងឺ​ផ្តាសាយ​បក្សី H5N1 មាន​អត្រា ឆ្លង​ខ្ពស់​ណាស់»។

បើតាម​លោក លី សូ​វ៉ាន់ រោគ​សញ្ញា​នៃ​ការឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​ជាទូទៅ​បង្ហាញ​អាការ ដូច​ជា គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម​ភាគ​ច្រើន​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង​មួយ​ចំនួន​តូច​មាន​រោគ​សញ្ញា​ដូច​ផ្តាសាយ​ធម្មតា។

តាម​ឯកសារ​របស់​អង្គការ​សុខភាព​ពិភព​លោក សរសេរ​ថា ជំងឺ​ផ្តាសាយ​បក្សី ឆ្លងតាម​ការ​ប៉ះពាល់​ទឹក​សំបោរ ទឹកមាត់ និង​លាមក​សត្វ​ឈឺ ឬ​ងាប់ ដែ​ល​បណ្ដាល​មក​ពី​មេរោគ H5N1​នេះ។ ឯកសារ​របស់​អង្គការ​សុខភាព​ពិភព​លោក​ដដែល​បាន​ឲ្យ​ដឹង​បន្តថា ទោះបីជា​ជំងឺ​ផ្ដាសាយ​បក្សី​ មិន​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ក្ដី ក៏​វា​អាច​ឆ្លង​រាលដាល​ដូចគ្នានឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវ​កាល​ដែរ ប្រសិន​បើ​វាវិវត្ត​ផ្លាស់​ប្ដូរនោះ។

ចាប់​តាំងពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៤ ក្នុង​ប្រទេស​កម្ពុជា ជំងឺ​ផ្ដាសាយបក្សី​ បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន ៥៦ ករណី ដែល​ក្នុងនោះ​មាន ៣៧ ករណី​បាន​ស្លាប់។ នេះ​បើ​តាម​របាយការណ៍រ​បស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង។ ចំណែក​នៅ​ក្នុង​ឆ្នាំ ២០១៣ មាន​ករណី​មនុស្ស​ឆ្លង​ជំងឺផ្ដា​សាយ​បក្សី​ចំនួន ២៦ ករណី ហើយ​បង្ក​ឲ្យ​ស្លាប់ ១៤ ករណី និង​នៅ​ក្នុង​ឆ្នាំ ២០១៤ មាន​ករណី​មនុស្ស​ឆ្លង​ជំងឺ​ផ្ដាសាយបក្សី​ចំនួន ៩ ករណី និង​បាន​បង្ក​ឲ្យ​ស្លាប់​ចំនួន ៤ ករណី៕