ភ្នំពេញៈ លោក ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​​ ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ​បាន​ឯកភាព​គ្នា​ស្នើ​ទៅ​​រដ្ឋាភិបាល​បារាំង​ឲ្យ​ជួយ​បញ្ជូន​ផែនទី និង​ឯកសារ​នានា​ដើម្បី ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ឡាវ​ហើយ​បាន​ធ្វើការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ឲ្យ​បាន​ឆាប់​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​កាលពី​ថ្ងៃទី​ ៥ ខែ​ធ្នូ ឆ្នាំ ២០១៨ ក្នុង​អំឡុង​ពេល​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ឡាវ លោក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២ ​បាន​ឯកភាព​គ្នា​លើ​គោលការណ៍​ ៣ ចំណុច​ចំពោះ​បញ្ហា​នៅ​អូរតាង៉ាវ និង​អូរអាឡៃ​ដោយ​មិន​ឲ្យ​មាន​វត្តមាន​កងកម្លាំង​ទ័ព​នៃ​ប្រទេស​ទាំង​ ២ ​ឈរ​ជើង​មិន​ឲ្យ​ប្រជាជន​ទៅ​ធ្វើ​អាជីវកម្ម ឬ​ប្រកបរបរ​នៅ​ចំណុច​នោះ និង​នៅពេល​ត្រួតពិនិត្យ​ត្រូវ​តែ​ធ្វើ​រួម​គ្នា​ទាំង​លើ​គោក ផ្លូវទឹក និង​ផ្លូវអាកាស​។

លោក​ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ឡាវ​រយៈពេល​ ២​​ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ​ ២០១៨​។ ក្នុង​នោះ​​លោក​នាយក​រដ្ឋមន្ត្រី​ទាំង​ ២ ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​បារាំង​ឲ្យ​ជួយ​​បញ្ចូន​ផែនទី និង​ឯកសារ​នានា​ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​​ព្រំដែន​ប្រទេស​ទាំង​ ២​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា​៖ «​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ​ដែរ​គឺ​ដូច​នាយករដ្ឋមន្ត្រី ថងលូន បាន​លើក​ឡើង​អម្បាញ់មិញ​។ តំបន់​អូរតាង៉ាវ ចាត់​ទុក​ជា​តំបន់​មិន​​ទាន់​ដោះស្រាយ​ដែល​ភ្ជាប់​ដោយ​លក្ខខណ្ឌ​ ៣ ​យ៉ាង ទី​ ១ គឺ​គ្មាន​កងទ័ព ទី​ ២ ​គ្មាន​ប្រជាជន​ទៅ​ធ្វើ​អាជីវកម្ម ឬ​ប្រកបរបរ ហើយ​ទី​ ៣ បើ​មាន​ករណី​ល្បាត​ត្រូវ​តែ​ល្បាត​រួម​គ្នា ហើយ​ក្រៅ​​ពី​នេះ​គឺ​នាយករដ្ឋមន្ត្រី​ទាំង​ ២ ​បាន​ព្រមព្រៀង​គ្នា ហើយ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ធ្វើ​កិច្ចការ​ចាប់ពី​ពេល​នេះ​ដល់​ថ្ងៃ​ស្អែក​ទៅ​​លើ​សេចក្តី​ព្រាង​បែបបទ បច្ចេកទេស​ដើម្បី​ផ្ញើជូន​ទៅ​កាន់​ភាគី​បារាំង​»​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​នាយក​រដ្ឋមន្ត្រី​ទាំង ២ ធ្លាប់​បាន​ធ្វើ​លិខិត​រួម​គ្នា​ទៅ​សុំ​ប្រធានាធិបតី ប្រទេស​បារាំង ដើម្បី​ស្នើ​ឲ្យ​ផ្ទេរ​ផែនទី​ពី​ផែនទី​ខ្នាត 1/100.000 មក​ផែនទី UTM ខ្នាត 1/50.000 វិញ​។ នៅ​ក្នុង​លិខិត​នោះ​ដែរ ក៏​មាន​ស្នើសុំ​ឯកសារ ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​កម្ពុជា និង​ឡាវ ហើយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២ ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ទាំង​ ២ ​ធ្វើ​កិច្ចការងារ​នេះ​បន្ត​ទាក់ទង​នឹង​ការផ្ទេរ​ផែនទី ហើយ​ត្រូវ​រៀបចំ​បែបបទ​បច្ចេកទេស​យ៉ាង​ណា​ឲ្យ​ភាគី​បារាំង​ផ្ទេរ​ផែនទី​ខ្នាត 1/100.000 មក​ផែនទី UTM ខ្នាត 1/50.000 ហើយ​ចំណុច​ទី​ ២ បន្ដ​ស្នើសុំ​ទៅ​បារាំង​ឲ្យ​ផ្ដល់ ឯកសារ​នានា​ដែល​ទាក់ទង​ជាមួយ​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ កម្ពុជា-ឡាវ ជាពិសេស​គឺ​ចំណុច​ដែល​នៅ​សេសសល់​ចំនួន ១៦ ​ភាគរយ​។

លោក​បញ្ជាក់​បន្ថែម​ថា៖ «​យើង​អំពាវនាវ​ដល់​ប្រធានាធិបតី​បារាំង​ក៏​ដូចជា រដ្ឋាភិបាល​បារាំង​ជួយ​បញ្ចូន​ឯកសារ​ណា​ដែល​ផ្ដល់​នូវ​ផលប្រយោជន៍​លើ​ការដោះស្រាយ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​លើ​បញ្ហា​ព្រំដែន​នេះ​។ ខ្ញុំ​ជាមួយ​ឯកឧត្តម ថងលូន បាន​ឯកភាព​គ្នា​អម្បាញ់មិញ​ថា គួរ​បញ្ចប់​បញ្ហា​ព្រំដែន​នៅ​ក្នុង​ដំណាក់កាល​របស់​យើង​នេះ​ឲ្យ​បាន​ឆាប់ ហើយ​យើង​ប្រគល់​កិច្ចការងារ​នេះ​ទៅ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​នានា ជាពិសេស​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២»​។

លើសពី​នោះ​ទៀត​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​វិស័យ​អប់រំ សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ ​២០២៤ អនុស្សរណៈ​​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សិល្បៈ​សម្រាប់​ឆ្នាំ​ ២០១៩-២០២១ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការខ្ចី​សត្វ​ដំរី​សម្រាប់​ការបង្ហាញ​សិល្បៈ និង​ការផ្លាស់ប្តូរ​វប្បធម៌​នៅ​សួន​សត្វ​សាហ្វារី រាជធានី​ភ្នំពេញ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចព្រមព្រៀង​ទិញ-លក់ ថាមពល​អគ្គិសនី​តាម​តង់ស្យុង​ខ្ពស់​ ២៣០ និង​ ៥០០ ​គីឡូវ៉ុល​ពី​ស្ថានីយ​បាន​ហាត ប្រទេស​ឡាវ​មក​ស្ថានីយ​ស្ទឹងត្រែង​របស់​ប្រទេស​កម្ពុជា​។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​ថា​៖ «​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន គួរ​តែ​ត្រូវ​បាន​សប្បាយ​រីករាយ​។ អម្បាញ់មិញ​មាន​ការ​ចុះហត្ថលេខា ទិញ​អគ្គិសនី​ពី​ឡាវ​ទៅ​ផ្គត់ផ្គង់​នៅ​កម្ពុជា​អាច​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​អគ្គិសនី​ដែល​ទិញ​ពី​ឡាវ​ទៅ​ផ្គត់ផ្គង់​នៅ​កម្ពុជា​។ ក្រៅពី​ការតភ្ជាប់​អគ្គិសនី យើង​បាន​ឯកភាព​គ្នា​លើ​ការតភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេ​ភ្ជាប់​ពី​ខេត្ត​ព្រះវិហារ និង​ខេត្ត​ចំប៉ាសាក់ ដែល​ផ្តល់​ឱកាស​ឲ្យ​ប្រជាជន​ទាំង​សងខាង​ងាយស្រួល​ក្នុង​ការធ្វើ​ទំនាក់ទំនង​គ្នា​»​។

បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ​បាន​ឡើង​កម្ដៅ​កាលពី​ខែ​សីហា​ឆ្នាំ ២០១៧ ដោយសារ​កងទ័ព​ឡាវ​បាន​ចូល​មក​ឈរជើង​នៅ​តំបន់​អូរអាឡៃ និង​អូរតាង៉ាវ ស្ថិត​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ហើយ​បើ​តាម​មន្ដ្រី​ព្រំដែន​គឺ​កម្ពុជា និង​ឡាវ​មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង ៥៤០ គីឡូម៉ែត្រ​ដោយ​ត្រូវ​បោះបង្គោល​ព្រំដែន​ប្រមាណ ១៤៥ បង្គោល ប៉ុន្តែ​មក​ទល់​ពេល​នេះ​ភាគី​ទាំង ២ បាន​បោះ​រួច​ចំនួន ១២១ បង្គោល​នៅ​សល់​ប្រមាណ ២៤ បង្គោល​ទៀត​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង​។

ទន្ទឹម​នឹង​នេះ​ដែរ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោកស្រី​ ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា និង​វៀតណាម​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ ៦ ​ដោយ​ផ្តោត​ទៅលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស វិស័យ​អប់រំ ការបោះបង្គោល​ព្រំដែន និង​ការសម្រួល​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២​។

ក្រោយពី​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​ឡាវ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នឹង​បន្ត​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ៧ ​ដល់​ ៨ ខែធ្នូ ឆ្នាំ​ ២០១៨៕