ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ការណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​អនុវត្ត​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ ដើម្បី​គ្រប់គ្រង​ទីតាំង​ប្រភព​បំពុល​ខ្យល់​ឱ្យបាន​កាន់តែ​ប្រសើរ​សំដៅ​ធានា​សុវត្ថិភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ និង​កែលម្អ​សោភណភាព​នៅតាម​រាជធានី-​ខេត្ត​។

សារាចរ​ស្តីពី​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​ ២ ខែ​មករា​ឆ្នាំ​ ២០២០ ​បាន​បញ្ជាក់ថា ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទីតាំង​ប្រភព​បំពុល​ខ្យល់​នៅ​មាន​កម្រិត​នៅឡើយ និង​មិនទាន់​បាន​ឆ្លើយតប​ទៅ​នឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ចជាតិ​។

សារាចរ​បញ្ជាក់ថា កំហាប់​ភាគល្អិត​និចល​មាន​វិជ្ឈមាត្រ​តូច​ជាង ២,៥ ​មីក្រូ​ម៉ែត្រ (PM២.៥) ដែល​មាន​ការកើនឡើង​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​សាធារណៈ និង​គុណភាព​បរិស្ថាន​។ មូលហេតុ​ដែល​បង្ក​ឱ្យ​កំហាប់​ភាគល្អិត​និចល PM ២,៥ កើនឡើង​នេះ​គឺ​បណ្តាល​មកពី​ការបញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សហកម្ម យានយន្ត​ប្រើប្រាស់​ប្រេងម៉ាស៊ូត និង​ចំហេះ​ឥន្ធនៈ​ផ្សេងៗ​ទៀត ភ្លើង​ឆេះ​ព្រៃ ការដុត​រាន​ដីព្រៃ ការដុត​វាលស្មៅ ការដុត​គល់ជ្រាំង ការដុត​សំរាម ការដុត​សំណល់​រឹង​នៅ​តាម​ទីវាល និង​ទីលាន​ចាក់​សំណល់ ការដ្ឋាន​សំណង់​។

សារាចរ​បញ្ជាក់ថា​៖ «​ការបំពុល​ខ្យល់​នឹង​មាន​សភាព​កើនឡើង​ជា​បន្តបន្ទាប់ ប្រសិន​បើ​មិន​មាន​វិធានការ​គ្រប់គ្រង​ឱ្យបាន​សមស្រប​»​។

បើ​តាម​សារាចរ​នេះ​លោក ហ៊ុន សែន ​បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ក្រោម​ឱវាទ​របស់លោក​ត្រូវ​គ្រប់គ្រង​នូវ​ការដ្ឋាន​សំណង់ គុណភាព​ប្រេងឥន្ធនៈ​ដែល​ផ្ទុក​ជាតិ​ស្ពាន់ធ័រ​ខ្ពស់ ការបញ្ចេញ​សារធាតុ​បំពុល​ខ្យល់​ពី​យានយន្ត ការបញ្ចេញ​សារធាតុបំពុល​ខ្យល់​ពី​ទីតាំង​ផលិតកម្ម ការដុត​សំណល់​នៅ​ទី​ចំហ ការបង្កើត​ប្រព័ន្ធ​តាមដាន និង​ព្យាករ​ការបំពុល​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា លោក​មិន​អាចធ្វើ​អត្ថាធិប្បាយ​បានទេ ដោយសារ​កំពុង​ជាប់រវល់​។ ប៉ុន្តែ​លោក ភក្ត្រា ត្រូវ​បាន​ស្រង់​សម្ដី​ដោយ Fresh News កាលពី​ថ្ងៃទី​ ២ ខែ​មករា​ថា​ប្រភព​បំពុល​សំខាន់ៗ​ដែល​នាំឱ្យ​កើនឡើង​យ៉ាង​ខ្លាំង​នូវ​កំហាប់​ភាគល្អិត​និចល​ក្នុង​ខ្យល់ PM ២,៥ នៅ​ដើមរដូវ​ប្រាំង​ឆ្នាំនេះ​នៅ​រាជធានី​ភ្នំពេញ​បណ្តាល​មកពី​ការបញ្ចេញ​ពី​យានយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ​ចំនួន ៧០% ដែល​មាន​កំហាប់​ស្ពាន់ធ័រ​ខ្ពស់​ប្រភព​ធូលី​ចេញពី​ការដ្ឋាន​សំណង់​ និង​រោងចក្រ​លាយ​បេតុង​ចំនួន ២០% និង​ប្រភព​ផ្សេងៗ​ទៀត​ ១០% ដែល​រួមមាន​ការដុត​សំរាម​នៅ​តាម​លំនៅឋាន ធូលី​ដី​នៅតាម​ដងផ្លូវ​ការបញ្ចេញ​ពី​រោងចក្រ និង​សិប្បកម្ម​ជាដើម​។

លោក​ ភក្ត្រា ថា​៖ «​ដើម្បី​រក្សា​បាន​នូវ​គុណភាព​ខ្យល់​សាធារណៈ​នៅ​ល្អប្រសើរ​ដដែល​ចាំបាច់​ត្រូវ​មាន​វិធានការ​គ្រប់គ្រង​ឱ្យបាន​ល្អជា​មុន ហេតុ​ដូច្នេះ​បាន​ជា​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ឱ្យ​អនុវត្ត​នូវ​សារាចរ​ស្តីពី​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ​»​។

លោក ស ម៉ូរី អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ដែល​តែងតែ​ចូលរួម​ចុះ​ល្បាត​ព្រៃ ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​អាទិត្យ​ថា សារាចរ​របស់​លោក ហ៊ុន សែន ថ្មី​នេះ​គឺជា​វិធានការ​មួយ​ល្អ ដែល​គិតគូរ​អំពី​សុខភាព​សាធារណៈ​ដែល​អាច​ប៉ះពាល់​ពី​ការបំពុល​ខ្យល់​។ បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​រោងចក្រ​ឧស្សាហកម្ម​ដែល​បាន​សាងសង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​កំណើន​ប្រជាពលរដ្ឋ​ក៏មាន​ការកើនឡើង​ផងដែរ​។ រោងចក្រ​ឧស្សាហកម្ម​ទាំងនោះ​មិនទាន់​ត្រូវបាន​ផ្លាស់ប្តូរ​ទៅកាន់​ទីតាំង​ឆ្ងាយ​ពី​រាជធានី​នោះទេ​។

លោក ស ម៉ូរី ថ្លែង​​ថា​៖ «​ប្រសិនជា​រោងចក្រ​ឧស្សាហកម្ម​នេះ​នៅ​តែ​បន្ត​នៅក្នុង​រាជធានី​ភ្នំពេញ​បន្ត​ទៅមុខទៀត ខ្ញុំ​គិតថា បញ្ហា​បំពុល​ខ្យល់​ហ្នឹង​នឹង​បង្កបញ្ហា​ខ្លាំង​ជាង​មុន​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​ហើយ​ស្របគ្នា​ដែល​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការសាងសង់​។ យើង​មើលឃើញ​បញ្ហា​ដី បញ្ហា​ធូលី​នៅក្នុង​រាជធានី​ភ្នំពេញ​រួមផ្សំ​នឹង​ក្លិន​សំរាម​ហ្នឹង​ក៏​ជះឥទ្ធិពល​ទៅដល់​ការបំពុល​ខ្យល់​នៅក្នុង​រាជធានី​ភ្នំពេញ​ដែរ​។ អ៊ីចឹង​ចំណុច​ទាំងអស់​រដ្ឋាភិបាល​គួរតែ​យក​ចិត្ត​ទុកដាក់​បន្ថែម​»​។

លោក​បន្តថា បញ្ហា​ប្រឈម​មួយទៀត​គឺ​រដ្ឋាភិបាល​មិនសូវ​បង្ហាញ​ឱ្យ​សាធារណជន​បាន​ដឹង​ទេ​អំពី​ការសាងសង់​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ដែល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​ចាប់ផ្តើម​សាងសង់​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​នៅ​ក្រុងព្រះសីហនុ​បន្ថែម​មួយ​ទៀត ហើយ​ក៏​ឃើញ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន Royal Group និង​ក្រុមហ៊ុន​ចិន​ដែល​សាងសង់​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នៅ​ខេត្តកោះកុង​ក៏​ដូចជា​មាន​ផែនការ​គ្រោង​នឹង​សាងសង់​នៅ​ខេត្ត​ឧត្តរមានជ័យ​ដូចគ្នា​ដែរ​។

លោក ស ម៉ូរី បញ្ជាក់ថា​៖ «​យើង​មើលឃើញ​ថា​ថាមពល​ខ្យល់​នេះ​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​នៅលើ​ពិភពលោក គេ​ចាប់ផ្តើម​ឈប់​ប្រើ​ថាមពល​ប្រើ​ដោយ​ធ្យូងថ្ម​ហើយ ព្រោះ​យើង​ដឹងថា​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​វា​បាន​ចូលរួមចំណែក​ដល់​ការបំពុល​ខ្យល់ និង​បំពុល​បរិយាកាស​ខ្លាំង​មែនទែន​។ ប៉ុន្តែ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​ហាក់ដូចជា​កំពុងតែ​ប្រឹងប្រែង​សាងសង់​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​បន្ថែម​ទៅវិញ​»៕