ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សំណុំរឿងលោក កឹម សុខា នឹងមិនត្រូវបញ្ចប់នាពេលឆាប់ៗតាមរយៈការទម្លាក់បទចោទ ឬត្រូវបានលើកលែងទោសដោយព្រះមហាក្សត្រនោះទេ ដរាបណាសំណុំរឿងនៃអតីតមេបក្សប្រឆាំងរូបនេះនៅមិនទាន់មានការជំនុំជម្រះទោសផងនោះ។
ថ្លែងក្នុងពេលធ្វើជាអធិបតីនៃពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត ២ ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំពីម្សិលមិញលោក ហ៊ុន សែន ដែលមិនលើកចំឈ្មោះលោក កឹម សុខា បានថ្លែងថាកាលពីពេលថ្មីៗនេះមានការបន្ធូរបន្ថយលក្ខខណ្ឌនៅក្រៅឃុំរបស់មនុស្សម្នាក់រួមទាំងមានការបិទការស៊ើបសួរដោយតុលាការ។ លោកបន្ថែមថា ការវិវត្តចុងក្រោយ ២ នេះត្រូវបានគេយកទៅវិភាគថាលោក កឹម សុខា នឹងមានសេរីភាពនាពេលឆាប់ៗ ឬមានការវិវត្តផ្សេងទៀត។
ប៉ុន្តែលោក ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា៖ «អើ! ប៉ាន់ស្មានខ្លួនឯងទៅ ក៏ប៉ុន្តែត្រូវចាំណា ដំណើរការក្ដីមួយនេះមិនមែនត្រូវធ្វើ ១ ថ្ងៃ ២ ថ្ងៃ ១ ខែឬ ២ ខែទេ វាត្រូវប្រើរយៈពេលវែង។ រួចហើយមានអ្នកខ្លះថា បន្តិចទៀតគេលើកលែងទោសហើយ ព្រះមហាក្សត្រលើកលែងទោស។ បើមិនទាន់កាត់ទោសផង តើព្រះមហាក្សត្រមានទោសឯណាសម្រាប់លែង»។ លោកបានបន្តថា ការបើកសវនាការជម្រះក្ដីនាពេលណានោះ គឺជារឿងរបស់តុលាការ ដែលលោក ឬរដ្ឋាភិបាលមិនជ្រៀតជ្រែកទេ។
ក្រៅពីករណីលោក កឹម សុខា លោកក៏បានពន្យល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅអាណត្តិបន្ទាប់។ លោកថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមច្បាប់កំណត់ ការបោះឆ្នោតអាណត្តិក្រោយសម្រាប់ឃុំសង្កាត់គឺនឹងធ្វើនៅខែឧសភា ឆ្នាំ ២០២២។ ចំណែកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនឹងធ្វើនៅខែកក្កដា ឆ្នាំ ២០២៣។ លោកក៏បានប្រាប់កុំឲ្យមន្ត្រីថ្នាក់មូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិមានសង្ឃឹមថាទទួលបានតំណែងនោះឡើងវិញ ឬទទួលបានប្រាក់ខែរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «អ្នកខ្លះនៅតែចិញ្ចឹមចិត្តថា អញនឹងបានធ្វើមេឃុំ អញនឹងបានធ្វើចៅសង្កាត់ អញនឹងធ្វើជំទប់ អញនឹងបានធ្វើនេះ រួចហើយគេសងប្រាក់ខែត្រឡប់មកវិញ ជិតបានហើយៗ។ អត់ទេ! ការបោះឆ្នោតត្រូវធ្វើនៅក្នុងខែឧសភា ឆ្នាំ ២០២២ នេះតាមការគ្រោងទុក។ វាជាអាណត្តិនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ អ៊ីចឹងអ្នកនៅក្នុងតំណែងឃុំសង្កាត់បច្ចុប្បន្នគឺនៅបន្ត អ្នកដែលនៅក្រៅ គឺនៅក្រៅ»។
ក្រៅតែពីការបញ្ជាក់ករណីលោក កឹម សុខា និងការបោះឆ្នោតក៏ដូចជាតំណែងនៅថ្នាក់មូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ លោក ហ៊ុន សែន បានលើកជាចម្ងល់ចំពោះការប្រកាសវិលត្រឡប់របស់លោក សម រង្ស៊ី ដែលអះអាងថាធ្វើឡើងដោយសន្តិវិធី ប៉ុន្តែបានអំពាវនាវឲ្យមានការបង្វែរចុងកាណុងទៅរកលោកនាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «វាមិនដែលអាណាចូលដល់ថ្នាក់អំពាវនាវដល់កងទ័ព ហើយរកលុយឱ្យកងទ័ពធ្វើជាកម្លាំងប្រដាប់អាវុធដើម្បីធ្វើការតស៊ូ ប៉ុន្តែសន្តិវិធី។ និយាយនោះគឺថាវាផ្ទុយគ្នា បាយបិណ្ឌជាបាយបាត្រ។ អ៊ីចឹងទេរាជរដ្ឋាភិបាលអត់មានជម្រើសណាផ្សេងក្រៅពីធានាធ្វើម៉េច គឺធានាដោយតម្លៃណាក៏ ដោយភាសា «ដោយតម្លៃណាក៏ដោយ» ភាសានេះគេអាចយល់បានដោយតម្លៃណាក៏ដោយត្រូវការពារប្រជាពលរដ្ឋឱ្យបានសិន។ ចៀសវាងការស្លាប់ ការខូចខាត ធ្វើឱ្យចលាចលក្នុងប្រទេស»។
ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានប្រកាសចូលកម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា កន្លងទៅ ប៉ុន្តែលោកខកខាន ហើយរដ្ឋាភិបាលបានចាត់ទុកថា ការខកខាននេះជាបរាជ័យទាំងស្រុង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាការប្រកាសវិលត្រឡប់នេះធ្វើឱ្យពលរដ្ឋខ្លះមានការបារម្ភ ដោយអ្នកខ្លះបានដកប្រាក់ពីធនាគារ ឬទិញរបស់របរ និងចាក់សាំងត្រៀម។ ទោះយ៉ាងណាលោកកោតសរសើរដល់ទីផ្សារដែលមិនបានដំឡើងថ្លៃទំនិញនានាក្នុងពេលដែលពលរដ្ឋមានក្ដីកង្វល់នេះ។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ករណីលោក កឹម សុខា អាចដោះស្រាយបានក្រោយពេលតុលាការបញ្ចប់នីតិវិធីតាមផ្លូវច្បាប់ គឺការស្នើសុំការលើកលែងទោសទៅព្រះមហាក្សត្រ៕
វីដេអូ៖