ព្រះសីហនុៈ លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន អះអាង​ក្នុង​ពេល​លោក​ធ្វើជា​អធិបតី​នៃ​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន​ ៣៤ ​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា ការបញ្ចេញ​ថវិកា​សន្សំ​ ១០០ ​លាន​ដុល្លារ​ ក្នុងការ​ស្ថាបនា​ផ្លូវ​ទាំងនេះ​គឺ​​តិចតួច​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​ថវិកា​សន្សំ​របស់​រដ្ឋាភិបាល​ដែល​មាន ខណៈ​ការចំណាយ​លើ​ផ្លូវ​ទាំងនេះ​ត្រូវ​ប្រើ​ថវិកា​ជិត​ ៣០០ ​លាន​ដុល្លារ​។

លោក​បាន​ថ្លែងថា ផ្លូវ​ទាំងនេះ​​មាន​ប្រវែង​តែ​ ៨៤ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ប៉ុន្ដែ​ត្រូវ​ចំណាយ​ទុន​រហូត​ទៅ​ដល់​ ២៩៤ ​លាន​ដុល្លារ​ ដែល​នាំ​ឲ្យ​មាន​ចោទ​ចេញ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​ផ្លូវ​​នេះ​ថ្លៃ​ម្ល៉េះ ហើយ​ក៏​មាន​ខ្លះ​ថា​ធ្វើ​ផ្លូវ​​ធំៗ​តើ​បាន​លុយ​មកពី​ណា​?

លោក​បាន​បន្តថា​៖ «​ខ្ញុំ​សូមបញ្ជាក់​បន្តិច យើង​ធ្វើ​ជា​រាជរដ្ឋាភិបាល មិនមែន​បានន័យថា យើង​វ៉ៃ​អស់​សន្លឹក​បៀ​ចេញពី​ដៃ​ទេ​។ ​ប្រាក់​សន្សំ​របស់​រាជរដ្ឋាភិបាល​ដែល​បញ្ចេញ​ឲ្យ​ខេត្ដ​ព្រះសីហនុ​ ១០០ ​លាន​ដុល្លារ​នេះ​ វា​​តិចតួច​ណាស់​បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រាក់​សន្សំ​ដែល​រាជរដ្ឋាភិបាល​មាន​ជា​សាច់ប្រាក់​តែម្តង​»​។

លោក​បាន​អះអាង​ថា ប្រសិនបើ​ខេត្ដ​ព្រះសីហនុ​មិនអាច​មាននូវ​របស់​ដែល​អាច​ទាក់ទាញ​យក​នូវ​ប្រភព​ទុន​បាន រាជរដ្ឋាភិបាល​ក៏​ហ៊ាន​បញ្ចេញ​ថវិកា​ទាំង​ ៣០០ ​លាន​ដុល្លារ​មកកាន់​ខេត្ដ​ព្រះសីហនុ​តែម្ដង​។ លោក​បាន​បន្ថែមថា មិនមែន​រាជរដ្ឋាភិបាល​អួតអាង​ទេ ក៏ប៉ុន្ដែ​អ្នកខ្លះ​គេ​គិតថា ហ៊ុន សែន ជិត​ដាច់ខ្យល់​ហើយ​ដោយសារ​សម្ពាធ​បរទេស​។

លោក​បញ្ជាក់ថា​៖ «​សូមទោស​ខ្ញុំ​គ្រាន់​តែ​ប្រាប់​អ្នកឯង​ថា គ្រាន់តែ​ចំណូល​ពន្ធគយ​ ១ ​គឺ​ចិញ្ចឹម​ប្រាក់ខែ​គ្រប់គ្រាន់​លើស​ពី​សេចក្ដី​ត្រូវការ​គ្រាន់តែ​ចំណូល​ពន្ធគយ​ដែល​ក្នុង​ ១ ខែៗ គិត​ជា​​មធ្យម ២៥០ ​លាន​ដុល្លារ​អាមេរិក​»​។

លោកនាយក​រដ្ឋមន្ដ្រី​បង្ហាញថា កម្ពុជា​មាន​ប្រាក់ចំណូល​ក្នុង​ ១ ​ខែ​គឺ​ប្រមាណ​ ៥០០ ​លាន​ដុល្លារ​ ហើយ​ចំណាយ​ត្រឡប់​ទៅវិញ​ក្នុង​រង្វង់​ ៣០០-៤០០ លាន​ដុល្លារ​ ក្នុង​ ១ ​ខែ ​ក៏​កម្ពុជា​អាច​សន្សំ​ប្រាក់​ពី​ ១០០-២០០ លាន​ដុល្លារ ក្នុង​ ១ ​ខែ​ដែរ​។

លោក​បាន​រំឭកថា មូលហេតុ​ដែល​នាំ​ឲ្យ​រាជរដ្ឋាភិបាល​គិតគូរ​ចំពោះ​ការសាងសង់​ផ្លូវ​នៅ​ខេត្ដ​ព្រះសីហនុ​ឡើងវិញ​នេះ គឺ​ក្រោយ​ពេល​លោក​បាន​ទៅដល់​ខេត្ដ​ព្រះសីហនុ អំឡុងពេល​ជួយ​សង្គ្រោះ​ពលរដ្ឋ​ពី​ករណី​បាក់​រលំ​អគារ​កម្ពស់​ ៧ ​ជាន់​ កាលពី​ខែ​មិថុនា​កន្លង​ទៅ និង​បាន​សង្កេតឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខូចខាត​ទាំងស្រុង ខណៈ​អគារ​ខ្ពស់​រាប់រយ​កំពុង​រីក​លូត​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្វី​ដែល​សំខាន់​នៅពេល​នោះ​ខ្ញុំ​សង្កេតឃើញ​ថា ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ដ​ព្រះសីហនុ​ប្រើប្រាស់​លែងកើត​ហើយ​ចាំបាច់​ត្រូវ​កសាង​ឡើងវិញ​ទាំងអស់ ព្រោះ​យើង​ក្រឡេក​មើល​ខាងលើ​ឃើញ​មាន​អគារ​ស្អាត​ណាស់ ប៉ុន្ដែ​ងាក​មើល​មក​ខាងក្រោម​គឺ​នៅក្នុង​ភក់​។​...​ល្អ​តែ​នៅ​ខាងលើ​អគារ​ទាំងឡាយ​តុបតែង​ភ្លើង​ល្អ​ទាំងអស់ ក៏ប៉ុន្ដែ​ងាក​មក​ខាងក្រោម​ដើរ​ជិះ​ម៉ូតូ និង​ជិះឡាន​ក្នុង​ភក់​»​។

តាម​របាយការណ៍​ដែល​អាន​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ក្នុងពេល​សម្ពោធ​ការដ្ឋាន​នេះ​បាន​ឲ្យ​ដឹងថា​ផ្លូវ​ទាំង ៣៤ ​ខ្សែ​នេះ​ មាន​ប្រវែង​សរុប​ជាង​ ៨៤ ​គីឡូម៉ែត្រ​ មាន​រង្វង់​មូល​ចំនួន ៣ និង​ស្ពាន​ចំនួន ៦ ប្រវែង​ ២៥២ ​ម៉ែត្រ​។ ចក្ខុវិស័យ​ផ្លូវ​មិន​ត្រឹមតែ​សម្រាប់​ធ្វើដំណើរ​ប្រកបដោយ​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ជា​លម្ហ​សាធារណៈ​ប្រកប​ដោយ​មេត្រីភាព សុវត្ថិភាព និង​សមធម៌ ដើម្បី​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ធុរកិច្ច ក៏ដូចជា លើកកម្ពស់​គុណភាព​នគរូបនីយកម្ម ភាព​ធន់​នឹង​អាកាសធាតុ និង​បរិស្ថាន​ប្រកប​ដោយ​ចីរភាព​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ទៅជា​ទីក្រុង​ឆ្លាតវៃ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។

បើ​តាម​លោក​អភិបាលខេត្ដ​ផ្លូវ​នេះ​ត្រូវ​ស្ថាបនា​ជា​ ៣ ​ប្រភេទ រួមមាន ប្រភេទ មហាវិថី​មាន​ ៣ ​ខ្សែ ប្រភេទ​វិថី​មាន​ ១៦ ​ខ្សែ និង​ប្រភេទ​អនុវិថី​ ១៥ ​ខ្សែ​។

លោក​ សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​ចង់​ឲ្យ​ការស្ថាបនា​ផ្លូវ​ទាំងនេះ មាន​ប្រសិទ្ធភាព និង​មាន​គុណភាព​ខ្ពស់​ចៀសវាង​អំពើ​ពុករលួយ ខណៈ​ផ្លូវ​នៅក្នុង​ក្រុងព្រះសីហនុ​បាន​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​នោះ​។

លោក​ថា​៖ «​យើង​ដឹង​ហើយ​ថា ការអភិវឌ្ឍ​ផ្លូវ​ឡើងវិញ​ទាំង​ ៣៤ ​ខ្សែ​នេះ​ គឺជា​ថវិកា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ឧបត្ថម្ភ​មក​។ ដូច្នេះ​ការប្រើប្រាស់​ថវិកា​សាងសង់​ផ្លូវ​នេះ ត្រូវ​មាន​តម្លាភាព និង​មាន​គុណភាព​បំផុត​ដែល​អាច​ទទួល​យក​បាន​...»៕