ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត ដែល​នឹង​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃទី​ ២៧ ខែ​កុម្ភៈ ឆ្នាំនេះ​ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​៖ ទីក្រុង​ដែលមាន​វិថី​ម្ហូបអាហារ​ស្អាត​» បាន​ប្រាប់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បន្ត​ខិតខំ​លើក​កម្ពស់​ប្រពៃណី វប្បធម៌ និង​បេតិកភណ្ឌ​ម្ហូបអាហារ​ខ្មែរ​សំដៅ​ជំរុញ​ឲ្យ​មាន​ភាពសម្បូរបែប​នៃ​ម្ហូបអាហារ ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​។

សារលិខិត​របស់​លោកនាយករដ្ឋមន្ដ្រី​ថ្លែង​សម្រាប់​ទិវា​នេះ​បាន​បញ្ជាក់ថា ​ក្នុង​ស្មារតី​ឆ្លើយតប​ទៅនឹង​ការវិវត្ត និង​និន្នាការ​អភិវឌ្ឍន៍​ថ្មីៗ​នេះ កម្ពុជា​ត្រូវ​បន្ត​យក​ចិត្ដ​ទុកដាក់​លើ​ការដាក់ចេញ​ និង​អនុវត្ដ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​នានា ដោយ​ឈរលើ​មូលដ្ឋាន​សំខាន់​ ២ ដែល​ត្រូវ​គិតគូរ​ស្របពេល​គ្នា គឺ​ការបង្កើត​ឧត្ដមភាព​ប្រកួតប្រជែង និង​ការធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​។ ឈរលើ​មូលដ្ឋាន​នេះ​កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» ​ដែល​ជា​យុទ្ធសាស្ដ្រ​ដ៏សមស្រប​ក្នុង​ការចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង និង​នាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ភាព​ស្អាត បៃតង និង​ប្រកប​ដោយ​សុវត្ថិភាព​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ឆ្លៀត​ក្នុង​ឱកាស​នេះ​ក្នុង​នាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បន្ត​ខិតខំ​រួមចំណែក​លើកកម្ពស់​ប្រពៃណី វប្បធម៌ និង​បេតិកភណ្ឌ​ម្ហូបអាហារ​របស់​ខ្លួន​សំដៅ​ចូលរួម​ជំរុញ​ឲ្យ​មាន​ភាពសម្បូរ​បែប​នៃ​ម្ហូបអាហារ និង​ត្រូវ​ «​ក្រុង​/​ខណ្ឌ​មួយ​ត្រូវមាន​វិថី​ម្ហូបអាហារ​មួយ​យ៉ាងតិច​»​។ ស្រុក​មួយ​ត្រូវមាន​វិថី​ម្ហូបអាហារ​មួយ​យ៉ាងតិច​» ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ដែល​មក​ទស្សនា​ក្នុង​ទីក្រុង​ប្រកបដោយ​ភាព​ពេញចិត្ដ និង​បទពិសោធ​ល្អ​ប្លែកៗ​ស្រប​តាម​យុទ្ធនាការ​ការផ្សព្វផ្សាយ​ «​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយ​ផ្ដល់​ភាពកក់ក្ដៅ​»​។

លោក​ ហ៊ុន សែន បាន​បន្តថា​៖ «​ខ្ញុំ​ក៏​សូម​ប្រកាស​ដាក់​ឲ្យ​អនុវត្ដ​ស្ដង់ដា «​វិថី​ម្ហូប លក់​ម្ហូប​អាហារ​កម្ពុជា-Food Street» និង​ស្ដង់ដា​ «​តូប​លក់​ម្ហូបអាហារ​តាម​ដង​ផ្លូវ​កម្ពុជា-Street Food» ជា​ផ្លូវការ​»​។

លោក​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​សហការ​ចូលរួម​គាំទ្រ​ឧបត្ថម្ភ និង​អនុវត្ដ​រាល់​យុទ្ធនាការ​នានា​ដែល​ត្រូវបាន​ដាក់ចេញដោយ​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង​ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» ដើម្បី​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍ «​ស្អាត និង​បៃតង​»​។

សារលិខិត​របស់​លោក​ ហ៊ុន សែន ដដែល​បាន​បញ្ជាក់​ថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី​ ៨ ​ហើយ​ដែល​កម្ពុជា​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត​នេះ​។ តាមរយៈ​ប្រធានបទ​ឆ្នាំនេះ គឺ​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ថា វិថី​ម្ហូបអាហារ​គឺជា​ផលិតផល​ទេសចរណ៍​ដ៏ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​អាច​ផ្ដល់នូវ​បទពិសោធ និង​ការចងចាំ​សម្រាប់​ភ្ញៀវទេសចរ​។

សារលិខិត​លោក​ ហ៊ុន សែន បាន​លើកឡើង​ទៀតថា ជាទូទៅ​ភ្ញៀវទេសចរ​ជាតិ​តែងតែ​ប្រាថ្នា​ចង់​ដើរ​កម្សាន្ត និង​ទទួលទាន​ម្ហូបអាហារ​ដែល​ប្រកប​ដោយ​អនាម័យ និង​ជឿ​ទុក​ចិត្ដ ខណៈ​វិថី​ម្ហូបអាហារ​ក៏​ជា​ផ្នែក​មួយ​នៃ​ទេសចរណ៍​ម្ហូបអាហារ​ដែល​ផ្សារភ្ជាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ទៅនឹង​ជីវភាព​ប្រជាជន វប្បធម៌ ទំនៀមទម្លាប់ ព្រមទាំង​ជួយ​ជំរុញ​អាជីវកម្ម​ខ្នាតតូច​បែប​គ្រួសារ​ឲ្យ​រីកលូតលាស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា​៖ «​ជា​ការពិត​វិស័យ​ទេសចរណ៍​ និង​ម្ហូបអាហារ​មាន​ទំនាក់ទំនង​ជា​សារវន្ត​ ២ គឺ​ម្ហូបអាហារ​ជា​ផលិតផល​ទេសចរណ៍ ឬ​សេវាកម្ម​ទេសចរណ៍​ (Gastronomy Tourism Product) ​និង​ម្ហូបអាហារ​ជា​ចំណែក​ទីផ្សារ​ទេសចរណ៍ (Market Segment) ដ៏ទាក់ទាញ​។ ម្ហូបអាហារ​គឺជា​ទូត​នាំសារ​អំពី​វប្បធម៌ អត្តសញ្ញាណ ការរស់​នៅក្នុង​តំបន់​ទៅ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ និង​បាន​បង្កើត​ភាពចងចាំ​ដល់​ទេសចរ​អំពី​គោលដៅ​ដែល​បាន​ទស្សនា​»​។

លោក​ តុប សុភ័ក អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​ពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​គ្មាន​អ្នកទទួល​។ ប៉ុន្ដែ​លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១ ខែ​កុម្ភៈ​នេះ​ថា កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ អន្តរជាតិ​ជាង​ ៦ ​លាន​នាក់​កើនឡើង ៦,៦ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

តាម​ការដែល​លោក​បង្ហាញ​ទិន្នន័យ​គឺ​នៅ​ឆ្នាំ​ ២០១៩ ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​មាន​ចំនួន​ ៦,៦១ ​លាន​នាក់ កើនឡើង​ ៦,៦ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន​ចំនួន​ ៦,២០ លាន​នាក់​។ ទិន្នន័យ​បង្ហាញ​ថា ភ្ញៀវ​ចិន​នៅ​តែ​បន្ត​នាំមុខ​ក្នុង​ចំណោម​ទេសចរ​បរទេស​ដែល​មាន​ចំនួន ២,៣៦ ​លាន​នាក់ កើនឡើង​ ១៦,៧ ភាគរយ​ ភ្ញៀវ​ជនជាតិ​វៀតណាម​មាន​ ៩០៨ ៨០៣ ​នាក់ កើន​ ១៣,៦ ភាគរយ​ ទេសចរ​ថៃ​ ៤៦៦ ៤៩៣ ​នាក់ កើនឡើង​ ២២ ​ភាគរយ ឡាវ​ ៣៦៣ ៩៥១ ​នាក់ ថយចុះ ១៤,៦ ភាគរយ​ និង​ទេសចរ​កូរ៉េខាងត្បូង​មាន​ចំនួន​ ២៥៤ ៨៧៤ នាក់​ថយចុះ​ ១៥,៥ ​ភាគរយ​។ ដោយឡែក​ភ្ញៀវទេសចរ​ផ្សេងទៀត​រួមមាន អាមេរិក​ ២៤៨ ៨៦៣ ​នាក់ ថយចុះ ០,៨ ភាគរយ ជប៉ុន ២០៧ ៦៣៦ ​នាក់ ថយចុះ ១,៣ ភាគរយ និង​ម៉ាឡេស៊ី​មាន​ចំនួន​ ២០៣ ០០៨ ​នាក់​កើនឡើង​ ០,៩ ភាគរយ​៕