ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ កម្មករ​កម្មការិនី និង​វិនិយោគិន​ទាំងអស់​មាន​ស្មារតី​នឹងនរ ហើយ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ក្នុង​ការប្រឈមមុខ​នឹង​បញ្ហា​ដែល​កើតមាន​ដោយសារ​ផលប៉ះពាល់​នៃ​វីរុស​កូរ៉ូណា និង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ ភាគរយ​។

លោក​បាន​ថ្លែង​សារ​ពិសេស​ជូន​ជនរួម​ជាតិខ្មែរ និង​ឆ្លើយ​សំណួរ អ្នក​សារព័ត៌មាន​ជាង​ ៤ ​ម៉ោង​កាលពី​ម្សិលមិញ​នៅ​វិមាន​សន្តិភាព​ពាក់ព័ន្ធ​ស្ថានភាព​ថ្មីៗ​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នោះ​គឺ​ជំងឺ​កូរ៉ូណា​ ឬ​កូវីត​ ១៩ ​និង​បញ្ហា​មួយទៀត​ដែល​កម្ពុជា​កំពុង​ប្រឈម​គឺ​ការបាត់បង់​ ២០ ​ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ជនរួមជាតិ វិនិយោគិន ធុរជន អាជីវករ និង​ក្មួយៗ​កម្មករ​និយោជិត​ទាំងអស់​សូម​មាន​ស្មារតី​នឹងនរ​មាន​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​បន្ត​កិច្ចការងារ​ និង​សកម្មភាព​ជីវិត​ប្រចាំ​ថ្ងៃ​ជាធម្មតា ប្រឹងប្រែង​អស់ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការធ្វើ​ធុរកិច្ច​ក៏ដូចជា​ក្នុង​ការបំពេញ​ការងារ និង​ចូលរួម​អនុវត្ត​នូវ​វិធានការ​ទាំងអស់​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញមក​នេះ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ស្មារតី​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ស្មារតី​ស្រឡាញ់​ និង​ជួយ​យកអាសា​គ្នា​ក្នុង​គ្រា​លំបាក ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ ស្មារតី​យក​ឈ្នះ​ឲ្យ​បាន​លើ​រាល់​បញ្ហា​ប្រឈម​ទាំងឡាយ​ចំពោះមុខ ស្មារតី​ជឿជាក់​ថា​កម្ពុជា​នឹង​ខ្លាំង​ជាង​ពេលមុនៗ នៅពេល​ឆ្លង​ផុត​ពី​បញ្ហា​ប្រឈម​ទាំងនេះ និង​ស្មារតី​ជឿជាក់​លើ​អនាគត​ដ៏ភ្លឺស្វាង​សម្រាប់​គ្រប់​ជំនាន់​តទៅ​មុខ​ទៀត​ក្រោម​ម្លប់​ដ៏ត្រជាក់​នៃ​សុខសន្តិភាព​ដែល​យើង​ខិតខំ​សម្រេច​បាន​ដោយ​លំបាក​លំបិន​ជាមួយ​នឹង​ពលិកម្ម​ដ៏ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​»​។

លោក​លើកឡើង​ថា វិស័យ​កាត់ដេរ​ និង​ទេសចរណ៍​នឹង​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​។ ចំពោះ​វិស័យ​កាត់ដេរ រោងចក្រ​មួយ​ចំនួន​តូច​បាន​គិតគូរ​ព្យួរ​ការងារ​រយៈពេល​ខ្លី ដោយសារ​តែ​មាន​បញ្ហា​នាំយក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​ដែល​កំពុង​រង​ការវាយប្រហារ​ដោយ​វីរុស​កូរ៉ូណា និង​ដោយសារ​តែ​ឥទ្ធិពល​នៃ​ការដក EBA ២០ ​ភាគរយ​។

ជា​ការឆ្លើយតប​នឹង​បញ្ហា​ទាំងនេះ​លោក​ថា រាជរដ្ឋាភិបាល​បាន​ដាក់​វិធានការ​រយៈពេល​ខ្លី​ចំនួន​ ៤ ចំណុច​ដោយ​ចំណុច​ទី​ ១ គឺ​ការជួយ​ដល់​វិស័យ​ឯកជន និង​វិស័យ​កាត់ដេរ​ដោយ​ពិនិត្យ​លើ​ការលើកលែង​ពន្ធ​រយៈពេល​ ៦ ​ខែ​ទៅ​ ១ ​ឆ្នាំ​សម្រាប់​រោងចក្រ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​តាម​កម្រិត​នៃ​ផលប៉ះពាល់​ជាក់ស្ដែង​។ លោក​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រៀបចំ​រូបមន្ត​ជាក់លាក់ ដើម្បី​វាយតម្លៃ​ដើម្បី​ផ្ដល់​ការលើកលែង​ពន្ធ​ទាំងនោះ​។

វិធានការ​ទី ២ គឺ​ការអនុញ្ញាត​ឲ្យ​រោងចក្រ​មិន​បង់ប្រាក់​វិភាគទាន​ហានិភ័យ​ការងារ និង​ការថែទាំ​សុខភាព ប.ស.ស នៅក្នុង​អំឡុងពេល​រោងចក្រ​ព្យួរ​អាជីវកម្ម​។ វិធានការ​ទី​ ៣ គឺ​រោងចក្រ​សហគ្រាស​ដែល​ផ្អាក​សកម្មភាព​ផលិត​រយៈពេល​ខ្លី​ដោយសារ​ខ្វះ​វត្ថុធាតុដើម​ត្រូវ​ចេញ​ប្រាក់ខែ ៤០ ​ភាគរយ​នៃ​ប្រាក់ខែ​អប្បបរមា​របស់​កម្មករ និយោជិត​ដែល​មាន​ចំនួន​ ១៩០ ​ដុល្លារ​នៅ​ឆ្នាំ​ ២០២០ ហើយ​រាជរដ្ឋាភិបាល​នឹង​ចូលរួម​ ២០ ​ភាគរ​នៃ​អប្បបរមា​សម្រាប់​កម្មករ​ម្នាក់​។

លោក​ពន្យល់​បន្តថា កម្មករ​និយោជិត​ដែល​បាត់បង់​ការងារ​ដែល​មិន​អាច​រក​ការងារ​ធ្វើ​ថ្មី​បាន ឬ​ចង់​ផ្លាស់ប្ដូរ​ការងារ​នាពេល​អនាគត ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ត្រូវ​រៀបចំ​ការបណ្ដុះបណ្តាល​ដល់​កម្មករ​ដូចជា​ផ្ដល់​សេវា​ជួយ​រក​ការងារ​សម្រាប់​កម្មករ​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ដើម្បី​បាន​ការងារ​ថ្មី និង​ការបណ្ដុះបណ្ដាល​ជំនាញ​ទន់​ពី​ ១ ​ទៅ​ ២ ​សប្ដាហ៍​។ លើសពី​នេះ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស ៤ ​ខែ​ដើម្បី​បំពាក់​ជំនាញ​ថ្មី ដើម្បី​រក​ការងារ​ថ្មី​នឹង​ទទួល​បាន​ប្រាក់ខែ​ ១២០ ​ដុល្លារ​សម្រាប់​រយៈពេល​ ៤ ​ខែ និង​ ២ ​ខែ​សម្រាប់​បម្រុង​រកការងារ​ធ្វើ​មិនទាន់​បាន​។

លោក​ថ្លែងថា​៖ «​សរុប​ទៅ​កម្មករ​ម្នាក់ៗ​នឹង​ទទួល​បាន​ប្រាក់ខែ​ ៦០ ​ភាគរយ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​មាន​ជា​ទឹកប្រាក់​ប្រមាណ ១២០ ​ដុល្លារ​។ កម្មករ​និយោជិត​ត្រូវ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​មាន​រយៈពេល​ពី​ ១ ​ទៅ​ ២ ​សប្ដាហ៍​រៀបចំ​ដោយ​ក្រសួង​ការងារ​នៅ​តាម​រោងចក្រ​»​។

វិធានការ​ទី​ ៤ ក្រសួង​ការងារ​ត្រូវ​សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ​និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​នៃ​ការបំពេញ​ការងារ​របស់​គម្រោង​រោងចក្រ​ល្អប្រសើរ​នៅ​កម្ពុជា ដើម្បី​ឲ្យ​អ្នកបញ្ជា​ទិញ​មើលឃើញ​ថា កម្ពុជា​បាន​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ការងារ មាន​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ និង​ការមិន​មាន​ការប្រើប្រាស់​ពលកម្ម​កុមារ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ចំណុច​នេះ​គេ​អាច​មើលឃើញ​ហើយ​ថា កម្ពុជា​បាន​បម្រុង​ទុក​ហើយ​ថា​នឹង​មិន​មាន​ការវិលត្រឡប់​នៃ EBA ដែល​អ៊ីយូ​បាន​ព្យួរ​នេះ​ទេ​។ សុំ​បញ្ជាក់​ជូន​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ និង​អ្នក​នយោបាយ​កម្ពុជា​ឲ្យ​បាន​ច្បាស់​ថា កម្ពុជា​នឹង​មិន​ស្នើសុំ​ត្រឡប់​មក​វិញ​នូវ EBA ២០ ភាគរយ​នោះទេ​។ នេះ​ជា​ការ​ឆ្លើយតប​បញ្ជាក់​យ៉ាងច្បាស់​ហើយ​កុំមក​ធ្វើ​ចលនា​អ្វី​ទាល់តែ​សោះ​»​។

លោក​បន្តថា​៖ «​ខ្ញុំ​បញ្ជាក់​លើ​ចំណុច​នេះ​កម្ពុជា​មិនអាច​យក​ច្បាប់​របស់ខ្លួន​អធិបតេយ្យ​របស់​ខ្លួន​ទៅ​ដោះដូរ​នូវ​ភាពអនុគ្រោះ​ ២០ ​ភាគរយ​ត្រឡប់​មក​វិញ​ទេ​។ អ្នកសម្រេច​ក៏​សម្រេច​ទៅ​ចុះ ហើយ​ ហ៊ុន សែន មិន​ស្នើសុំ​ឲ្យ​មានការ​យោគយល់​ថា បោះឆ្នោត​ជំទាស់​បោះឆ្នោត​ប្រឆាំង​អី​ទេ គឺ​អនុវត្ត​ច្បាប់​។ ប៉ុន្តែ​អ្នក​ត្រូវ​យល់ថា កម្ពុជា​កំពុង​ដើរ​នៅលើ​ផ្លូវ​ដែល​ខ្លួន​បាន​ជ្រើសរើស​រួចមក​ហើយ​»​។

ជាមួយ​គ្នា​នេះ​លោក​សុំ​ឲ្យ​កម្មករ​កម្មការិនី​កុំ​មាន​ការបារម្ភ ព្រោះ​រាជរដ្ឋាភិបាល​មាន​សមត្ថភាព​ដើម្បី​នឹង​ទទួល​ខុសត្រូវ​។ លោក​ថា បើ​យោង​ទៅ​តាម​ការគិតគូរ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​អឺរ៉ុប​ដោយ​ដក​ប្រទេស​អង់គ្លេស​ចេញ​បន្ទាប់ពី​ប្រទេស​នេះ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នោះ​ទំហំ​ពន្ធ​ដែល​ត្រូវ​បង់ គឺមាន​ប្រហែល​ជា​ក្រោម​ ១០០ ​លាន​ដុល្លារ​ ឬ​ ១០០ ​លាន​ដុល្លារ​ប៉ុណ្ណោះ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដូច្នេះ​គ្មាន​រឿង​ត្រូវយក​អធិបតេយ្យភាព​ទៅ​ដោះដូរ​ជាមួយ​អា​ ១០០ ​លាន​ដុល្លារ​ទេ​»​។

ក្រៅពី​វិធានការ​រយៈពេល​ខ្លី​ទាំងនេះ​លោក​បាន​ប្រាប់​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​រៀបចំ​វិធានការ​កំណែទម្រង់​មុត​ស្រួច​បន្ថែមទៀត​ដែល​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ១ ​ខែមេសា​ខាងមុខ​ក្នុង​ជំនួប​រវាង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​លើក​ទី​ ១៩​។ ដែល​វិធានការ​នេះ​នឹង​មាន​ការដាក់ចេញ​នូវ​កញ្ចប់​ថវិកា​បន្ថែម​ទៀត​ដែរ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​សាទរ​ការប្រកាស​ផ្ដល់ប្រាក់ ៦០ ​ភាគរយ​នៃ​ប្រាក់ខែ​គោល​ជូន​កម្មករ​ករណី​រោងចក្រ​របស់​ពួកគេ​ត្រូវ​ព្យួរការងារ​។

លោក​ថ្លែងថា​៖ «​ការប្រកាស​របស់​រដ្ឋាភិបាល​ពិតជា​វិធានការ​ដ៏ល្អ​ដែល​ជួយ​សម្រាល​នូវ​ទុក្ខលំបាក​របស់​បងប្អូន​កម្មករ​បាន​មួយ​ផ្នែកធំ​។ ដូច្នេះ​សម្រាប់​ខ្ញុំ ដែល​តំណាង​ឲ្យ​កម្មករ ពិតជា​មាន​ក្ដីរំភើប​រីករាយ​មែនទែន ដែល​ឃើញ​វិធានការ​របស់​រដ្ឋាភិបាល​ដែល​ជួយ​សម្រាល​ដល់ក​ម្មករ​ដែល​ត្រូវ​ព្យួរការងារ​»​។

ទោះយ៉ាងណា​លោក​ថា ការព្យួរការងារ​ជាទូទៅ​មាន​រយៈពេល​តែ​ ២ ​ខែ​ប៉ុណ្ណោះ​។ ប្រសិន​បើ​មាន​ករណី​រោងចក្រ​បិទទ្វារ​វិញ កម្មករ​ត្រូវ​ទទួល​បាន​សំណង​ផ្សេងៗ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ការងារ ហើយ​លោក​ស្នើឲ្យ​រដ្ឋាភិបាល ខិតខំ​បង្កើត​ការងារ​បន្ថែម​សម្រាប់​កម្មករ​កម្មការិនី​ពីព្រោះ​ការអត់​ការងារ​រយៈពេល​យូរ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​របស់​ពួកគេ​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ថា​កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​បាន ព្រោះ​កម្ពុជា​ធ្លាប់​បាន​ជួប​បញ្ហា​បែបនេះ​ ៣ ​ដង​រួចហើយ រួមមាន​ការតស៊ូ​ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរក្រហម ការតស៊ូ​ក្នុង​សម័យ​សង្គ្រាមត្រជាក់​ដែល​កម្ពុជា​រង​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​បញ្ហា​កើតមាន​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១​។

លោក​ថា​៖ «​ទាំងអស់​នេះ​កម្ពុជា​សុទ្ធតែ​គ្មានអ្វី គ្មាន EBA តែ​យើង​នៅតែ​ដើរ​បាន​។ អ៊ីចឹង​ទេ យើង​ត្រូវតែ​បន្ត​ទៅ​ទៀត​គឺ​រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​បង្កើន​កម្លាំង​ផលិត​ក្នុង​ស្រុក​ឲ្យ​កាន់តែ​ច្រើន ហើយ​ជា​ផលិតផល​ជាក់ស្ដែង​មិនមែន​តែ​ទិន្នន័យ​ទេ​»៕