ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចំពោះ​ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​វិជ្ជមាន​ពី​កម្ពុជា​ដែល​លោក​ចាត់ទុកថា នេះ​ជាការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ ខណៈ​មាន​អ្នកសារព័ត៌មាន​មួយចំនួន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​មេធាវី​ការពារ​ពួកគេ​នៅពេល​ដែល​ពួកគេ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។

ការសម្តែង​នូវ​អំណរគុណ​បែបនេះ​របស់​លោក​នាយករដ្ឋមន្ត្រី​ធ្វើ​ឡើង​ ២ ​ថ្ងៃ​ មុន​ពេល​លោក​ជួបជុំ​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក​ប្រចាំឆ្នាំ​ជា​លើក​ទី​ ៤ ​នៅ​ថ្ងៃ​អង្គារ​នេះ​ដែលមាន​អ្នកសារព័ត៌មាន​ចូលរួម​ប្រមាណ​ជាង​ ៥០០០ ​នាក់​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​។

លោក​ ហ៊ុន សែន សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​នៅ​ព្រឹក​ថ្ងៃទី​ ១២ ខែ​មករា ថា​៖ «​អរគុណ​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ផ្សាយ​ព័ត៌មាន ពិត និង​ព័ត៌មាន​វិជ្ជមាន​ល្អ​ពី​កម្ពុជា​ដែលជា​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​»​។

លោក​ ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែងថា អ្នកសារព័ត៌មាន​ដែល​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​នេះ​មាន​ប្រមាណ​ជាង​ ៥ ០០០ ​នាក់​ ដែល​ក្នុងនោះ​មាន​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី កាសែត គេហទំព័រ សមាគម និង​ក្លិប​អ្នកកាសែត​ព្រម​ទាំង​ថ្នាក់ដឹកនាំ​មួយចំនួន​ដែល​ធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន​។

លោក​បាន​បន្តថា ក្រសួង​នឹង​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី​នូវ​សំណើ​មួយចំនួន​ដែល​ក្រសួង​បានទទួល​ពី​សមាគម និង​ក្លិប​អ្នកកាសែត​។ ក្នុងនោះ​មាន​ការស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ផ្តល់​មេធាវី​ជូន​ពួកគាត់​នៅពេល​ពួកគាត់ ប្រឈម​មុខ​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ប្តឹងផ្តល់ ស្នើសុំ​រាជរដ្ឋាភិបាល​ផ្តល់​មធ្យោបាយ​ធ្វើដំណើរ និង បណ្ណ​បសស​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​ឃើញ​មាន​អង្គភាព​ ១ ​ទៅ​ ២ ​ដែល​ធ្វើ​លិខិតស្នាម​ផ្លូវការ​។ ក្រៅពី​ហ្នឹង​គាត់​បាន​លើក​ជា​យោបល់​នៅក្នុង​អង្គប្រជុំ​តែម្តង​។ ដូច្នេះហើយ​យើង​យក​សេចក្តី​សម្រេច​នៅក្នុង​អង្គប្រជុំ​ហ្នឹង​ដាក់​បញ្ចូល​ទៅក្នុង​ខ្លឹមសារ​ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​សម្រេច​។ គាត់​សុំ​ចង់បាន​ឲ្យ​មាន​មេធាវី​រាជរដ្ឋាភិបាល​ដើម្បី​ការពារ​អ្នក​សារព័ត៌មាន​ និង​សំណើ​ផ្សេងៗ​ដូចជា​មធ្យោបាយ​ធ្វើដំណើរ​ដូច​កម្មករ ដូចជា​ឡានក្រុង ដោយសារ​តែ​គាត់​មាន​បញ្ហា​ជីវភាព និង​ចំណុច​មួយទៀត​គាត់​ស្នើសុំ​គឺ​បណ្ណ​បសស​»​។

លោក​បាន​បន្ថែមថា មាន​អង្គភាព​ដែល​ទើបតែ​នឹង​កើត​ថ្មី​មួយ​បាន​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិ​បាល​ធ្វើការ​លុបចោល​នូវ​សេចក្តី​ប្រកាស​រួម​របស់​ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៨​។ ស្ថាប័ន​ទាំងនេះ​បានសម្រេច​ធ្វើការ​រួមគ្នា​ប្រឆាំង ទប់ស្កាត់​រាល់​ការផ្សព្វផ្សាយ ឬ​ការចែកចាយ​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ដែល​មាន​ចេតនា​បង្ក​ជា​ចលាចល​ដែល​បណ្ដាល​ឲ្យ​អន្ដរាយ​ដល់​វិស័យ​ការពារជាតិ សន្ដិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់​សាធារណៈ ការរើសអើង និង​វប្បធម៌ ប្រពៃណីជាតិ​នៅលើ​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​ថ្លែងថា ក្លឹប​អ្នកការ​សែត​កម្ពុជា​បាន​ទទួល​នូវ​សំណូមពរ​មួយចំនួន​ដែរ​ក្នុង​នោះ​មាន​ការស្នើសុំ​ឲ្យ​អនុវត្ត​ច្បាប់​ប្រើ​ច្បាប់​របប​សារព័ត៌មាន​ជាជាង​ច្បាប់​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​ និង​ផ្លូវច្បាប់​ផ្សេងៗ​។ សំណូមពរ​នោះ​បាន​ស្នើឲ្យ​ប្រមុខ​ថ្នាក់​ដឹកនាំ​ជួយ​ផ្ញើ​សារ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ឲ្យ​មាន​កិច្ចសហការ​ល្អ ជាមួយ​នឹង​អ្នកសារព័ត៌មាន​។

លោក​ថា​៖ «​និយាយ​រួម​មក គាត់​ស្នើសុំ​ថា​ធ្វើ​ម៉េច​ប្រយោជន៍​អ្នកសារព័ត៌មាន និង​ជួយ​ធ្វើការងារ​របស់​ពួកគាត់​កាន់តែ​ប្រសើរ ដូចជា​មន្ត្រី​អ្នកនាំពាក្យ​សូម​ឲ្យ​ផ្តល់ព័ត៌មាន​ និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​ឲ្យ​អ្នកកាសែត​យើង​ទទួលបាន​ព័ត៌មាន​ល្អ​»​។

ពាក់ព័ន្ធ​នឹង​ការស្នើសុំ​មេធាវី​ពី​រាជរដ្ឋាភិបាល លោក​បានលើក​ឡើង​ថា អ្នកសារព័ត៌មាន ឬ​សមាគម​អ្នកកាសែត គួរតែ​ព្យាយាម​រក​មេធាវី​ដោយ​ខ្លួនឯង​ជាមុនសិន​។ បើ​មិនមាន​លទ្ធភាព​នោះទេ ពួកគេ​អាច​ធ្វើការ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​មេធាវី​ការពារ​ជូន​។

កម្ពុជា​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ទៅ ៥៣០ ​ស្ថាប័ន ​ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ក្នុង​នោះ​មាន​កាសែត​បោះពុម្ពផ្សាយ​ជា​ភាសាបរទេស​ចំនួន ៣៤ ​ស្ថាប័ន វិទ្យុ​ជាង​ ២០០ ​ស្ថាប័ន ទូរទស្សន៍​ ២០ ​ស្ថាប័ន និង​សារព័ត៌មាន​អនឡាញ​ ១៤៨ ​ស្ថាប័ន​។ នេះ​បើតាម​មន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​បាន​ថ្លែង​កាលពី​ចុង​ឆ្នាំ​ ២០១៧ កន្លងមក​។

លោកនាយក​រដ្ឋមន្ត្រី​ចាប់ផ្តើម​ជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​លើកដំបូង​នៅ​ថ្ងៃទី​ ១៤ ខែ​ មករា ឆ្នាំ​ ២០១៧ លើក​ទី ២ នៅ​ថ្ងៃទី​ ២១ ខែ មករា ឆ្នាំ​ ២០១៨ និង​លើក​ទី​ ៣ នៅ​ថ្ងៃទី​ ១១ ខែ ​មករា ឆ្នាំ​ ២០១៩៕