ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអន្តរាគមន៍បញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាក្នុងតម្លៃចំនួន ៤ សេនដុល្លារ ក្នុង ១ លីត្រ ដើម្បីកុំឲ្យមានតម្លៃខ្ពស់លើសពីតម្លៃនៅលើទីផ្សារអន្តរជាតិ ដែលការប្រែប្រួលទាំងនេះត្រូវបានកំណត់ក្នុងរយៈពេល ២ សប្តាហ៍ម្តង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១៧ ខែកុម្ភៈ ស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយបានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ នឹងត្រូវលក់ក្នុងតម្លៃ ៣ ៦៦០ រៀល/១ លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣ ៤១៧ រៀល/១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
សេចក្តីជូនដំណឹងដដែលបន្តថាដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤ សេនដុល្លារ/១ លីត្រ។
សេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា៖ «ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ នឹងចុះមកដល់ ៣ ៥០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣ ២៥០ រៀល/លីត្រសម្រាប់ប្រេងម៉ាស៊ូត»។
ការចូលខ្លួនអន្តរាគមន៍តម្លៃលក់រាយប្រេងឥន្ធនៈនេះ ដោយសារតែនៅតាមស្ថានីយទូទាំងប្រទេស កម្ពុជា តែងតែមានការប្រែប្រួលជារៀងរាល់ថ្ងៃ។ ដើម្បីកំណត់ឲ្យបានជាក់លាក់កុំឲ្យមានការឡើងថ្លៃហួសហេតុ ស្របពេលកម្ពុជាគោរពតាមទីផ្សារសេរីនោះ រដ្ឋាភិបាលមានគោលនយោបាយមួយដែលកំណត់ដោយក្រសួងពាណិជ្ជកម្មក្នុងការគណនាតម្លៃប្រេង និងចេញផ្សាយរៀងរាល់ ២ ដងក្នុង ១ ខែ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានបដិសេធធ្វើការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះដោយអះអាងថា លោកកំពុងជាប់រវល់។
យោងតាមសេចក្តីប្រកាសរួមមួយស្តីពី “ការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ”ត្រូវបានចុះហត្ថលេខាឱ្យអនុវត្តជាផ្លូវការ ដោយក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៦ បានសម្រេចថា គោលនយោបាយនេះ គឺដើម្បីឱ្យរាល់ស្ថានីយប្រេងឥន្ធនៈទាំងអស់កំណត់តម្លៃលក់រាយរបស់ខ្លួនទៅតាមការឡើងចុះនៃទីផ្សារអន្តរជាតិ ដោយអនុវត្តតាមរូបមន្តដែលមានកំណត់។
នៅក្នុងប្រការទី ៥ នៃសេចក្តីប្រកាសរួមបានកំណត់ថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈដែលលក់ប្រេងសាំងត្រូវមានប្រភេទផលិតផលប្រេងសាំងធម្មតា ឬ សាំងស៊ុបពែរលក់ក្នុងតម្លៃមិនលើសពីថ្លៃដែលបានកំណត់តាមរូបមន្ត។ ក្នុងករណីដែលម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងឡាយណា មិនគោរពតាមការកំណត់នៃប្រការទី ៥ នេះស្ថានីយនោះនឹងត្រូវផាកពិន័យជាទឹកប្រាក់មិនលើសពីទឹកប្រាក់ ៤ លានរៀល ឬអាចនឹងរងនូវការបិទផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅរាជធានីភ្នំពេញ អ្នកស្រី ម៉ា លីដា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការដែលមានការអន្តរាគមន៍ឲ្យមានការបញ្ចុះតម្លៃប្រេងបែបនេះគឺជារឿងមួយដែលល្អប្រសើរបំផុត។ ប៉ុន្តែសម្រាប់អ្នកស្រី ការអន្តរាគមន៍ឲ្យប្រេងសាំងមានតម្លៃកាន់តែទាបជាងនេះបន្ថែមទៀតនោះ ក៏កាន់តែល្អ ព្រោះបច្ចុប្បន្នមិនមែនតែតម្លៃប្រេងសាំងនោះទេ ដែលមានតម្លៃថ្លៃ សូម្បីទំនិញនៅលើទីផ្សារ គឺសុទ្ធតែមានការឡើងថ្លៃដែលធ្វើឲ្យប្រាក់ចំណូលរកបានមិនអាចផ្គត់ផ្គង់ក្នុងការចំណាយគ្រប់គ្រាន់។
អ្នកស្រី ម៉ា លីដា រៀបរាប់ថា៖ «សម្រាប់ខ្ញុំ គិតថាការបញ្ចុះតម្លៃវាល្អហើយ។ ប៉ុន្តែបើប្រេងចុះដល់ត្រឹម ២ ០០០ រៀល សប្បាយចិត្តណាស់ ហើយបើបានបញ្ចុះតម្លៃលើទំនិញប្រើប្រាស់ទូទៅទៀត គឺរឹតតែល្អខ្លាំងជាងប្រេងទៀត។ ព្រោះប្រាក់ខែរាល់ថ្ងៃកាត់ពន្ធ និងទិញអីវ៉ាន់ប្រើប្រាស់អស់ហើយនៅទឹកភ្លើងទៀត គ្មានលុយសល់ទេ ព្រោះត្រូវចំណាយលើម្ហូបច្រើន អ៊ីចឹងជួបការលំបាកទៅតាមហ្នឹងឯង»៕
វីដេអូ៖