ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ប្រាប់​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ឱ្យ​ខិតខំ​ពង្រឹងសមត្ថភាព​ខ្លួន​បន្ថែម​ទៀត ទោះបី​រៀន​ចប់​ហើយ​ក៏ដោយ ដើម្បី​តាម​ឱ្យទាន់​ការវិវត្ត​នៃ​សភាពការណ៍ បច្ចេកវិទ្យា និង​ទីផ្សារ​ការងារ​ដោយ​លោក​បញ្ជាក់​ថា បើ​នៅ​ទ្រឹង​ ១ ​កន្លែង​ប្រៀប​ដូចជា​ការដើរ​ថយក្រោយ​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​ជិត​ ២ ​ពាន់​នាក់​ កាលពី​ម្សិលមិញ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​លោក​ ហ៊ុន សែន ក្រៅពី​ជំរុញ​ឱ្យ​និស្សិត​ពង្រឹង​ថែមទៀត​នូវ​សមត្ថភាព​របស់​ខ្លួន​ លោក​ក៏បាន​ថ្លែង​អបអរសាទរ និង​កោតសរសើរ​ចំពោះ​ជយលាភី​សម្រាប់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ចំនួន​ ១ ៩៥៨ ​នាក់​។ លោក​ចាត់ទុក​ថា​សមិទ្ធផល​នេះ​ជា​ជោគជ័យ​ផ្ទាល់ខ្លួន​សម្រាប់​និស្សិត​ជយលាភី​ទាំងអស់ ព្រមទាំង​ក្រុម​គ្រួសារ និង​សង្គមជាតិ​ផងដែរ​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែង​​ថា​៖ «​ខ្ញុំព្រះករុណាខ្ញុំ​សង្ឃឹម​ថា និស្សិត​របស់​យើង​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ​នឹង​បន្ត​ការខិតខំ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម ព្រោះ​សភាពការណ៍ វា​វិវត្ត​លឿន​ណាស់ បច្ចេកវិទ្យា ​គឺ​វិវត្ត​លឿន​ណាស់​។ ដូច្នេះ​តម្រូវការ​របស់​យើង​មិន​នៅ​ទ្រឹង​មួយកន្លែង​ទេ​។ ការ​នៅ​ទ្រឹង​ណា​​មួយ​ប្រៀបបី​ដូចជា​ការដើរ​ថយក្រោយ​»​។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​៖ «​កុំ​គិតថា​យើង​មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់ មាន​បរិញ្ញាបត្រ ឬ​ឯកទេស​នេះ ឯកទេស​នោះ​ដោយ​មិន​គិតគូរ​ទៅលើ​សមត្ថភាព​ក្នុង​ការពង្រឹង​សមត្ថភាព​គ្រប់ផ្នែក​របស់​យើង​។ ការពង្រឹង​សមត្ថភាព​របស់​យើង​វា​ជា​ការឆ្លើយតប​ទៅនឹង​ទីផ្សារ​ការងារ​»​។

លោក​ក៏បាន​រំឭក​ឡើង​ថា គេ​ជ្រើសរើស​បុគ្គលិក គេ​មិនមែន​ជ្រើសរើស​ឃើញ​មាន​សញ្ញាបត្រ​ទេ ប៉ុន្ដែ​គេ​ត្រូវ​មាន​ដំណាក់កាល​នៃ​ការសាកល្បង​របស់​គេ ឬក៏​ត្រូវមាន​លក្ខខណ្ឌ​ការប្រឡងប្រជែង​ជាដើម ខណៈ​ពេល​ខ្លះ​គេ​ត្រូវការ​កម្លាំង​ពលកម្ម ​១០ ​នាក់​។ ប៉ុន្ដែ​គេ​តម្រូវ​ឲ្យ​ដាក់ពាក្យ​ឲ្យ​ប្រឡង​ដើម្បី​ជ្រើសរើស​ដោយ​ផ្អែកលើ​សមត្ថភាព​។ ដូច្នេះ​ហើយ​បាន​ត្រូវ​ពង្រឹង​សមត្ថភាព​។

ជាមួយ​នឹង​ចម្ងល់​លោក​ ហ៊ុន សែន បាន​លើកឡើង​ថា​៖ «​មាន​អ្នកខ្លះ​ពេល​ខ្ញុំ​កំពុង​និយាយ​អ៊ីចឹង ចូលមក​និយាយ​ថា អប់រំ​ឡើង អប់រំ​ឲ្យ​ទៅ​ធ្វើ​ខ្ញុំគេ ខ្ញុំ​មិន​យល់​។ ពេល​ដែល​ខ្ញុំ​ដើរ​ជួប​កម្មករ តាម​រោងចក្រ​ក៏មាន​គេ​លើកឡើង​ថា មើល​វា​ប្រឹង​ធ្វើ​ហ្នឹង​ធ្វើ​យ៉ាងម៉េច​អប់រំ​មនុស្ស​ឱ្យ​ទៅ​ធ្វើ​ខាង​ស៊ីឈ្នួល​គេ​វា​ទៅ​អ៊ីចេះ​វិញ​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ខ្ញុំ បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់ ដើម្បី​ចុះហត្ថលេខា​រក​ទីផ្សារការងារ​ឲ្យ​ប្រជាជន​កម្ពុជា​របស់​យើង បែរ​ជា​ត្រូវ​ទទួល​បណ្ដាសា​ពី​ក្រុមប្រឆាំង ថា​យើង​បាន​រុញ​មនុស្ស​ឲ្យ​ទៅ​ធ្វើការ​នៅ​ខាង​ក្រៅ​ប្រទេស​។ ទៅជា​ចំណាកស្រុក យើង​ប្រឹង​ណាស់ នៅ​ប្រទេស​ថៃ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​គេ​ខុសច្បាប់​។ យើង​ប្រឹង​ទៅ​ចរចា​ជាមួយ​គេ ដើម្បី​សុំ​ឲ្យ​ពលករ​ដែល​ខុសច្បាប់​ឲ្យ​ទៅ​ជា​ស្របច្បាប់ ដើម្បី​មាន​ការងារ​ធ្វើ​នៅ​ទីនោះ​»​។

លោក អ៊ឹម សុធី នាយក​ប្រតិបត្ដិ ក្រុមប្រឹក្សា​យុវជន​កម្ពុជា (Youth Council of Cambodia) ​បាន​ថ្លែងថា ការ​មានប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ដ្រី​ក្នុង​ការជំរុញ​ឱ្យ​សិស្ស​ដែល​បាន​រៀន​ចប់​ឲ្យ​បន្ដ​ខិតខំ​ពង្រឹង​សមត្ថភាព​បន្ថែម​នេះ គឺ​លោក​ ហ៊ុន សែន ចង់​ណែនាំ​ឱ្យ​យុវជន និង​និស្សិត​មាន​ការត្រៀម​ខ្លួន​ក្នុង​ការរៀបចំ​បំណិន​ជីវិត​របស់ខ្លួន​។ លោក​ចង់ឱ្យ​យុវជន និង​និស្សិត​ត្រូវមាន​វិជ្ជាជីវៈ​ណា​មួយ​ច្បាស់លាស់​។

លោក​ សុធី បាន​បញ្ជាក់ថា​៖ «​បើសិន​និស្សិត​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​ខ្លួនឯង ក៏​អាច​ទទួល​បាន​ឱកាស​ការងារ​ល្អ​ដែរ​។ សម្ដេចនាយក​រដ្ឋមន្ដ្រី​ (​ហ៊ុន សែន​) ​ក៏​ចង់ឱ្យ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​ឱ្យ​ប្រឹងប្រែង ពង្រឹង​សមត្ថភាព​លើ​ជំនាញ វិជ្ជាជីវៈ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចាប់យក​ឱកាស​ការងារ​ឱ្យ​បាន​គ្រប់កន្លែង​ដែល​កំពុងមាន​តម្រូវការ​ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​»៕