ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​រាជបណ្ឌិត្យ​សភាកម្ពុជា​រឹតបន្តឹង​បេក្ខជន​បណ្ឌិត ព្រោះ​លោក​ហាក់​ដូចជា​មាន​កង្វល់​ទៅលើ​ចំនួន​បេក្ខជន​បណ្ឌិត​នេះ​ច្រើន​ហួសពេក ដោយ​លោក​ថ្លែង​ថា ប្រសិន​បើ​រាជបណ្ឌិត្យសភា​មាន​ចំនួន​បណ្ឌិត​ដែល​កំពុង​សិក្សា​បូក​នឹង​ចំនួន​បណ្ឌិត​ដែល​បាន​បញ្ចប់​ការសិក្សា​រួចហើយ ធ្វើឱ្យ​បណ្ឌិត​ដែល​ចេញពី​រាជបណ្ឌិត្យ​សភា​មាន​ចំនួន​ឡើងដល់​ជាង​ ៦០០ ​នាក់​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​ឥន្ទ្រទេវី និង​ខួប​​ ២០ ​ឆ្នាំ​ នៃ​ការបង្កើត​រាជបណ្ឌិត្យសភា​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​​ ហ៊ុន សែន បញ្ជាក់ថា​៖ «​បណ្ឌិត​ច្រើនពេក​ហើយ​! អ៊ីចឹង​ចំណុច​នេះ​ក៏​ជា​ចំណុច​ដែល​ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់​ដែល​ខ្ញុំ​និយាយ​កាលពី​ពេលមុន​ថា តើ​អ្នក​ណែនាំ​និក្ខេបទ​នោះ​ក្នុង​ម្នាក់​ទទួល​និស្សិត​ប៉ុន្មាន​?»​។

លោក​ ហ៊ុន សែន ថ្លែង​បង្ហាញ​ចម្ងល់​ថា​៖ «​តើ​អ្នក​ណែនាំ​និក្ខេបទ​នេះ​គ្រប់​លក្ខណសម្បត្តិ​មាន​ចំណេះ​គ្រប់គ្រាន់​ដើម្បី​នឹង​បណ្តុះបណ្តាល​ដែលជា​និស្សិត​ដែល​ខ្លួន​ទទួល​ការបណ្តុះបណ្តាល​ទេ​? នេះ​ជា​ចំណុច​ដែល​យើង​ត្រូវ​ឃើញ​»​។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​ចាប់ពី​ឆ្នាំ​ ២០០១ ​ដល់​ ២០១៩ និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពី​រាជបណ្ឌិត្យ​សភា​មាន​ ៤១៦ ​នាក់​ក្នុង​នោះ​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​ ៣០៨ ​នាក់ ថ្នាក់បណ្ឌិត​មាន​ ១០៨ ​នាក់​។ បច្ចុប្បន្ននេះ​និស្សិត​ដែល​កំពុង​សិក្សា​មាន​ ៧៩៣ ​នាក់​ ដែល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មាន​ ២៤៩ និង​ថ្នាក់បណ្ឌិត​ ៥៤៦ ​នាក់​។

ដោយសារ​មាន​បេក្ខជន​ច្រើន​ហើយ​ដើម្បី​ធានា​ឱ្យបាន​ច្បាស់លាស់​លោក​ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​រាជបណ្ឌិត្យ​សភា​មិនត្រូវ​ធ្វេសប្រហែស​ឱ្យសោះ​គឺ​ត្រូវ​ចាត់តាំង​ក្រុមប្រឹក្សា​ការពារ​ដោយ​បង្កើន​សមត្ថភាព​។ លោក​មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​ការពារ​ចំនួន ៧ ​នាក់​បច្ចុប្បន្ននេះ​ហាក់​ដូចជា​មិន​តឹងតែង​នោះទេ​។

លោក​ ហ៊ុន សែន បាន​ប្រៀបធៀប​រូបលោក​កាល​ដែល​លោក​ឡើង​ការពារ​និក្ខេបបទ​គឺ​មាន​ក្រុមប្រឹក្សា​ការពារ​រហូត​ដល់​ទៅ​ ១៥ ​នាក់​ សម្រាប់​ថ្នាក់បណ្ឌិត​វិទ្យាសាស្ត្រ​របស់​លោក​ដែល​សួរដេញដោល​ជិត​ ២ ​ម៉ោង​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​អ៊ីចឹង​ត្រូវ​ពង្រឹង​ក្រុមប្រឹក្សា​ការពារ ហើយ​ត្រូវ​បោះឆ្នោត​សម្ងាត់​ដើម្បី​ថា​បេក្ខជន​ហ្នឹង​ជាប់​ ឬ​មិន​ជាប់​។ ពង្រឹង​អាហ្នឹង​វិញ​។ បើ​មិន​ពង្រឹង​អាហ្នឹង​ទេ អត់​ទេ អត់​បាន​ទេ​!»​។

លោក​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា ប្រទេស​កម្ពុជា​នឹង​មិនមាន​បណ្ឌិត​ច្រើនពេក​ទេ​។ លោក​ប្រាប់​ឱ្យ​រាជបណ្ឌិត្យសភា​រឹតបន្តឹង​បេក្ខជន​បណ្ឌិត ហើយ​ថា និស្សិត​ណា​ដែលមាន​សមត្ថភាព​ទើប​អាច​ប្រឡង​ជាប់​។

លោក​ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​សាកលវិទ្យាល័យ​មួយ​កន្លែង​កាលពីមុន ឃើញ​មាន​បើក​ថ្នាក់​មហាវិទ្យាល័យ​យ៉ាងច្រើន ហើយ​ទីបំផុត​នោះ​និស្សិត​ទាំងនោះ​មិនបាន​ទៅ​រៀន បែរ​ជា​ចម្លង​គ្នា​នៅពេល​សរសេរ​និក្ខេបបទ ហើយ​បាន​ជាប់​ទាំងអស់​។

លោក​ថា​៖ «​ចម្លង​តគ្នា អ៊ីចឹង​វា​ទៅជា​ជាប់​ទាំងអស់​ទៅ បរិញ្ញា​ជាន់ខ្ពស់​អ៊ីចឹងទៅ​។ ទៅជា​របៀប​សារ​ណា​នៅតែ​សារ​ណា​ទៅ ចម្លង​តាម​គ្នា​ទាំងអស់ ហើយ​ដាក់​ទៅ​ (​គ្រូ​) ​គ្រូ​មាន​ពេល​ឯណា​មើល ហើយ​ចេះតែ​ឱ្យ​ជាប់​។ យើង​ចេះតែ​ទៅ​ប្រគល់​សញ្ញាបត្រ​ឱ្យទៅ​។ រឿង​វា​អ៊ីចឹង​។ ដល់​អ៊ីចឹង វា​អត់​មាន​គុណភាព​»​។

លោក​បន្តថា និស្សិត​មួយ​ចំនួន​ដែល​មិន​មាន​បំណង​បន្ត​ថ្នាក់បណ្ឌិត ប៉ុន្តែ​មាន​ការស្រាវជ្រាវ​ផ្ទាល់​របស់​ពួកគេ​គឺ​ត្រូវ​មាន​ការលើក​ទឹកចិត្ត​ដើម្បី​ឱ្យ​មាន​ការស្រាវជ្រាវ​បន្ត​ទៀត​។ ដោយ​ហេតុនេះ​លោក ហ៊ុន សែន ក៏​បាន​ណែនាំ​ឱ្យ​រាជបណ្ឌិត្យសភា​នៅ​ថ្ងៃក្រោយ រៀបចំ​ឱ្យ​មាន​បណ្ណាល័យ​នៅពេល​មាន​អគារ​ធំ ដែល​អាច​ទាក់ទាញ​មនុស្ស​ឱ្យចូល​ស្រាវជ្រាវ​នៅ​កន្លែង​នេះ​។ ​លោក​នឹង​គាំទ្រ​ថវិកា​ឱ្យ​បកប្រែ​ឯកសារ​នានា​ទៅជា​ខេមរភាសា​ហើយ​បោះ​ពុម្ភ​ដាក់​នៅ​រាជបណ្ឌិត្យសភា​ផង និង​ចែកចាយ​ទៅតាម​បណ្ណាល័យ​នានា​ផង​។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​លោក​ សុខ ទូច បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ប្រាប់ថា ជាប់រវល់​ប្រជុំ​។

លោក​ យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ចំពោះ​បេក្ខជន​បណ្ឌិត​គួរតែ​មាន​ការពិនិត្យមើល​ឱ្យ​បាន​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ មិនមែន​ឱ្យតែ​បាន​សញ្ញាបត្រ​នោះ​ទេ​គឺ​ឱ្យ​មាន​ការចេះដឹង​ទៅជា​មួយ​ដែរ​។ ដើម្បី​ចង់​កសាង​ប្រទេស​កម្ពុជា​ឱ្យក្លាយ​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍ និង​ជឿនលឿន​លើ​គ្រប់​វិស័យ​ទៅ​ថ្ងៃក្រោយ​គឺ​ផ្តើមចេញ​ពី​ការកសាង​ធនធាន​មនុស្ស ជាពិសេស​គឺ​បណ្ឌិត​នេះ​ជា​ស្នូល​នៃ​សង្គម​។

លោក​ថ្លែង​ថា​៖ «​អ៊ីចឹង​បើ​ស្នូល​នៃ​សង្គម​ហ្នឹង គ្រាន់តែ​បានតែ title(​តួនាទី​) ​បានតែ​សញ្ញាបត្រ ហើយ​អត់​មាន​គុណភាព អាហ្នឹង​សង្គម​យើង​ទៅ​ជា​ស្អី​ទៅវិញ​?​។ ប៉ុន្តែ​មិនមែន​រឹតបន្តឹង​តែ​រាជបណ្ឌិត្យសភា​ទេ ត្រូវ​មើល​គ្រប់​ស្ថាប័ន គ្រប់​សាកលវិទ្យាល័យ​ដែល​បណ្តុះបណ្តាល​បណ្ឌិត ដែល​ឱ្យ​សញ្ញាបត្រ​បណ្ឌិត​។ គួរតែ​មើល​ដែរ​ថា យើង​គួរតែ​មាន​ការកែលម្អ​ស្តង់ដា​នៃ​ការអប់រំ​របស់​យើង​ហ្នឹង​ឱ្យ​វា​បាន ហើយ​វា​មាន​ភាពសុក្រឹត ហើយ​កាន់តែ​មាន​តម្លាភាព ហើយ​និង​មាន​គុណភាព​សម្រាប់​លើកមុខ​មាត់​វិស័យ​អប់រំ​យើង​ក៏ដូចជា​ប្រទេសជាតិ​»៕

វីដេអូ៖