ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងជាសាធារណៈ ដោយសរសើរដល់រដ្ឋមន្ត្រី ៣ រូប ដែលបានបង្ហាញនូវកាយវិការស្និទ្ធស្នាល និងបានធ្វើការឆ្លើយតបដោយផ្ទាល់ទៅកាន់រាល់សំណួររបស់អ្នកកាសែតដែលបានតាមយកព័ត៌មានទៅដល់ទីតាំង។ ទន្ទឹមគ្នានេះដែរក៏បានជំរុញដល់មន្ត្រីរបស់លោកដូចជារដ្ឋមន្ត្រី និងអភិបាលខេត្តថ្នាក់ដឹកនាំក្រសួង និងស្ថាប័ននានាត្រូវចាត់ទុកអ្នកកាសែតជាដៃគូរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីសំណេះសំណាល និងចូលរួមពិសាអាហារសាមគ្គីជាមួយអ្នកកាសែតក្នុងស្រុកប្រមាណជា ៦ ពាន់នាក់កាលពីថ្ងៃទី ១៤ ខែមករា នៅមជ្ឈមណ្ឌលកោះពេជ្រលោកនាយករដ្ឋមន្ត្រីបានថ្លែងដោយសរសើរលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនដែលតែងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកព័ត៌មាន និងបានឆ្លើយដោយផ្ទាល់ជាមួយអ្នកព័ត៌មានពាក់ព័ន្ធនឹងបញ្ហាផ្សេងៗដែលបានកើតឡើងនាពេលកន្លងមក។
លោកនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងទៀតថា៖ «អ្នកសារព័ត៌មានរបស់យើង គប្បីចូលរួមចំណែកកាន់តែច្រើន កាន់តែធំ កាន់តែស៊ីជម្រៅទៅលើការប្រយុទ្ធប្រឆាំងនឹងភាពអសកម្ម ព្រោះយើងត្រូវការនូវសង្គមមួយដែលស្អាតស្អំមានតម្លាភាពហើយ យើងត្រូវទទួលស្គាល់ថា ភាពអយុត្តិធម៌សង្គម វាជាផ្នែកមួយនៃអស្ថិរភាពសង្គម ហើយវាក៏អាចបង្កើតទៅដល់ជម្លោះប្រដាប់អាវុធ ឬក៏ហិង្សាទៀតផង។ ដូច្នេះខ្ញុំស្នើឱ្យអ្នកសារព័ត៌មានរបស់យើង ហ៊ានបញ្ចេញដោយមិនមានការក្លែងបន្លំ បំភ្លៃការពិតនោះទេ ប៉ុន្តែត្រូវហ៊ានយកមកដាក់លើតុទាក់ទងនឹងអំពើអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងអយុត្តិធម៌នានា យើងអត់ខ្លាចទៅលើបញ្ហានេះទេ។ សូមអស់លោកកុំខ្លាចអ្នកសារព័ត៌មាន ហើយកុំចាត់ទុកអ្នកព័ត៌មានជាសត្រូវ សូមចាត់ទុកអ្នកសារព័ត៌មានជាដៃគូ ដែលមិនអាចខ្វះបានសម្រាប់ការងាររបស់អស់លោក»។
ទោះយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់អ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត ដោយអ្នកសារព័ត៌មានទាំងអស់ត្រូវផ្សព្វផ្សាយព័ត៌មានឲ្យបានល្អត្រឹមត្រូវតាមក្រមសីលធម៌ច្បាស់លាស់ពិតប្រាកដ និងត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិ និងត្រូវចូលរួមផ្សព្វផ្សាយពីអំពើអសកម្មនានាក្នុងសង្គម។
លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំឲ្យសីលដែលចាត់ទុកថាជាពាក្យស្លោក ឬក៏ជាខ្សែកថា ការពារខ្លួនដើម្បីពង្រឹកវិជ្ជាជីវៈរបស់ខ្លួន [អ្នកព័ត៌មាន] ពង្រឹងជំនឿទុកចិត្តពីសាធារណជន និងការពារខ្លួនចំពោះមុខច្បាប់ គឺ អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត នេះជាបាលីការពារខ្លួន»។
លោកនាយករដ្ឋមន្ត្រីក៏បានអះអាងទៀតថា សារព័ត៌មានអាចចូលរួមរក្សាស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍សេដ្ឋកិច្ច តែក៏អាចធ្វើឲ្យប៉ះពាល់ ដល់នយោបាយ និងសេដ្ឋកិច្ចផងដែរ បើព័ត៌មាននោះជាព័ត៌មានបំភ្លៃ ឬព័ត៌មានមិនពិត វាមានគ្រោះថ្នាក់ខ្លាំងជាងគ្រាប់បែក។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថាបើនិយាយពីវិស័យព័ត៌មាន កម្រិតបំផ្លាញគឺមានកម្រិតធំធេងជាងគ្រាប់បែក គ្រាប់ផ្លោងទៅទៀត ប្រសិនបើព័ត៌មាននោះបំពុល។ គ្រាប់បែក ឬគ្រាប់ផ្លោងអាចបំផ្លាញ ឬកម្ទេចភូមិមួយ ឬកម្ទេចគេហដ្ឋានមួយ ក៏ប៉ុន្តែព័ត៌មានបំភ្លៃការពិតវាអាចកម្ទេចប្រទេសជាតិមួយ ហើយបើសេដ្ឋកិច្ចវិញ វាអាចធ្វើឱ្យក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចធ្លាយឡើងពីសង្គ្រាមចិត្តសាស្ត្រ»។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាថ្លែងថា អ្នកសារព័ត៌មានយ៉ាងច្រើនបានស្វាគមន៍នូវសេចក្ដីថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ដោយសារតែសំណូមពររបស់ពួកគាត់ត្រូវបានទទួលយក និងដាក់ចេញតាមរយៈលោកនាយករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីទាំងអស់ឲ្យមានកិច្ចសហការល្អជាមួយនឹងអ្នកសារព័ត៌មាន។
លោក បូណា ថ្លែងថា៖ «មិនត្រឹមតែអ្នកនាំពាក្យទេតែសម្តេចថែមទាំងបានស្នើរដ្ឋមន្ត្រី ឬប្រធានស្ថាប័ន ឬចៅហ្វាយខេត្តចេញមកបកស្រាយ ពន្យល់អ្នកកាសែត នៅពេលដែលមានបញ្ហាអ្វីមួយ។ នេះគឺជាអ្វីដែលយើងទាំងអស់គ្នាចង់បាន។ ឥឡូវគាត់បានឆ្លើយតបនឹងសំណើរបស់យើង»។
លោកថ្លែងថា៖ «ការស្នើរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលពាក់ព័ន្ធ អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត។ សំណើនេះយើងគិតថាវាស្ថិតនៅក្នុងក្របខ័ណ្ឌវិជ្ជាជីវៈរបស់យើងដែលយើងចង់បានផងដែរដោយសារតែយើងក៏មានក្តីបារម្ភដែរ មានអ្នកសារព័ត៌មាន ឬអ្នកតាំងខ្លួនជាអ្នកសារព័ត៌មានជាច្រើនបានប្រើប្រាស់ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនដោយបំពានទៅលើអ្នកដទៃ»។
ជាមួយគ្នានោះដែរ លោក ហ៊ុន សែន ក៏បានថ្លែងផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលក្រសួងព័ត៌មានបានរៀបចំព្រាងនេះ គឺសព្វថ្ងៃទៅដល់ក្រសួងយុត្តិធម៌ដែលកំពុងពិនិត្យពីទោសទណ្ឌ ដើម្បីឲ្យស្របនឹងច្បាប់នានា ដូច្នេះមិនចំណាយពេលយូរទេក្នុងការបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រី។
លោក ហ៊ុន សែន ថ្លែងថា៖ «ច្បាប់សិទ្ធិទទួលបានព័ត៌មានត្រូវចេញឱ្យបាននៅក្នុងឆ្នាំ ២០២០ ឥឡូវវានៅតែក្រសួងយុត្តិធម៌ទេ ក្រសួងយុត្តិធម៌មិនត្រូវការពេលប៉ុន្មានទេ គ្រាន់តែយកទៅផ្ទៀងផ្ទាត់ជាមួយក្រុមប្រឹក្សារដ្ឋប្បវេណី និងយកទៅផ្ទៀងផ្ទាត់ជាមួយនឹងក្រមព្រហ្មទណ្ឌ ដើម្បីឱ្យមានសមភាពរវាងច្បាប់ទាំងឡាយជាមួយគ្នាតែប៉ុណ្ណោះទៅលើបទប្បញ្ញត្តិស្តីពីទោសបញ្ញត្តិ»។
ដោយមានការស្នើសុំរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីផ្ដល់មេធាវីការពារក្តីដល់អ្នកសារព័ត៌មាននោះលោកនាយករដ្ឋមន្ត្រីក៏បានសម្រេចជួយការពារដោយមានលក្ខខណ្ឌដោយផ្អែកទៅតាមអង្គហេតុ និងអង្គច្បាប់ មិនមែនការពារអ្នកសារព័ត៌មានដែលគ្មានក្រមសីលធម៌ ឬគ្មានវិជ្ជាជីវៈសារព័ត៌មាននោះឡើយ៕