ភ្នំពេញៈ នៅ​ចំពោះ​មុខ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ការពារ​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ខែ​កក្កដា និង​ចាត់ទុក​ការវាយតម្លៃ​អវិជ្ជមាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ថា​ជា​ «​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ​ចំពោះ​ឆន្ទៈ​ពលរដ្ឋ​កម្ពុជា និង​មហិច្ឆតា​ប៉ុនប៉ង «​ជ្រៀតជ្រែក​» ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ ខណៈ​អតីត​មេបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី នៅតែ​បន្ត​ទាមទារ​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​នេះ​។

ថ្លែង​នៅក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​បុរី​ញូវយ៉ក​កាលពី​ថ្ងៃ​សុក្រ​នៅ​សហរដ្ឋអាមេរិក​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ប្រទេស​កម្ពុជា​លោក ហ៊ុន សែន បាន​ប្រាប់​បណ្ដា​ប្រទេស​លើ​ពិភពលោក​ថា​កម្ពុជា​គឺជា​ប្រជាជាតិ​ «​កំពុង​តែ​សប្បាយ​រីករាយ​ទទួល​ផល​ពី​សុខសន្តិភាព ស្ថិរភាព និង​​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​» ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ខ្លួន​។

លោក​បាន​ការពារ​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី ២៩ ខែ​កក្កដា​ថា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ «​សេរី និង​គ្មាន​ការបង្ខិតបង្ខំ ឬ​ការគំរាម​កំហែង ឬ​អំពើ​ហិង្សា​» ​ណា​មួយ​ឡើយ​ដោយ​លើក​ពី​ចំនួន​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជិត ​៧ លាន​នាក់ ឬ​ស្មើ​នឹង​ ៨៣ ភាគរយ​ជាដើម​។ លោក​ក៏​បាន​ចាត់ទុក​ការវាយតម្លៃ​អវិជ្ជមាន​ពី​ការបោះឆ្នោត​កន្លង​មក​ពី​សំណាក់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ថា​ជា​ «​ការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ឆន្ទៈ​ប្រជាជន​កម្ពុជា​»​។

លោក​ថ្លែង​ថា​៖ «​ជា​ការពិត​ជម្រើស​ដោយ​សេរី​របស់​ប្រជាជន​កម្ពុជា និង​លទ្ធផល​ប្រកប​ដោយ​ធម្មានុរូបភាព​នៃ​ការបោះឆ្នោត​នេះ​មិនមែន​ជា​ប្រធានបទ​ដែល​ត្រូវ​ចោទសួរ ឬ​ពិភាក្សា​ដេញដោល​នោះ​ទេ​»​។

លោក​បន្ថែម​ថា​៖ «​ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​ខាង​ក្រៅ​មួយ​ចំនួន​ដែល​ចិញ្ចឹម​ជាប់​នូវ​មហិច្ឆតា​ប៉ុនប៉ុង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នៅ​តែ​ធ្វើ​ជា​មើល​មិន​ឃើញ​នូវ​គុណភាព និង​សុចរិតភាព​នៃ​ដំណើរការ​បោះឆ្នោត​របស់​យើង​តាមរយៈ​ការចេញ​សេចក្ដី​ថ្លែងការណ៍​នានា​ប្រឆាំង​នឹង​ឬ​វាយប្រហារ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ដែល​ទង្វើ​បែប​នេះ​គឺជា​ការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​»​។

លោក​បាន​ទាញ​ការចាប់​អារម្មណ៍​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំងអស់​អំពី​ «​សារៈសំខាន់​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​»​។

លោក​ថា ដើម្បី​ផ្តល់​ការគោរព​ដ៏ត្រឹមត្រូវ រដ្ឋ​នានា​ត្រូវ​ «​ចៀសវាង​ការជ្រៀតជ្រែក ការធ្វើ​ឲ្យ​អន្តរាយ ឬ​ការរំខាន​ដល់​កិច្ចការ​អធិបតេយ្យ​របស់​រដ្ឋ​ឯករាជ្យ​»​។

លោក​បន្ត​ថា​៖ «​យើង​មាន​ការសោកស្ដាយ​ជា​ពន់ពេក​ក្នុង​ការរំលេច​នូវ​តថភាព​ដែល​ថា សិទ្ធិ​មនុស្ស​នាពេល​បច្ចុប្បន្ន​នេះ​បាន​ក្លាយ​ទៅ​ជា “​បេសកកម្ម​ដើម្បី​បំពាន​អរិយធម៌​” ​សម្រាប់​ប្រទេស​មាន​អំណាច​មួយ​ចំនួន ឬ​ក៏​អាច​និយាយ​បាន​ថា​ជា​និយាម​ប្រតិបត្តិ​ថ្មី​របស់​ពួកគេ​ដែល​ជា​លេស​សម្រាប់​រាល់​ការជ្រៀតជ្រែក ក្រោម​ស្លាក​ការពារ​សិទ្ធិ​នយោបាយ​»​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​។ រូប ហ្វេសប៊ុក SPM

លោក​ ហ៊ុន សែន ថា​ការដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​បាន​ក្លាយ​ជា​ «​អាវុធ​ដ៏ពេញ​និយម​» ​នៃ​ប្រទេស​មហាអំណាច​ដែល​លោក​ទំនង​សំដៅ​ដល់​សហរដ្ឋ​អាមេរិក​ដោយ​លោក​ស្នើថា មិន​គួរ​ដាក់​បន្តុប​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​របស់​ពួកគេ​លើ​រដ្ឋ​ឯករាជ្យ​ផ្សេង​ទៀត​។

លោក​បន្ថែម​ថា​៖ «​ប្រទេស​ធំៗ​មិន​គួរ​ដាក់​បន្តុប​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​របស់​ពួកគេ​មក​លើ​ប្រទេស​នានា​ដែល​តូច​ជាង​ខ្លួន​នោះ​ឡើយ​ព្រោះ​ប្រទេស​តូចៗ​ទាំងនេះ​ក៏​មាន​អធិបតេយ្យភាព និង​មាន​សេចក្ដី​ប្រាថ្នា​ស្រប​ច្បាប់​ក្នុង​ការ​រក្សា​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​ដែរ​»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​យើង​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ភាព​តានតឹង​ដែល​បង្ក​ឡើង​ដោយ​មហាអំណាច​ពិភពលោក​លំដាប់​ទី​ ១ នៅ​ក្នុង​រង្វង់​ទំនាក់ទំនង​ការទូត និង​ជម្លោះ​ផ្ទៃក្នុង​ជាច្រើន​ដែល​កំពុង​កើតឡើង ដោយសារ​ការជ្រៀតជ្រែក​ពី​សំណាក់​មហាអំណាច​នេះ​»​។

ប៉ុន្តែ​លោក សម រង្ស៊ី ដែល​ខកខាន​ក្នុង​ការ​ដឹកនាំ​បាតុករ​ធ្វើ​បាតុកម្ម​ទៅ​តាម​ការគ្រោងទុក​នោះ​បាន​បង្ហោះ​វីដេអូ​បន្តផ្ទាល់​ទៅ​កាន់​អ្នកគាំទ្រ​របស់​លោក​ដែល​កំពុង​កាន់​បដា​ធ្វើបាតុកម្ម​នៅ​ក្បែរ​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​។

លោក សម រង្ស៊ី ដែល​កំពុង​ចូលរួម​កិច្ចប្រជុំ​របស់​គណបក្ស​ប្រជាសេរីនិយម នៅ​ទូទាំង​ពិភពលោក​ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ថ្លែង​ថា​៖ «​យើង​ជា​ខ្មែរ​ជា​អ្នក​ស្រឡាញ់​ជាតិ​ជា​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​។ យើង​មិន​ទទួល​ស្គាល់​ទេ​ការបោះឆ្នោត​ក្លែងក្លាយ រៀបចំ​រដ្ឋាភិបាល​ខុស​ច្បាប់​រដ្ឋាភិបាល​បំផ្លាញ​ជាតិ រដ្ឋាភិបាល​ក្បត់ជាតិ​ដែល​ ហ៊ុន សែន ​ដឹកនាំ​សព្វ​ថ្ងៃ​នេះ​»​។

ដោយ​លើក​ឡើង​ពី​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប ក្នុង​ប្រទេស​ស្វ៊ី​សកាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ដែល​អ្នក​រាយការណ៍​ពិសេស លោកស្រី រ៉ូណា ស្ម៊ីត បាន​ចោទសួរ​អំពី​ភាពត្រឹមត្រូវ​នៃ​ការបោះឆ្នោត ហើយ​ថា​កម្ពុជា​ជា​រដ្ឋ​ឯកបក្ស​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ខាង​មុខ​ក្រោយ​ពេល​គណបក្ស​កាន់​អំណាច​បាន​ឈ្នះ​អាសនៈ​ទាំងអស់​។

លោក​ សម រង្ស៊ី បន្ថែម​ថា​៖ «​សូម​គាំទ្រ​ជំហរ​អង្គការ​សហប្រជាជាតិ​ដែល​បាន​បញ្ជាក់​តាំង​ពី​មុន​ថ្ងៃ​បោះឆ្នោត លោកស្រី​ រ៉ូណា ស្ម៊ីត ដែល​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​តាមដាន​ឃ្លាំមើល​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​។

លោកស្រី រ៉ូណា ស្ម៊ីត បាន​បញ្ជាក់​ហើយ​ថា ការបោះឆ្នោត​ណា​ដែល​មិន​មាន​ការចូលរួម​ពី​គណបក្ស​ប្រឆាំង​ដែល​អាច​ជឿ​ទុកចិត្ត​បាន​តែ​មួយ​គត់​គឺ​ការបោះឆ្នោត​នោះ​មិន​យក​ជា​បានការ​នោះ​ទេ ដូច្នេះ​សូម​ឲ្យ​អង្គការ​សហប្រជាជាតិ​រក្សា​ជំហរ​ដដែល​នេះ ការបោះឆ្នោត​កន្លង​ទៅ​នេះ​ដែល​មិន​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​យក​ជា​ការ​បាន​ទេ​»៕NS