ភ្នំពេញៈ បើ​ទោះបី​ជា​គ្មាន​គណបក្សប្រឆាំង​ដែល​ជា​គូប្រជែង​ដ៏​ស្រួចស្រាល់​របស់​ខ្លួន​ចូលរួម​ប្រកួត​នៅក្នុង​ការបោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​ក៏ដោយ ក៏​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ដាក់​បញ្ចូល​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​មន្ត្រី​នគរបាល​ដែល​មាន​ឥទ្ធិពល​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​ការ​បោះឆ្នោត​ដែល​គេ​ជឿ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​ឈ្នះឆ្នោត​ភ្លូកទឹក​ភ្លូកដី​។

យោង​តាម​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៦ ឆ្នាំ​ ២០១៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​ថា មន្ត្រី​យោធា និង​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​មួយ​ចំនួន​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅក្នុង​មណ្ឌល​ផ្សេងៗ​គ្នា​ដែល​នេះ គឺជា​អ្វី​ដែល​អ្នក​វិភាគ​យល់​ថា​ជា​យុទ្ធសាស្ត្រ​ក្នុង​ការពង្រឹង​អំណាច​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​។

លោក ប៉ុល សារឿន ជា​នាយឧត្តមសេនីយ៍​ផ្កាយ​មាស​ ៤ និង​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ដ៏មាន​ឥទ្ធិពល​ត្រូវ​បាន​ដាក់​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ​លេខ​រៀង​ទី​ ១ ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ និង​ជា​ខេត្ត​ដែល​ទើប​ត្រូវ​បាន​បង្កើន​ចំនួន​អាសនៈ​ពី​ ១ ទៅ ៣ ​អាសនៈ​។

បន្ថែម​លើ​នេះ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស ៤ ពីរ​រូប​ផ្សេង​ទៀត​ដែល​មាន​តួនាទី​ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​ក៏​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​ប្រចាំ​មណ្ឌល​ខេត្ត​ជាប់​ព្រំដែន​ថៃ ដែល​ជា​អតីត​មូលដ្ឋាន​យោធា​រឹងមាំ​របស់​ពួក​ខ្មែរក្រហម​ផង​ដែរ​។

លោក មាស សុភា ដែល​គេ​ស្គាល់​ថា​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ត្រូវ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ មណ្ឌល​ខេត្ត​ព្រះវិហារ ខណៈ​លោក គន់ គីម អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ​មណ្ឌល​ខេត្ត​ឧត្តរមានជ័យ​។

ក្រៅ​ពី​នេះ​គេ​ក៏​ឃើញ​មាន​ឈ្មោះ​មន្ត្រី​យោធា​ផ្សេងៗ​ទៀត​ដូចជា​នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ អាវុធ​គីមី ក្រសួង​ការពារជាតិ​ត្រូវ​ឈរ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី ៣ មណ្ឌល​ខេត្តស្វាយរៀង​, ឧត្តម​សេនីយ៍ឯក ម៉ម សុផាត ឣគ្គលេខាធិការរង និង​ជា​នាយក​នៃ​នាយកដ្ឋាន នីតិកម្ម​ក្រសួង​ការពារ​ជាតិ​ជា​បេក្ខជន​បម្រុង​មណ្ឌល​ស្វាយរៀង​, លោក​ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​ឈរ​ជា​បេក្ខជន​បម្រុង​មណ្ឌល​ស្ទឹងត្រែង​ជាដើម​។

មិនមែន​មាន​តែ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​ជ្រើសរើស​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​នគរបាលជាតិ​ក៏​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ផង​ដែរ​។ ក្នុង​នោះ​មាន​លោក កែ គឹមយ៉ាន អតីត​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​បច្ចុប្បន្ន​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ត្រូវ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី ១ មណ្ឌល​ខេត្ត​បន្ទាយមានជ័យ រីឯ​លោក ឌី វិជ្ជា កូនប្រសា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បច្ចុប្បន្ន​ជា​អគ្គ​ស្នងការរង​នគរបាល​ជាតិ​ត្រូវ​ឈរ​ជា​បេក្ខជន​បម្រុង​លេខ​រៀង​ទី​ ១ ​មណ្ឌល​ស្វាយរៀង​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា ការជ្រើសរើស​មន្ត្រី​យោធា និង​មន្ត្រីនគរបាល​ជាន់​ខ្ពស់​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​គឺជា​ «​ការងារ​ផ្ទៃក្នុង​» ​របស់​គណបក្ស​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាជន​ប៉ុណ្ណោះ​។ លោក​ថ្លែង​ថា​៖ «​វា​ជា​ការងារ​ផ្ទៃក្នុង​របស់​គណបក្ស​ដែល​ចង់​ដាក់​សមាសភាព​ណា​ដែល​គ្រប់​លក្ខណៈ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជាតិ​ និង​ប្រជាជន​។ បងប្អូន​សុទ្ធតែ​ចូល​ក្រុម​ការងារ​ចុះ​ទៅ​ជួយ​មូលដ្ឋាន​។ ចេញពី​ក្រុម​ការងារ​កសាង​ស្នាដៃ​ជួយ​ប្រជាជន​មហាជន​នៅ​មូលដ្ឋាន​នោះ​ឯង​»​។

លោក​បន្ត​ថា​មន្ត្រី​យោធា និង​មន្ត្រី​នរបាល​ទាំង​នោះ​បាន​ព្យួរ​ការងារ​របស់​ខ្លួន​រួច​ហើយ ហើយ​ក៏​មិន​ទទួល​បាន​ប្រាក់ខែ​ពី​រដ្ឋ​ទៀត​ដែរ គឺ​គណបក្ស​ជា​អ្នក​ទទួល​ខុសត្រូវ​។ លោក​ថ្លែង​ថា​៖ «​វា​ជា​ប្រជាធិបតេយ្យ​នៅក្នុង​បក្ស អត់​មាន​បញ្ហា​អ្វី​គួរ​ឆ្ងល់​ទេ​។ ការ​ទៅ​ឈរ​បេក្ខជន​គេ​មិន​គិត​ថា​ជា​នគរបាល​ ឬ​ជា​យោធា​ទេ​។ ពេល​ដែល​គាត់​ឈរ​ឈ្មោះ​គាត់​បាន​ព្យួរ​ការងារ​របស់​គាត់​ហើយ​។ បើ​ធ្វើ​យោធា​ទៅ​ឈរ​តំណាងរាស្ត្រ​ម៉េច​កើត នរណា​ក៏ដោយ​នៅ​ក្នុង​មុខងារ​សាធារណៈ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ពេល​ដែល​ទៅ​ឈរ អាហ្នឹង​ត្រូវ​ដាក់​ព្យួរ​ការងារ​ស្នូល​ចេញ​។ អត់​បើក​ប្រាក់ខែ​ទេ មក​យក​បៀវត្ស​ពី​គណបក្ស អត់​មាន​ទៅ​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​ទេ​»​។

លើស​ពី​នេះ​លោក​ ឥសាន បាន​បដិសេធ​ថា​ការ​ដាក់​មន្ត្រី​យោធា និង​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នេះ​មិនមែន​ជា​ការបំភិតបំភ័យ​ដល់​នរណា​នោះ​ទេ​។ លោក​ថ្លែង​ថា​៖ «​គេ​មាន​យក​កាំភ្លើង​ទៅ​ឃោសនា​ឯណា​! ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង​ពេល​គេ​ទៅ​ឈរ​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​ហើយ​គេ​លាលែង​ពី​ការងារ​ស្នូល​អស់​ហើយ​នៅ​មាន​ជា​យោធា​មាន​នគរបាល​ឯណា​ទៀត អត់​មាន​ទេ​»​។

លោក មាស នី អ្នក​វិភាគ​នយោបាយ​យល់​ថា​នេះ​គឺ​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ដឹង​ថា​នឹង​មាន​រឿង​នេះ​កើតឡើង​ជាយូរ​ឆ្នាំ​មក​ហើយ​។ ខ្ញុំ​គិត​ថា​មាន​ហេតុផល​ចំនួន​ ២ ​។ ទី​ ១ វា​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដើម្បី​ជំនួស​តំណែង​មន្ត្រី​ឧត្តមសេនីយ៍​ជើង​ចាស់ និង​វ័យ​ចំណាស់ ដោយ​មន្ត្រី​ដែល​ស្និទ្ធស្នាល​ក្នុង​ជួរ​កងទ័ព​ដែល​ស្និទ្ធ​នឹង​លោក​ ហ៊ុន ម៉ាណែត​ (​កូនប្រុស​ច្បង​លោក ហ៊ុន សែន​)»​។

លោក​បន្ត​ថា​៖ «​វា​ក៏​អាច​ទៅ​រួច​ផង​ដែរ​ក្នុង​ការ​ដែល​មាន​ឧត្តមសេនីយ៍​យោធា​ច្រើន​ជាង​មុន​ក្នុង​សភា​ដើម្បី​ឲ្យ​រចនាសម្ព័ន្ធ​នៃ​យោធានិយម​អាច​ពង្រីក​ខ្លួន​បាន​នៅ​ក្នុង​រដ្ឋសភា ហើយ​ក្នុង​ករណី​នេះ​ក្រុម​ទាហាន​នឹង​មាន​អំណាច​ខ្លះ​ក្នុង​ក្រុម​នីតិប្បញ្ញត្តិ​ដែល​អាច​នឹង​ឈាន​ទៅ​រក​ការ​ធ្វើ​សវនកម្ម​មួយ​ដែល​ក្រុម​ទាហាន​នឹង​មាន​ទីតាំង​របស់​ខ្លួន​ជា​ស្វ័យប្រវត្ដិ​ក្នុង​រដ្ឋសភា ដូច​ប្រទេស​ភូមា​ដោយ​មិន​បាច់​មាន​ការ​បោះឆ្នោត​។ ក្នុង​ឆ្នាំ​កន្លង​ទៅ​ខ្ញុំ​បាន​សង្កេត​ឃើញ​មាន​ការ​កើតឡើង​នៃ​ក្រុម​ឧត្តមសេនីយ៍​យោធា ដែល​កាន់​តំណែង​ជា​អភិបាលខេត្ត​»​។

ប៉ុន្តែ​លោក​ សុខ ឥសាន ​បាន​ច្រានចោល​ការលើក​ឡើង​នេះ​ដោយ​ថ្លែង​ថា​៖ «​គាត់​និយាយ​ធ្វើ​អ្វី​ក៏​មិន​ចេះ​ត្រូវ​ចិត្ត គេ​មិនមែន​ធ្វើ​តម្រូវ​ចិត្ត​គាត់​ទេ គណបក្ស មាន​សិទ្ធិ​ធ្វើ​ត្រឹមត្រូវ​ទៅ​តាម​គោលការណ៍​ច្បាប់​ដែល​កំណត់​។ មន្ត្រី​ណា​ក៏ដោយ​ទាំង​មន្ត្រី​តុលាការ គេ​អាច​ឈរ​ជា​បេក្ខជន​បាន​ដោយ​លាលែង ឬ​ព្យួរ​ការងារ​ស្នូល​»៕