ស្វាយរៀង: ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀងលោក កែរ រដ្ឋា បានបញ្ជូនឈ្មោះគ្រូពេទ្យចំនួន ៣៩៣ នាក់ ដែលប្រកបមុខរបររកស៊ីដើរចាក់ថ្នាំ និងព្យាបាលជំងឺប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ នៅតាមភូមិ ស្រុក ដោយគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាលខេត្ត ឬក្រសួងសុខាភិបាល ទៅសាលាដំបូងខេត្តស្វាយរៀង។
លោក កែរ រដ្ឋា បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា លោកបានបញ្ជូនបញ្ជីឈ្មោះគ្រូពេទ្យចំនួន ៣៩៣ នាក់ ទៅសាលាដំបូងខេត្ត ស្វាយរៀង កាលពីថ្ងៃទី ២១ ខែឧសភារួចរាល់ហើយដើម្បីតម្កល់ទុកជាការព្រមានរាល់សកម្មភាពរបស់គ្រូពេទ្យ ដែលគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាលខេត្តឬក្រសួងសុខាភិបាលទាំងខណៈពួកគាត់បាននិងកំពុងរកស៊ីដើរចាក់ថ្នាំព្យាបាលពលរដ្ឋតាមភូមិ និងតាមមូលដ្ឋានយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តស្វាយរៀង។
លោកបន្តថា គ្រូពេទ្យទាំងនេះធ្លាប់បានបង្កគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋរហូតដល់ស្លាប់ចំនួន ៦ ឬ ៧ ករណី មកហើយ ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះហើយក៏មានថ្នាំខ្លះអាចបង្កផលលំបាកដល់សុខភាពមនុស្សយូរអង្វែងដែរ ប៉ុន្ដែពួកគាត់មិនត្រូវបានជាប់ទោសទណ្ឌអ្វីទេ ដោយសារគ្មានពាក្យបណ្ដឹងពីជនរងគ្រោះ ក៏ដូចជាភាពខ្វះចន្លោះពីមន្ត្រីជំនាញ ក្នុងការស៊ើបអង្កេតបញ្ហាទាំងនេះ។
លោកបញ្ជាក់ថា៖ «ក្រុមគ្រូពេទ្យទាំងនេះយើងមិនអាចទទួលយកទៅបណ្ដុះបណ្ដាលជាផ្លូវការ ហើយឲ្យគាត់ប្រកបមុខរបរហ្នឹងទៀតបានទេព្រោះគ្រូពេទ្យមួយចំនួន មានអាយុច្រើន គ្មានសញ្ញាបត្រដែលអាចបន្តការសិក្សា និងអ្នកខ្លះគ្មានពេលវេលា ប៉ុន្ដែយើងលើកទឹកចិត្តឲ្យពួកគាត់ដែលមានអាយុតិច និងមានពេលវេលាគ្រប់គ្រាន់ អាចរៀនបន្ត ដើម្បីទទួលបានចំណេះដឹង និងសញ្ញាបត្រត្រឹមត្រូវ»។
លោក កុយ ផាន់ អតីតគ្រូពេទ្យដែលធ្វើការនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីម្សិលមិញបានថ្លែងថា លោកជាមន្ត្រីគ្រូពេទ្យចូលនិវត្តន៍ ប៉ុន្ដែប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តែងតែហៅលោកឲ្យទៅជួយព្យាបាលជំងឺ និងចាក់ថ្នាំ ប៉ុន្ដែមិនដែលមានបញ្ហាអ្វីកើតឡើងទេ។
លោកបន្តថា លោកធ្លាប់ព្យាបាលមនុស្សរាប់ពាន់នាក់រួចមកហើយ គ្មានអ្នករងគ្រោះដោយសារលោកទេ ព្រោះលោកព្យាបាលតែជំងឺឈឺតិចតួច ចំពោះអ្នកមានជំងឺធ្ងន់ៗ លោកប្រាប់ឲ្យទៅរកពេទ្យមានជំនាញច្បាស់លាស់។ «ខ្ញុំដើរចាក់ថ្នាំរាល់តែថ្ងៃហ្នឹង ហើយឥឡូវនេះ គេឲ្យខ្ញុំធ្វើកិច្ចសន្យា ឲ្យខ្ញុំឈប់ដើរចាក់គេទៀតទៅ ហើយបើគេឲ្យខ្ញុំឈប់ខ្ញុំក៏ឈប់ទៅ គ្មានអ្វីទេ តែគ្រាន់តែកន្លងមកហ្នឹង ខ្ញុំព្យាបាលមិនដែលមានបញ្ហាអ្វីទេ»។
លោក ថាញ់ វ៉េន គ្រូពេទ្យដែលដើរព្យាបាលពលរដ្ឋតាមមូលដ្ឋានម្នាក់ទៀតនៅឃុំរម៉ាំងថ្កោល ស្រុកស្វាយទាបបានថ្លែងថា លោកព្យាបាលអ្នកភូមិជិត ៤០ ឆ្នាំ ហើយមិនដែលមានបញ្ហាអ្វីកើតឡើងទេ។ មុខវិជ្ជាពេទ្យនេះ លោកធ្លាប់រៀនកាលពីជំនាន់ ប៉ុល ពត ក្រោយមកអ្នកភូមិតែងតែមកពឹងលោកឲ្យជួយមើល និងព្យាបាលជំងឺឈឺក្បាលបន្ដិចបន្ដួច។
លោកបន្តថា ប្រសិនបើមានជំងឺធ្ងន់ៗ លោកនឹងប្រាប់អ្នកជំងឺឲ្យទៅមន្ទីរពេទ្យធំៗឬកន្លែងមានជំនាញត្រឹមត្រូវប៉ុន្ដែចំពោះជំងឺតិចតួច លោកផ្សំថ្នាំឲ្យគាត់ហូប តាមស្ថានភាពជំងឺធម្មតា។ «ខ្ញុំបានរៀនតាំងជំនាន់ ប៉ុល ពត ហើយអ្នកភូមិក៏ចេះតែមកពឹងខ្ញុំ ហើយជំងឺណាធ្ងន់ៗ ខ្ញុំក៏អត់ហ៊ានព្យាបាលដែរ។ កន្លងមកខ្ញុំរកស៊ីចាក់ថ្នាំតាមភូមិ ហើយខ្ញុំមានមុខរបរខ្ញុំមួយទៀតហើយឥឡូវនេះ មន្ទីរសុខាភិបាលគេព្រមានខ្ញុំហើយ កុំឲ្យខ្ញុំដើរចាក់ថ្នាំអ៊ីចឹងទៀត»។
លោក ទេព ផល្លា អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង បានឲ្យដឹងថា លោកមិនទាន់បានទទួលបញ្ជីឈ្មោះរបស់គ្រូពេទ្យទាំងនេះទេដោយសារតែកាលពីម្សិលមិញគឺជាថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាក។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីលោកស្រីឱ វណ្ណឌីនអគ្គនាយិកាបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យ និងលោក ឡូ វាសនាគិរី អ្នកនាំពាក្យក្រសួងសុខាភិបាល មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ កាលពីម្សិលមិញ។
លោកស្រី អ៊ាង គឹមលី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រៃវែង និងខេត្តស្វាយរៀង បានថ្លែងកាលពីម្សិលមិញថា នៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក ឬតំបន់ជនបទភាគច្រើន មានគ្រូពេទ្យប្រចាំភូមិដើរចាក់ថ្នាំ ប៉ុន្ដែលោកស្រីមិនច្បាស់ថា ក្រុមគ្រូពេទ្យទាំងនោះ មានជំនាញ ឬការអនុញ្ញាតពីស្ថាប័នជំនាញដែរឬយ៉ាងណានោះទេ។
លោកស្រីបន្តថា លោកស្រីគាំទ្រចំពោះចំណាត់ការនេះព្រោះកន្លងមកធ្លាប់មានពលរដ្ឋរងគ្រោះដោយសារគ្រូពេទ្យប្រចាំភូមិ ទាំងនោះ ប៉ុន្ដែមិនត្រូវបានមន្ត្រីជំនាញដាក់ទោសទណ្ឌដល់ពួកគាត់ទេ។
លើសពីនេះ លោកស្រីជំរុញលើកទឹកចិត្តគ្រូពេទ្យ ដែលនៅក្មេងឲ្យទៅបន្តការសិក្សាបន្ថែមទៀត ដើម្បីយកសញ្ញាបត្រ និងចំណេះដឹងហើយចំពោះគ្រូពេទ្យដែលមានវ័យចាស់ គ្មានច្បាប់ ឬសញ្ញាបត្រត្រឹមត្រូវគួរបញ្ឈប់សកម្មភាពពួកគាត់ទាំងអស់។
លោកស្រី គឹមលី បញ្ជាក់ថា៖ «យើងធ្លាប់មាន គឺធ្លាប់ដឹងពីរឿងនេះច្រើនហើយ គឺមិនថា តែខេត្តស្វាយរៀងមួយទេ គឺខេត្តផ្សេងៗទៀត ក៏មានច្រើនករណីដែរ ហើយបើតាមខ្ញុំដឹង គឺនៅខេត្តព្រៃវែងកាលពីប៉ុន្មានថ្ងៃមុននេះគឺមានស្ដ្រីម្នាក់សម្រាលកូននៅកន្លែងឯកជនមួយ កន្លែងហ្នឹងដូចជាមិនមែនជាគ្លីនិកដែលមានជំនាញទេគឺពេលគាត់សម្រាលទៅបានធ្លាក់ឈាមមកច្រើនណាស់ រហូតដល់ស្លាប់ ប៉ុន្ដែគ្មានអ្នកដឹងថា អ្នកណាខុស អ្នកណាត្រូវទេ ឬអ្នកណាត្រូវទទួលទោសទេ»៕