កំពង់ឆ្នាំងៈ បុរស​ម្នាក់​ត្រូវ​បាន​​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​កាល​ពី​ម្សិល​មិញ​បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​ករណី​កាប់​ប្រ​ពន្ធ​​បណ្ដាល​ឲ្យ​ស្លាប់​និង​កូន​ប្រុស​ម្នាក់​របួស​ធ្ងន់​ប្រ​ព្រឹត្ត​នៅ​ភូមិ​​អណ្តូងរ​វៀង​ឃុំ​អញ្ចាញ​រូង​ ស្រុក​បរិ​បូណ៌ ​ខេត្ត​កំ​ពង់​ឆ្នាំង​ កាល​ពី​ថ្ងៃទី ​២១​ ខែ ​មេសា។

លោក​ ឌុច​ ចំ​រើន​ ប្រធាន​កា​រិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​ខេត្ត​កំពង់​ឆ្នាំង​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ បុរស​ជា​ជន​សង្ស័យ​នោះ​ឈ្មោះ​ តូច ញ៉ន​ អា​យុ​ ៤១ ​ឆ្នាំ​និង​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​​ សួន ​គីម​ អា​យុ​ ៤៦ ​ឆ្នាំ​។ រីឯ​កូន​ប្រុស​ម្នាក់​វ័យ​ ៩ ​ឆ្នាំ​ ឈ្មោះ​ ញ៉ឹប​ សុគុណ ​ត្រូវ​របួស​ធ្ងន់។

លោក​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​សាក​សួរ​ជន​សង្ស័យ​នៅ​ឡើយ​មុន​ពេល​បញ្ជូន​ទៅតុលា​ការ​តាម​នីតិវិធី។​

លោក​​បាន​បញ្ជាក់​ថា​៖ ​«​ខ្ញុំ​មិន​ទាន់​ដឹង​ថា​ នឹង​ត្រូវ​បញ្ចូន​ជន​នេះ​ទៅ​តុលាការ​​នៅ​ថ្ងៃ​ចន្ទ​ទី ​២​២​ មេ​សា​នេះ​ឬ​នៅ​ថ្ងៃ​ស្អែក ​(ថ្ងៃ​អង្គារ​)​ ទេ​ព្រោះ​ខ្ញុំ​កំពុង​ស៊ើប​សួរ​​ជន​សង្ស័យ​បន្ត​ទៀត»។

ទាក់​ទង​នឹង​ករណី​នេះ​ដែរ ​លោក​ ធន់ ​រ​ត​នា​ នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​អញ្ចាញរូង​ បាន​ប្រាប់​កាល​ពី​ម្សិល​មិញ​ដែរ​ថា ​ក​រ​ណី​កាប់​សម្លាប់​ប្រពន្ធ​ និង​បង្ក​របួស​ដល់​កូន​នេះ​ សមត្ថ​កិច្ច​លោក​មិន​អាច​សន្និ​ដ្ឋាន​បាន​ថា​មក​ពី​​ប្រចណ្ឌ​ឬ​​យ៉ាង​ណា​​ទេ ​ប៉ុន្តែ​លោក​ថា ជ​ន​សង្ស័យ​ជា​​មនុស្ស​ញៀន​ស្រា​រហូត​ភ្លេច​ភ្លាំង​ស្មារតី។

លោក​ប្រាប់​ថា​៖​ «​ជន​រូប​នេះ​គ្មាន​លិ​ខិត​បញ្ជាក់​ពី​មន្ទីរ​ពេទ្យ​ថា​ ជា​មនុស្ស​កើត​ជំងឺ​សរសៃ​ប្រ​សាទ​ទេ​ ប៉ុន្តែ​​ជា​មនុស្ស​ស្រ​វឹង​ខួប​។​ គេ​ផឹក​ស្រា​រហូត​ហើយ​បើ​ថា​កើត​មក​ពី​រឿង​ប្រ​ចណ្ឌ​ក៏​ខ្ញុំ​សន្និដ្ឋាន​មិនបា​​នដែរ ​ព្រោះ​ខ្ញុំមិ​ន​ឮ​សាច់​ញាតិ​គាត់​ប្រាប់​ពី​រឿង​នេះ​ផង»។

លោក​រំ​ឭក​ប្រាប់​​តាម​សាក្សី​ថា​ មុន​​កើត​ហេតុ​​ថ្ងៃ​ទី​ ២​១ ​មេ​សា ​ជន​សង្ស័យ​បាន​ដើរ​ផឹក​ស្រា​រ​ហូត​ស្រ​វឹង​។​ លុះ​ត្រឡប់​មក​វិញ​ក៏​ឡើង​ទៅលើ​ផ្ទះ​ ហើយ​ខណៈ​ប្រពន្ធ​ និង​កូន​ប្រុស​ម្នាក់​កំ​ពុង​អង្គុយ​មើល​ទូរ​ទស្សន៍​ ស្រាប់​តែ​ជ​នសង្ស័យ​​ទាញ​​យកពូ​ថៅ​​មកកាប់​សំពង​លើប្រពន្ធ​ត្រូវ​​ក្បាល​ និង​គុម្ពត្រ​ចៀក​បណ្ដាល​ឲ្យស្លាប់​ភ្លាមៗ​។ រីឯ កូន​ប្រុស​ក៏​ត្រូវ​ជន​សង្ស័យ​ជាឪ​ពុក​កាប់​ឲ្យ​របួស​ធ្ងន់​ផងដែរ។

លោក​បញ្ជាក់​ថា​ ក្រោយ​កើត​ហេតុ​អ្នក​ភូមិ​បាន​រាយ​ការ​ណ៍​ប្រាប់សមត្ថ​កិច្ច​ប៉ុស្តិ៍​ឃុំ​ ទើប​មាន​ការ​ចុះ​ចាប់​ខ្លួន​ជនសង្ស័យ​ដល់​កន្លែង​កើត​ហេតុ​បាន​តែម្តង៕