បន្ទាយមានជ័យៈ នគរបាលក្រុងប៉ោយប៉ែតកាលពីម្សិលមិញ បានបញ្ជូនជនសង្ស័យជាជនជាតិចិន ១២ នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បន្ទាប់ពីចាប់ខ្លួននៅផ្ទះសំណាក់ ១ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៦ មិថុនា ពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនគ្នាឯង ៣ នាក់ដើម្បីជំរិតទារប្រាក់។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់កាលពីម្សិលមិញថាករណីជនជាតិចិន ១២ នាក់ ដែលពាក់ព័ន្ធជំរិតទារប្រាក់នោះសមត្ថកិច្ចរបស់លោកបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តហើយកាលពីព្រឹកថ្ងៃទី ១៧ ខែ មិថុនា ហើយពួកគេប្រព្រឹត្តបទល្មើសនៅភូមិក្បាលស្ពាន ១ សង្កាត់-ក្រុងប៉ោយប៉ែត។
លោកថា៖ «ក្រុមជនសង្ស័យជាបុរសទាំងអស់ហើយខ្ញុំបានបញ្ជូនពួកគេទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយដើម្បីបន្តនីតិវិធី»។
ពាក់ព័ន្ធករណីនេះដែរ លោក ឡាច ញិប ប្រធានផ្នែកនីតិវិធីនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញដែរថា ក្រុមជនសង្ស័យត្រូវបានបញ្ជូនដល់ស្នងការដ្ឋាននគរបាលខេត្តហើយ ហើយសមត្ថកិច្ចជំនាញរបស់លោកកំពុងបន្តនីតិវិធីសាកសួរពួកគេបន្តទៀតមុននឹងធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ។
លោកថ្លែងថា៖ «ពួកជនសង្ស័យបានឲ្យលុយជនរងគ្រោះជាជនជាតិចិនដូចគ្នាខ្ចីហើយយកការប្រាក់ខណៈជនរងគ្រោះ ៣ នាក់ លេងល្បែងចាញ់។ដោយក្រុមជនរងគ្រោះគ្មានលុយសងក៏ចាប់បង្ខាំងពួកគេទៅហើយត្រូវវាយដំឃើញស្នាមជាំពេញខ្លួនទៀតផង»។
លោកប្រាប់ថា រឿងរ៉ាវនេះមុនដំបូងគឺនៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០១៩ ក្រុមជនសង្ស័យដែលមានអាយុចន្លោះពី ២០ ទៅ ៣១ ឆ្នាំ និងជនរងគ្រោះដែលមានអាយុចន្លោះពី ១៨ ទៅ ៣៦ ឆ្នាំ ជាមនុស្សស្គាល់គ្នាហើយពួកគេបាននាំគ្នាចូលលេងល្បែងក្នុងកាស៊ីណូមួយក្នុងក្រុងប៉ោយប៉ែត។ ក្រោយមកក្រុមជនរងគ្រោះបានលេងល្បែងចាញ់អស់លុយក៏នាំគ្នាខ្ចីលុយក្រុមជនសង្ស័យ តែមិនដឹងថាមានចំនួនប៉ុន្មានទេ។
លោកបន្តថា បន្ទាប់ពីក្រុមជនរងគ្រោះអត់លុយសងក៏ត្រូវក្រុមជនសង្ស័យដែលស្នាក់នៅផ្ទះសំណាក់យីហោសុផលថាវីក្នុងក្រុងប៉ោយប៉ែតក៏ចាប់បង្ខាំងជនរងគ្រោះទុកក្នុងបន្ទប់ជួលដែលនៅជិតផ្ទះសំណាក់សុផលថាវីនោះ។ បន្ទាប់មកក្រុមជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះទូរស័ព្ទទៅម្តាយឪពុករបស់ពួកគេឲ្យផ្ញើលុយពីប្រទេសចិនមកសង ហើយលុយដែលក្រុមជនរងគ្រោះខ្ចីនោះមានការប្រាក់ខ្ពស់។
លោកបានបញ្ជាក់ប្រាប់ថា ការចាប់ខ្លួនក្រុមជនសង្ស័យនេះធ្វើឡើងតាមបណ្តឹងរបស់ឪពុកម្តាយជនរងគ្រោះពីប្រទេសចិនដែលបានប្តឹងមកស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាហើយខាងស្ថានទូតចិនបានបង្ហាញភិនភាគជនរងគ្រោះនិងទីតាំងដែលបង្ខាំងមនុស្សដល់សមត្ថកិច្ចកម្ពុជាទើបបានឈានដល់ចាប់ខ្លួនក្រុមជនសង្ស័យបានតែម្តង។ រីឯវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ខ្សែជ័រសម្រាប់ចងជនរងគ្រោះ និងកាំបិតស្នៀត ១ ផងដែរ៕