តាកែវៈ ន​គ​រ​បាល​ស្រុក​កោះ​អណ្តែត​បាន​បញ្ជូន​ជន​សង្ស័យ​​ម្នាក់​ទៅ​ស្នង​ការ​ដ្ឋា​ន​នគរបាល​ខេ​ត្ត​តា​កែវ​កាលពី​ម្សិលមិញ​ បន្ទាប់​ពី​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ១​​៩ ឧសភា ​ពាក់​ព័ន្ធ​ករណីអា​រកសម្លាប់​​ក្មេង​ប្រុស​ម្នាក់​ នៅ​ភូមិ​ត្រ​ពាំង​​ក្រ​សាំង​ ឃុំ ពេជ​សា ស្រុក​កោះ​អណ្តែត​​ ដោយ​សារ​ក្មេង​​រង​គ្រោះ​ឃើញ​ជន​សង្ស័យ​​ប៉ុនប៉ង​ចាប់​រំលោភ​បងថ្លៃ​​ស្រី​ហើយ​​ខ្លាច​បែកការ។

លោក​ អៀម ​ភាព​ អ​ធិ​ការ​​រងស្រុក​កោះ​អណ្តែត​ទ​ទួល​ផែន​សេ​នា​ធិ​ការ​បានប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពីម្សិល​មិញ​ថា​​ ជន​​សង្ស័យ​ឈ្មោះ​​​ ហ៊ុ​ន ​​តុ​លា​ អា​យុ​ ២​៧​ ឆ្នាំ។ ​រី​ឯ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ​ទ្រី ​​កក្ក​ដា​ អា​យុ​ ១​៣ ​ឆ្នាំ​ ជា​សិស្ស​រៀន​នៅ​​សា​លា​ប​ឋម​សិ​ក្សា​វត្ត​ព្រៃ​​បាយ​​ក្នុ​ងភូ​​មិ​-​​ឃុំ​កើត​ហេតុ​ខាង​លើ។

លោក​ថា​៖ «​ដោយ​សារ​ឃើញ​គ្រួសារ​ក្មេង​រង​គ្រោះ​​ក្រី​ក្រ​ពេក​ ខាង​កា​រិ​យា​ល័យ​អប់​រំ​ស្រុក​កោះ​អណ្តែត​ក៏ចុះ​មក​សាក​សួរ​សមត្ថ​កិច្ច​ខ្ញុំ​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ឧបត្ថម្ភ​​ខ្លះ»។​

លោក​​ អៀម​​​ ​ភាព ​​ប្រាប់​តាម​សម្តី​ជន​សង្ស័យ​ថា​ មុន​កើត​ហេតុ​ជន​សង្ស័យ​​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​​បង​ប្រុស​បង្កើត​របស់​ខ្លួន​ ប៉ុន្តែ​ឃើញ​តែ​ស្រ្តី​ម្នាក់​ត្រូវ​ជា​បង​ថ្លៃ​កំពុង​​នៅ​ក្នុង​ផ្ទះ​។​ ពេល​នោះ​ជន​សង្ស័យ​បាន​ប៉ុនប៉ងចាប់​ស្រ្តី​ជា​បង​ថ្លៃ​រំលោភ​សេព​សន្ថវៈ ​តែ​ចៃ​ដន្យ​ដោយ​សារ​​ជញ្ជាំង​ផ្ទះ​ធ្លុះ​ធ្លាយ​​ក៏​​ត្រូវ​ក្មេង​រង​គ្រោះ​ ឈ្មោះ​ ទ្រី ​​កក្កដា មើល​ឃើញ។

លោក​បន្ត​ថា​ ដោយ​សារ​តែ​​ខ្លាច​បែកការ​ ជន​សង្ស័យ​បាន​ប្រើ​ល្បិច​បញ្ឆោត​ក្មេង​រង​គ្រោះ​ថា​ទៅ​ចាប់​ពស់​នៅ​វាល​ស្រែ​ហើយ​ក្មេង​រង​គ្រោះក៏​ព្រមទៅ​តាម​។​លុះ​នាំ​ក្មេង​រង​គ្រោះ​ដល់​ចំ​ណុច​កើត​ហេតុ​ជន​សង្ស័យ​ក៏​ចាប់​ក្មេង​អា​រផ្តាច់​បំ​ពង់​ក​ដោយ​ប្រើ​កាំ​បិត​ខ្វែវ​​បណ្ដាល​ឲ្យ​ស្លាប់​នៅ​​ក្បែរ​ត្រ​ពាំង​ទឹក​ហើយបន្ទាប់​មក​ជនសង្ស័យ​ក៏​ដើរ​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ​​ធ្វើ​ដូច​មិន​ដឹង​រឿង​អីខណៈ​ម្តាយ​ក្មេង​រង​គ្រោះ​​និង​អ្នក​ភូមិ​កំ​ពុងឆោ​ឡោ​នាំ​គ្នា​​ដើរ​រក​ក្មេង​រងគ្រោះ។

លោក​បាន​បន្ត​ទៀ​តថា ​ពេល​ឃើញ​មាន​ការ​ផ្អើល​ឆោ​ឡោ​នោះ​ សមត្ថ​កិច្ច​នគរ​បាល​ស្រុក​កោះ​អណ្តែតក៏​បាន​ហៅ​អ្នក​ភូមិ​មកសួរ​ដើម្បី​រក​តម្រុយ​ឈាន​ទៅ​​រក​មុខ​ជន​ដៃ​ដល់​។​ពេល​នោះ​មាន​អ្នក​ភូមិ​ម្នាក់​បាន​ប្រាប់​សមត្ថកិច្ច​ថា​ គេ​បាន​ឃើញ​ជន​សង្ស័យ​បណ្តើរ​ក្មេង​ប្រុស​ទៅ​វាល​ស្រែ​។ ដោយ​មាន​ការ​សង្ស័យ​សមត្ថ​កិច្ច​ក៏​បាន​ហៅ​ជន​សង្ស័យ​សួរ​នាំ​ហើយ​បុរស​រូប​នេះក៏​​បាន​ឆ្លើយ​សារ​ភាព​ពី​សកម្ម​ភាព​របស់​ខ្លួន​តែម្ដង។

ពាក់​ព័ន្ធ​នឹង​ស្រ្តី​​ជា​បង​ថ្លៃ​ដែល​ត្រូវ​​ជន​សង្ស័យ​ប៉ុនប៉ងចាប់​រំ​លោភ​នោះ​ ត្រូវបាន​លោក ​​អៀម​ ភាព​ បញ្ជាក់​ប្រាប់​ថា​ស្រ្តី​​ជា​បង​ថ្លៃ​មិន​បាន​ប្ដឹង​​ទេ​។​ តែ​ទោះ​យ៉ាង​ណា​​លោក​ថា​ ជន​សង្ស័យ​​ក្រោយ​ពី​បង្ក​ហេតុ​ លោក​បាន​ពិនិត្យ​ទឹក​នោម​រក​មើល​សារ​ធាតុ​ញៀន​ដែរ​ តែមិន​ឃើញ​​មាន​ផ្ទុក​សារ​ធាតុ​ញៀន​ទេ​​។​ ប៉ុន្តែ​លោក​ថា​ គ្រួ​សារ​ជន​សង្ស័យ​បាន​​ប្រាប់​សមត្ថ​កិច្ច​ថា​បុរស​ម្នាក់​នេះ​ធ្លាប់​បាន​ប្រើប្រាស់​គ្រឿង​ញៀន៕