ភ្នំពេញៈ បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានមួយចំនួនអះអាងថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកប្រាក់រំឭកនិងប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិតរបស់ខ្លួនសម្រាប់ខែមិថុនា ខណៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកវគ្គបណ្តុះបណ្តាលពីនីតិវិធីនិងបែបបទនៃការទូទាត់ប្រាក់ចៀសវាងការយល់ច្រឡំ។
កាលពីម្សិលមិញ មានមនុស្សយ៉ាងហោចណាស់ជាង ៤០០ នាក់ ជាអ្នកតំណាងមកពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានដែលមានកាតព្វកិច្ចត្រូវអនុវត្តគោលការណ៍ថ្មី បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីការបើកប្រាក់រំឭកនិងប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិតតាមការណែនាំរបស់ក្រសួងការងារ។
ក្នុងអំឡុងពេលចូលរួមនេះ ពួកគេបានស្វែងយល់និងជជែកដេញដោលគ្នាយ៉ាងផុសផុលជុំវិញបញ្ហានេះនៅសាលប្រជុំក្រសួងការងារដោយបានលើកជាសំណួរជាបន្តបន្ទាប់ ខណៈមន្ត្រីជំនាញ បានបកស្រាយយ៉ាងលម្អិត។វគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ មិថុនា នេះ បានបើកឲ្យបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់អាចចូលរួមដោយសេរីដើម្បីទទួលបានចំណេះដឹងបន្ថែមដើម្បីឈានទៅរកការអនុវត្តគោលការណ៍ថ្មីឲ្យទទួលបានជោគជ័យទាំងអស់គ្នា។
នេះបើតាមលោក អុិន ខេមរា អនុរដ្ឋលេខាធិការក្រសួងការងារ បានថ្លែងក្នុងឱកាសនោះ។
លោកថ្លែងបន្តថា ជាមួយនឹងការបណ្តុះបណ្តាលនេះ ក្រសួងក៏បានចេញសេចក្តីប្រកាសជាបន្តបន្ទាប់ដើម្បីបកស្រាយវិធានការថ្មីនេះ ចៀសវាងមានការភាន់ច្រឡំស្របពេលដែលដំណើរការថ្មីនេះ លោករំពឹងថា នឹងប្រព្រឹត្តទៅដោយរលូន។
លោកបានបញ្ជាក់ថា៖ «លើកទី១ ថា ថៅកែចង់ធ្វើអ៊ីចេះ តែយើងបុគ្គលិកចង់ធ្វើអ៊ីចុះ ពួកគាត់ថា វាស្មុគស្មាញ តែសូមមកជួបមន្ត្រីយើងនិងមកនាយកដ្ឋានយើងដែលមានមន្ត្រីចាំទទួលហើយបង្ហាញយើង។ អ៊ីចឹងកុំឲ្យខុសគ្នាទៀត ក្រសួងចេញសេចក្តីប្រកាសជាបន្តបន្ទាប់ជុំវិញបញ្ហានេះ»។
កាលពីថ្ងៃចន្ទ ក្រសួងការងារបានចេញសេចក្តីណែនាំបន្ថែមទៀតស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំនីមួយៗចាប់ពីឆ្នាំ ២០១៩ តទៅ ដោយបានបញ្ជាក់ថា ប្រាក់បំណាច់នេះគឺត្រូវបើកជាមួយនឹងប្រាក់ឈ្នួលដែលកម្មករនិយោជិតត្រូវទទួលបានលើកទី ២ នៃខែមិថុនានិងខែធ្នូ ដោយត្រូវញែកឲ្យដាច់រវាងប្រាក់ឈ្នួលប្រចាំខែ ប្រាក់បំណាច់អតីតភាពការងារដើម្បីងាយស្រួលអនុវត្តកាតព្វកិច្ចពន្ធដារព្រោះប្រាក់បំណាច់អតីតភាពការងារនេះមិនជាប់កាតព្វកិច្ចបង់ពន្ធនោះទេ។
សេចក្តីណែនាំនោះបានបញ្ជាក់ថា «ចាប់ពីឆ្នាំ ២០១៩ តទៅនៅរៀងរាល់ពេលបើកប្រាក់ឈ្នួលលើកទី២ សម្រាប់ខែមិថុនានិងខែធ្នូនៃឆ្នាំនីមួយៗ កម្មករនិយោជិត (ក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង) ត្រូវទទួលបាន ប្រាប់ឈ្នួលលើកទី២, ប្រាប់បំណាច់អតីតភាពការងារថ្មីក្នុងឆមាសចំនួន ៧ ថ្ងៃកន្លះនិងប្រាក់រំឭកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ ២០១៩ ប្រសិនជាមាន។រាល់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារនិយោជកនិងកម្មករនិយោជិតត្រូវរក្សាទុកនូវឯកសារជាភ័ស្តុតាងដែលមានចុះហត្ថលេខាឬស្នាមម្រាមដៃយល់ព្រមរបស់ភាគីទាំង ២»។
ក្រោយស្តាប់បទបង្ហាញពេញមួយព្រឹក លោក សែម សុគន្ធារ៉ា មន្ត្រីផ្នែករដ្ឋបាលមកពីរោងចក្រកាត់ដេរសម្លៀកបំពាក់ Good people ក្នុងរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការបើកប្រាក់រំឭក និងប្រាក់បំណាច់អតីតភាពនេះគឺជារឿងល្អមួយដើម្បីការពារអត្ថប្រយោជន៍កម្មករ។ប៉ុន្តែដោយមាននីតិវិធីថ្មីៗមួយចំនួន ដូច្នេះលោកត្រូវស្វែងយល់ឲ្យច្បាស់។
លោកបានបញ្ជាក់ថា៖ «យើងចូលមកសិក្សា ដោយសារតែមានភាពស្រពេចស្រពិលមិនច្បាស់លាស់នៃការ ទូទាត់ប្រាក់ហ្នឹង។អ៊ីចឹងយើងចង់ស្វែងយល់វាឲ្យកាន់តែច្បាស់តែក្រោយពីបានចូលរួម ហើយខាងក្រសួងគាត់បានបកស្រាយយ៉ាងទូលំទូលាយដែលអាចឲ្យយើងយល់បានក្នុងការទូទាត់ជូនកម្មករនេះ»។
ទន្ទឹមនឹងនេះ លោក សុគន្ធារ៉ា បានបញ្ជាក់ទៀតថា៖ «សម្រាប់រោងចក្រខ្ញុំ ក៏ដូចរោងចក្រផ្សេងដែរគឺការ ទូទាត់ប្រាក់បំណាច់អតីតភាពការងារនេះ មិនមានជា បញ្ហាអ្វីទេ។គ្រាន់តែថា បញ្ហាគឺរបៀបនៃការគណនានិងការ កំណត់ ថ្ងៃបើកជូនពួកគាត់ ព្រោះយើងកំពុងតែជជែកគ្នាថាតើបើក ប្រាក់ហ្នឹងទាន់ក្នុងថ្ងៃណា? ប៉ុន្តែយើងនឹងព្យាយាមឲ្យទាន់ដើម្បីបើកប្រាក់នេះជាមួយនឹងការបើក ប្រាក់ឈ្នួលនៅដើមខែបន្ទាប់ដែលសង្ឃឹមថា ក្រសួងនិងបង ប្អូនកម្មករទាំងអស់ក៏យល់ យោគ ចំពោះការយឺតយ៉ាវនេះ»។
ដោយឡែកអ្នកស្រី វង្ស ធីតា ប្រធានផ្នែក HR management នៃសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា សម្រាប់ឆ្នាំ ២០១៩ នេះ គឺខាងសាលាអ្នកស្រីបានរៀបចំរួចអស់ហើយ ដោយនឹងមានការបើកជាមួយនឹងប្រាក់ខែរបស់បុគ្គលិក នៅចុងខែមិថុនានេះតែម្ដង។
អ្នកស្រីបានបញ្ជាក់ថា៖ «តាមពិតទៅដោយសារតែឆ្ងល់ហ្នឹងបានមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលបន្ថែមនេះ ប៉ុន្តែដោយសារការបកស្រាយរបស់ក្រសួងបានលម្អិត ហើយនៅក្នុងការប្រកាសរបស់ក្រសួងក៏បានបញ្ជាក់បន្ថែមទៀត នោះវាកាន់តែធ្វើពួកខ្ញុំកាន់តែច្បាស់ ក្នុងការទូទាត់ជូនកម្មករ។ ខ្ញុំយល់ថា ល្អសម្រាប់បុគ្គលិកដែលស្ថិតនៅ ក្រោមច្បាប់ស្តីពីការងារនេះជាពិសេស បុគ្គលិក ស្ថិតក្រោមកិច្ចសន្យារយៈពេលវែងដែលវាជាអត្ថប្រយោជន៍បន្ថែមទៅលើអ្វី ដែលគាត់មានកន្លងមក»៕