ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួមនឹងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីក្នុងរយៈពេល ១ ឆ្នាំ ២០១៩ នេះបានទទួលពាក្យបណ្ដឹងពីបញ្ហាទំនាស់ដីធ្លីសរុបចំនួន ២ ៧១៣ ករណី ក្នុងនោះទទួលដោះស្រាយចំនួន ១ ៨៧១ ករណី ដោយដោះស្រាយបញ្ចប់ចំនួន ១ ៨៤៧ ករណី និងកំពុងដោះស្រាយចំនួន ១២៨ ករណី ខណៈសង្គមស៊ីវិលជំរុញឲ្យពន្លឿនការដោះស្រាយ។
តាមរបាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីម្សិលមិញឲ្យដឹងថា ការដោះស្រាយវិវាទដីធ្លីក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទទួលពាក្យបណ្តឹងសរុបចំនួន ៨១៧ ករណី ទទួលដោះស្រាយបានចំនួន ១០៥ ករណី។ ក្នុងនោះដោះស្រាយបញ្ចប់ចំនួន ៨១ ករណី និងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្តឹង ឬបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធវិញចំនួន ២៤ ករណី។
របាយការណ៍បន្តថា រីឯអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីទទួលបានចំនួន ១ ៨៩៦ ករណី ដោះស្រាយសរុបបានចំនួន ១ ៧៦៦ ករណី បង្វែរទៅម្ចាស់បណ្តឹងវិញចំនួន ២ ករណី និងកំពុងដោះស្រាយចំនួន ១២៨ ករណី។
របាយការណ៍បន្ថែមថា យន្តការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតដើម្បីដោះស្រាយវិវាទដីធ្លីទាក់ទងនឹងអចលនវត្ថុដែលមិនទាន់ចុះបញ្ជីសុរិយោដី និងវិវាទដីធ្លីស្ថិតក្នុងតំបន់វិនិច្ឆ័យ ដែលគណៈកម្មការរដ្ឋបាលមិនអាចដោះស្រាយបាននៅក្នុងឆ្នាំ ២០១៩ នេះ។ ការដោះស្រាយវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយោដីដោយទទួលពាក្យបណ្តឹងចំនួន ២៩០ ករណី (ទទួលពីគណៈកម្មការរដ្ឋបាលចំនួន ២៣៨ ករណី)។
ក្នុងនោះដោះស្រាយបញ្ចប់ចំនួន ១៦៩ ករណីមានពលរដ្ឋចំនួន ៧២៣ គ្រួសារស្មើនឹងផ្ទៃដីទំហំ ១៣០,៥១ ហិកតា។ ច្រានចោលពាក្យបណ្តឹង បន្ទាប់ពីស៊ើបអង្កេតឃើញថាខុសសមត្ថកិច្ចចំនួន ៩៥ ករណី និងសុំដកពាក្យបណ្តឹងចំនួន ៣០ ករណី។ ចំពោះក្រុមដោះស្រាយវិវាទដីធ្លីចល័តក្រុង ស្រុក ខណ្ឌ ដោះស្រាយបញ្ចប់ចំនួន ១៤១ ករណី ច្រានចោលចំនួន ៨៩ ករណី ដកពាក្យចំនួន ២២ ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ៤១ ករណី។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រនៃក្រសួងរៀបចំដែនដីមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញរបាយការណ៍នេះបានទេពីម្សិលមិញ។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលបានថ្លែងពីម្សិលមិញថា លោកមិនបានចាំចំនួនករណីទំនាស់ដីធ្លីនៅក្នុងខេត្តកណ្ដាលទេ ដោយគ្រាន់តែដឹងថា ករណីទំនាស់ដីធ្លីនៅខេត្តនេះត្រូវបានមន្ត្រីជំនាញដោះស្រាយជិតរួចរាល់ហើយ។ លោករំពឹងថា នៅឆ្នាំ ២០២០ នេះនិងឆ្នាំបន្ទាប់ទៀតនៅខេត្តកណ្ដាលនឹងមិនមានករណីទំនាស់ដីធ្លីយូរអង្វែងទៀតទេ។
លោកបញ្ជាក់ថា៖ «ពួកខ្ញុំដោះស្រាយជិតអស់ បញ្ហាទំនាស់ដីធ្លីដែលធ្លាប់ឈ្លោះគ្នាយូរឆ្នាំកន្លងមកនេះគឺយើងបានដោះស្រាយហើយ ទាំងទំនាស់ធំ និងទំនាស់តូច។ នៅឆ្នាំក្រោយៗនេះ យើងដោះស្រាយបញ្ហាចាស់ៗនេះឲ្យអស់ ហើយយើងចាប់ផ្ដើមធ្វើការងារលើបញ្ហាថ្មីៗទៀត»។
អ្នកស្រី ផាវ ញ៉ើង តំណាងពលរដ្ឋទំនាស់ដីធ្លីចំនួន ៧៥ គ្រួសារ នៅស្រុកស្រែអំបិល ខេត្តកោះកុងបានថ្លែងថា ក្រុមអ្នកស្រីបានទទួលសំណងរួចរាល់ហើយ។ ប៉ុន្ដែមិនទាន់ទទួលបានប្លង់កម្មសិទ្ធិពេញលេញទេ ដោយអាជ្ញាធរកំពុងដាំបង្គោលកំណត់ព្រំដី ហើយអាជ្ញាធរមូលដ្ឋានតែងតែមកឃ្លាំមើលសកម្មភាពអ្នកស្រីជារៀងរាល់ថ្ងៃ។
អ្នកស្រីបញ្ជាក់ថា៖ «ពួកខ្ញុំទទួលបានដីហើយ ដោយអាជ្ញាធរកំពុងកំណត់ព្រំក្បាលដី ប៉ុន្ដែកំណត់ក្បាលដីនេះយឺតយ៉ាវណាស់។ រីឯដីដែលរដ្ឋាភិបាលចែកឲ្យនោះក៏មិនទាន់មានផ្លូវចូល ព្រោះដីនៅឆ្ងាយពីភូមិ។ ពួកខ្ញុំសូមឲ្យអាជ្ញាធរជួយធ្វើផ្លូវ និងឈប់មកគំរាមកំហែងពលរដ្ឋបន្តទៀត ព្រោះពួកខ្ញុំមិនបានធ្វើអ្វីខុសច្បាប់ទេ»។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស (ADHOC) ថ្លែងថា កន្លងមករដ្ឋាភិបាលបានប្រឹងប្រែងដោះស្រាយបានមួយចំនួនហើយ។ ប៉ុន្ដែបញ្ហាដោះស្រាយទាំងអស់នេះមិនទាន់បានឆ្លើយតបគ្រប់បណ្ដឹងរបស់ពលរដ្ឋនៅឡើយ។ អាជ្ញាធរពាក់ព័ន្ធគួរជំរុញបន្ថែមពិនិត្យទៅលើករណីដីសម្បទានសេដ្ឋកិច្ចធំៗមួយចំនួនទៀត។
លោកបន្តថា ការសម្រេចចិត្តរបស់មន្ត្រីថ្នាក់មូលដ្ឋាននៅមានកម្រិតដោយមិនមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការទទួលដោះស្រាយទំនាស់ដីធ្លីធំៗមួយចំនួន ដែលមានករណីខ្លះបានរុញបន្តមកថ្នាក់លើ ឬថ្នាក់ក្រសួង ដើម្បីដោះស្រាយវិញ។ ចំណែកករណីខ្លះអាជ្ញាធរដឹងថា ដីរបស់ពលរដ្ឋស្របច្បាប់ ប៉ុន្ដែពួកគាត់មិនហ៊ានសម្រេចចិត្តទេ ព្រោះខ្លាចអំណាចបុគ្គលមានអំណាចមួយចំនួន។
លោក សែន ករុណា បានបញ្ជាក់ថា៖ «បញ្ហាទាំងអស់នេះយើងសង្ឃឹមថានៅឆ្នាំបន្ទាប់ៗនេះអាចនឹងដោះស្រាយបញ្ចប់ដើម្បីកុំឲ្យទុកអូសបន្លាយយូរឆ្នាំបន្ដទៀត។ យើងដឹងថា បើពលរដ្ឋមានទំនាស់ហើយ គឺពួកគាត់នឹងទន្ទឹងរង់ចាំដំណោះស្រាយពីអាជ្ញាធរ។ អ៊ីចឹងអាជ្ញាធរធ្វើយ៉ាងណាកុំឲ្យពួកគាត់ខាតពេលរង់ចាំដំណោះស្រាយយូរខែឆ្នាំ ខាតពេលប្រកបរបរចិញ្ចឹមជីវិត និងខាតទាំងដីថែមទៀត»៕