បាត់ដំបងៈ អ្នកភូមិ​ ២ ​នាក់​ បាន​បាត់​ខ្លួន និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ខណៈ​ស្ពាន​ចំនួន ៤ ​ខ្សែ និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៤ ​ខ្នង​ ព្រមទាំង​ចម្ការ​ដំណាំ​រួមផ្សំ​ជាង ១០ ​ហិកតា​ទៀត​ បាន​រង​ការខូចខាត​ទាំងស្រុង​ក្រោយពី​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង និង ការហូរ​ច្រោះ​បាក់​ដី​ពីលើ​ភ្នំ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។

លោក សៅ សាម៉េត អភិបាលស្រុក​សំឡូត​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទឹកបាន​ហូរ​ស្រក​ផុតពី​លំនៅឋាន​របស់​អ្នកភូមិ​ហើយ ប៉ុន្តែ​អ្នកភូមិ ២ ​នាក់ ​រួមមាន​ឈ្មោះ ឆាង កុល អាយុ ២៥ ​ឆ្នាំ​ រស់នៅ​ភូមិ​អូរត្រែង ឃុំ​តាតោក ស្រុក​សំឡូត និង​អ្នក​ជិតខាង​របស់​គាត់​ម្នាក់​ឈ្មោះ ថាន់ វី អាយុ​ ២០ ​ឆ្នាំ ​ដែល​បាន​បាត់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នៅក្នុង​ហេតុការណ៍​នេះ​នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​នេះ​ក្រុម​កម្លាំង​សមត្ថកិច្ច​យើង កំពុង​បន្ត​ប្រតិបត្តិការ​ស្វែងរក​ជនរងគ្រោះ​ទាំង​ ២ នៅតាម​ដងស្ទឹង និង​ដងអូរ​នានា​នៃ​តំបន់​ជួរ​ភ្នំ​សំកុះ​»​។

លោក ម៉ែន រីមថាវុធ អធិការរង​ស្រុក​សំឡូត​ថ្លែង​ថា ជំនន់​ទឹកភ្លៀង និង​ការហូរ​ច្រោះ​បាក់​ដី​ពី​លើ​ភ្នំ​ដ៏គំហុក​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នោះ កើតឡើង​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​តាំងពី​យប់​ថ្ងៃអាទិត្យ រហូត​ដល់​ម៉ោង ១០ ព្រឹក​ថ្ងៃ​ចន្ទ​។

ភូមិឋាន​របស់​អ្នកភូមិ​ក្នុង​ឃុំ​ចំនួន​ ៥ រួមមាន​ឃុំ តាតោក សំឡូត តាសាញ់ ស៊ុង និង​ឃុំ​កំពង់ល្ពៅ ដែល​ស្ថិត​នៅ​ជាប់​ដងស្ទឹង​គ្រញូង និង​ដងអូរ​នានា​តាម​ជើងភ្នំ​សំកុះ​សរុប​ចំនួន​ ១២៩ ​ខ្នង​បាន​រង​ការ​ជន់​លិច​ក្នុង​នោះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៤ ​ខ្នង​ត្រូវ​បាន​ទឹក​ហូរ​កួច​នាំ​យក​ទៅ​បាត់ ខណៈ​ស្ពាន​យោល​ចំនួន​ ២ ​ខ្សែ​ដែល​ក្នុង​ ១ ​ខ្សែ​ប្រវែង​ ៩៥ ​ម៉ែត្រ និង ស្ពាន​ឈើ​ទំហំ​ ៣៥ ម៉ែត្រ​គុណ ៤,៣ ​ម៉ែត្រ​ចំនួន​ ២ ​ក្នុង​ឃុំ​តាតោក ត្រូវ​បាន​ទឹក​ហូរ​បោក​បាក់​រលំ​ខូចខាត​ទាំងស្រុង​។

លោក​និយាយថា អ្នកភូមិ​ម្នាក់​ឈ្មោះ ទ្រីម កុសល អាយុ​ ២៣ ​ឆ្នាំ​បាន​រងរបួស​ក្បាល និង​ដៃ​ធ្ងន់ធ្ងរ ក្រោយពី​គាត់​ត្រូវ​ទឹក​ និង​ល្បាប់​ភក់​ដែល​បាក់​ធ្លាក់​ពី​លើ​ភ្នំ​ហូរ​បុក​ធ្លាក់​ចូល​ទៅក្នុង​ទឹកស្ទឹង​ដែល​កំពុង​ជន់​ឡើង និង​ហូរ​ធ្លាក់​យ៉ាង​គំហុក​។ ជនរងគ្រោះ​ត្រូវបាន​ក្រុម​សមត្ថកិច្ច​អន្តរាគមន៍​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​ដើម្បី​ពិនិត្យ​ព្យាបាល​។ ដោយឡែក​អ្នកភូមិ​ ២ ​នាក់​ទៀត​បាន​បាត់​ខ្លួន​នៅ​មិន​ទាន់​រកឃើញ​នៅឡើយ​ទេ​។ លោក​បញ្ជាក់​ថា​៖ «​យើង​មិន​ធ្លាប់​ជួប​ហេតុការណ៍​បែបនេះ​ទេ​កាលពី​មុន​»​។

ទាក់ទង​នឹង​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​គ្រោះទឹកជំនន់ ខណៈ​ភ្លៀង​កំពុង​បន្ត​ធ្លាក់​នៅ​ផ្នែក​ខាង​លើ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​។

សេចក្ដី​ជូនដំណឹង​គូសបញ្ជាក់​ថា​៖ «​ដោយ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​នៅ​ផ្ទៃ​រង​ទឹកភ្លៀង​ភាគ​ខាង​លើ​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង ធ្វើឲ្យ​ទំនប់ទឹក​ទី​ ៥ ​បាន​ហូរហៀរ​បណ្តាល​ឲ្យ​មាន​ការលិច​បន្ទប់​បញ្ជា​ផ្នែក​មេកានិក...​ភ្ជាប់​នឹង​បញ្ហា​នេះ​ក្រសួង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់ និង​តំបន់​ទំនាប​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​»​។

ដោយឡែក​នៅ​ខេត្ត​កំពង់ធំ ជំនន់​ទឹកភ្លៀង និង​ទឹក​ស្ទឹងសែន​បាន​ជន់លិច និង​បង្ក​ផលប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ ១០៣៦ ​គ្រួសារ និង​ប៉ះពាល់​ដំណាំ​ស្រូវ​ ១៤៧៣ ​ហិកតា​ព្រមទាំង​បាន​ធ្វើឲ្យ​ពលរដ្ឋ​យ៉ាងតិច​ ២ ​នាក់​ស្លាប់​។ នេះ​បើ​យោង​តាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក​បាន​ថ្លែង​ថា​នៅពេលនេះ​ជំនន់​ទឹកទន្លេ​មេគង្គ​បាន​ស្រក​ចុះ​ទៅ​វិញ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ចាក់​ពី​លើ​ភ្នំ និង​ប្រព័ន្ធ​ដៃ​បឹង​ទន្លេសាប​កំពុង​បង្ក​ឲ្យ​មាន​ការជន់​លិច​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ទំនាប​កណ្ដាល​នៃ​បឹង​ទន្លេសាប​។

លោក​បញ្ជាក់ថា​៖ «​គ្រោះ​ទឹកជំនន់​គិត​ត្រឹម​ថ្ងៃ​ ១៧ ខែ​កញ្ញា​ [​ម្សិលមិញ​] ​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៣ ​នាក់​ស្លាប់ និង​បង្ក​ការខូចខាត​ដំណាំ​ស្រូវ​សរុប​ជាង ១៣ ០០០ ហិកតា​ ក្នុង​ចំណោម​ដំណាំ​ស្រូវ​ជាង ៣៥ ០០០ ​ហិកតា​ ដែល​បាន​ជន់​លិច​តាំងពី​ដើម​ខែ​កញ្ញា​នេះ​»​។

លោក កែវ វី បាន​ថ្លែង​ថា​ទោះ​ជា​បែបណា តួលេខ​នេះ​នៅ​មិនទាន់​រាប់បញ្ចូល​អំពី​ផលប៉ះពាល់​ដោយ​ទឹកជំនន់​នៅក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​នោះទេ​៕