បាត់ដំបងៈ អភិបាលខេត្ត​បាត់ដំបង​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ចុះ​បិទ​លូបង្ហូរទឹក​ស្អុយ​ចូល​ទៅក្នុង​ស្ទឹង​សង្កែ​ដែល​ជា​ស្ទឹង​ប្រវត្តិសាស្ដ្រ​ដ៏ល្បីល្បាញ​របស់​ខេត្តបាត់ដំបង​។ ការបិទ​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​យុវជន​ និង​ព្រះសង្ឃ​បាន​បង្ហោះ​វីដេអូ​បង្ហាញពី​ការហូរ​ទឹកស្អុយ​ចូល​ស្ទឹង ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

លោក​ ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ ថា កាលពី​ថ្ងៃទី​ ៧ មីនា លោក​បាន​បញ្ជា​ឱ្យ​បិទ​លូ​ដែល​បាន​បង្ហូរ​ទឹកស្អុយ​ចូលក្នុង​ស្ទឹង​សង្កែ ហើយ​បាន​បូមទឹក​ស្អុយ​នៅក្នុង​លូ​នោះ​ទៅ​ដាក់​នៅក្នុង​អាង ដែល​ស្ថិតនៅ​ខាងក្រៅ​ក្រុង​វិញ​។ លោក​បញ្ជាក់ថា មានតែ​លូទឹកស្អុយ​តែមួយ​ប៉ុណ្ណោះ បង្ហូរ​ចូល​ស្ទឹង​សង្កែ​ដែល​លូ​នេះ​បន្សល់ទុក​តាំងពី​សម័យ​បារាំង​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​ស្មានថា​វា​ហូរ​តិច តែ​តាមពិត​វា​ហូរ​ច្រើន​ដែរ ប៉ុន្តែ​ពី​ដើមមក​វា​គ្រាន់តែ​ជ្រាប​តិចៗ​ទេ​។ មានតែ​លូ​ ១ ​ច្រក​ហ្នឹង ដែល​ហូរ​ចូល​ស្ទឹង​»​។

កាលពី​ថ្ងៃទី​ ៦ ​ខែមីនា ព្រះសង្ឃ​ និង​យុវជន​នៃ​អតីត​អង្គការ​មាតា​ធម្មជាតិ បាន​ស្នើ​ឱ្យ​លោក​ ងួន រតនៈ ចាត់​វិធានការ​ដោះស្រាយ​លូបង្ហូរទឹក​ស្អុយ​ហូរ​ចូល​ស្ទឹង​សង្កែ ដោយ​មិន​បាន​ឆ្លងកាត់​ការ​ចម្រោះ​ឱ្យបាន​ត្រឹមត្រូវ​។

នៅក្នុង​វីដេអូ​មាន​រយៈពេល​ ២ ​នាទី​បង្ហោះ​នៅតាម​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ៦ ​មីនា ព្រះសង្ឃ​ និង​យុវជន​អះអាង​ថា ទឹកស្អុយ​នោះ​បាន​ហូរ​ចេញពី​មន្ទីរពេទ្យ សណ្ឋាគារ និង​ផ្ទះសំណាក់​ដែល​ផ្ទុក​ទៅដោយ​បាក់តេរី​ និង​ប៉ារ៉ាស៊ីត បង្ក​គ្រោះថ្នាក់​ដល់​សុខភាព អ្នកនេសាទ​ត្រី​នៅក្នុង​ស្ទឹង​យកទៅ​បរិភោគ​ និង​ពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹកស្ទឹង​ជាប្រចាំ​ថ្ងៃ​។

ព្រះសង្ឃ​ ១ ​អង្គ​មាន​សង្ឃដីកា​ក្នុង​វីដេអូ​នោះ​ថា​៖ «​យោងទៅតាម​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដែល​យើង​បាន​យក​សំណាក​ទឹក​ទាំងនេះ​ទៅ​ពិសោធ​ទទួល​បាន​លទ្ធផល​ថា មាន​ផ្ទុក​នូវ​សារធាតុ​ដ៏គ្រោះថ្នាក់​បំផុត ដូចជា E-coli និង trichomonas intestinalis​។ សារធាតុ​ទាំងនេះ​បង្ក​គ្រោះថ្នាក់​សុខភាព​ដែល​បរិភោគ​ត្រី​មកពី​ស្ទឹង​សង្កែ បង្ក​ការគំរាមកំហែង​ដល់​អាយុជីវិត​អ្នកប្រើប្រាស់ ទឹកស្ទឹង​ជាប្រចាំ​ថ្ងៃ​។ ជារួម​អ្នក​ចូលចិត្ត​ហែល​ទឹកស្ទឹង ជាពិសេស​គឺ​កុមារ​»​។

Escherichia coli (​ហៅ​កាត់​ថា E. coli) គឺជា​បាក់តេរី​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​បរិស្ថាន អាហារ និង​ពោះវៀន​របស់​មនុស្ស​ និង​សត្វ​។ E. coli គឺជា​ក្រុម​ធំ​ និង​ចម្រុះ​នៃ​បាក់តេរី​។ ទោះបីជា​ប្រភេទ​នៃ​វីរុស E. coli ភាគច្រើន​គ្មាន​គ្រោះថ្នាក់​ក៏ដោយ ប៉ុន្តែ​បាក់តេរី​ខ្លះ​អាច​ធ្វើឱ្យ​ឈឺ និង​ខ្លះទៀត​ធ្វើឱ្យ​រាក ខូច​តម្រងនោម ផ្លូវដង្ហើម រលាក​សួត និង​ជំងឺ​ដទៃទៀត​។

លោក​ កត បូរ៉ាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​បានលើកឡើង​ដែរ​ថា លូបង្ហូរទឹក​ស្អុយ​នេះ​ត្រូវបាន​បិទ​មិនឱ្យ​ហូរ​ចូល​ស្ទឹង​តាំងពី​យូរណាស់​មកហើយ​។ ប៉ុន្តែ​ដោយសារ​ទឹកស្ទឹង​កើនឡើង​ខ្លាំង​កាលពី​រដូវវស្សា​ឆ្នាំ​មុននេះ បានធ្វើឱ្យ​ទំនប់​ដែល​បិទ​លូ​បាក់បែក​ និង​ធ្លាយ​ទឹកស្អុយ​ហូរ​ចូលមក​ក្នុង​ស្ទឹង​នៅពេល​នេះ​។

លោក​បញ្ជាក់ថា​៖ «​ពី​ដើម​មក លូ​ហ្នឹង​គេ​បិទ​មិនឱ្យ​ហូរ​ទេ តែ​ជ្រាបៗ​តិចៗ ហើយ​ដល់​ពេល​ទឹកជំនន់​ឡើង​មក វា​ហូរ​តាម​លូ​ហ្នឹង​ទៅ​លិច​ខេត្ត​។ ដល់​អ៊ីចឹង​នៅពេល​ទឹកជំនន់​ឡើង​ខ្លាំង វា​ធ្វើឱ្យ​ទំនប់​យើង​បិទ​ហ្នឹង វា​ខូច​»​។

លោក​ឲ្យ​ដឹងថា កន្លងមក​ទឹកស្អុយ​ទាំងអស់​គឺ​មិន​ត្រូវបាន​បង្ហូរ​ចូល​ទៅក្នុង​ស្ទឹង​សង្កែ​នោះទេ ដោយ​បាន​បង្ហូរ​ទៅកាន់​អាង​ប្រតិកម្ម​ទឹក​កខ្វក់​មួយ​ដែល​ស្ថិតនៅ​ខាងក្រៅ​ក្រុង​ទំហំ​ប្រហែល​ ១៥០ ​ម៉ែត្រ​ ៤ ​ជ្រុង ដើម្បី​បន្សុទ្ធ​មុននឹង​បញ្ចេញ​ទឹក​ទាំងនោះ​ទៅ​កាន់​វាលស្រែ​របស់​ពលរដ្ឋ​៕